Skip to content

សូមចូលរួមតម្កើង និងថែទាំព្រឹទ្ធាចារ្យ ឯម ធាយ ទេវនាដនិមិ្មតខ្មែរ «មរតកមនុស្សរស់»

ក្នុងអាយុ 81 វស្សា លោកស្រីព្រឹទ្ធាចារ្យ ឯម ធាយ ទេវនាដនិមិ្មតខ្មែរ បានទទួលងារ “មរតកមនុស្សរស់” ផ្តល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អង្គការយូណេស្កូកម្ពុជា។ ស្នាដៃរបស់លោកស្រីព្រឹទ្ធាចារ្យ ឯម ធាយ ត្រូវបានទទួលស្គាល់តាមរយៈភាពអស្ចារ្យនៃការសម្តែងនូវរបាំព្រះរាជទ្រព្យ និងការខិតខំប្រឹងប្រែងរបស់លោកស្រីព្រឹទ្ធាចារ្យ និងកិច្ចខិតខំប្រឹងប្រែងចែករំលែកនូវចំណេះដឹងទាំងនេះដល់យុវជន យុវតីជំនាន់ក្រោយ។

គួររំឭកដែរថា ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានក្រាស​ផ្សព្វផ្សាយ​​ព្រះ​រាជ​ក្រឹត្យផ្តល់​​គោរម​ងារ​ថ្នាក់​​ជាតិ​ដល់​ព្រឹទ្ធា​ចារ្យ​សិល្បៈ​ចំនួន​១៧​រូប​ដែល​ត្រូវបាន​ចាត់​ទុក​ថា ជា​មរត​កនៃ​មនុស្សរស់ ​​នាថ្ងៃទី9 ខែមករា ​ឆ្នាំ 2013។

យោងតាម​​ព្រះរាជក្រឹត្យ​​ដែល​មាន​ឡាយ​ព្រះ​ហស្ថ​​​លេខា​របស់​ព្រះ​មហា​ក្សត្រ​​ខ្មែរ​ព្រះ​បាទ​នរោត្តម សីហមុនី ​បាន​ត្រាស់​បង្គាប់​ផ្តល់​គោរម​​ងារ​ថ្នាក់​ជាតិ​ថ្វាយ​​ និង​ជូន​ព្រឹទ្ធា​ចារ្យ​ចំនួន17​រូប ក្នុងនោះ​មាន​​ព្រឹទ្ធា​ចារ្យ​​សិល្បៈ​សម្តេច​ព្រះ​រាជ​បុត្រី​​ នរោត្តម បុប្ផា​ទេវី ជាទេព​​​នា​ដ​វដ្តី​ឯក ព្រឹទ្ធា​ចារ្យ​ ឆេង ផុន​ជា​ទេព​បញ្ញា​កោស​ល្យ​វិជ្ជា ព្រឹទ្ធា​ចារ្យ​សិល្បៈ ចាន់ ស៊ឹម ​ជា​​វឌ្ឍកីទេព​និម្មិត ព្រឹទ្ធាចារ្យ​សិល្បៈ ​ជេត ចន ជា​ទេព​និម្មិត​​វិចិត្រ ​ព្រឹទ្ធា​ចារ្យ​សិល្បៈ​ ឯម ធាយ ​ជា​ទេវនាដ​និម្មិត​ ព្រឹទ្ធាចារ្យ​​សិល្បៈ​​ រស់ គង់ ជា​វិសេស​នាដ​ការី​វិជ្ជា ព្រឹទ្ធាចារ្យ​សិល្បៈ គង់ ​ណៃ ជា​កោសល្យ​វោហារ ព្រឹទ្ធាចារ្យ​​សិល្បៈ ប្រាជ្ញ ឈួន ជា​ភិរម្យ​វោហារ ព្រឹទ្ធាចារ្យ ជា ហ៊ា ជា​នាដ​កោសល្យ​វិជ្ជា ព្រឹទ្ធា​ចារ្យ​សិល្បៈ សុខ ឌុច ជា​កោសល្យ​តន្ត្រីវិជ្ជាធរ ព្រឹទ្ធាចារ្យ​​សិល្បៈ ​អ៊ុំ ​សាមិត្ត ជានាដ​ភក្តី​និម្មិត ​ព្រឹទ្ធា​ចារ្យ​សិល្បៈ ព្រីង សាឃន ជា​នាដ​កោសល្យ​វដ្តី ព្រឹទ្ធាចារ្យ​​សិល្បៈ​ ពៀក ចាប៉ិច ជាវោហារ​កោសល្យ​វដ្តី ព្រឹទ្ធាចារ្យ ជិត ជន ជា​គរុពហុ​ស្សូត ព្រឹទ្ធាចារ្យ ទេព ផុន ជាវិជ្ជា​ធម្ម​គរុ ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ ជា​កោសល្យ​​វិជ្ជា​គរុ ​និង​ព្រឹទ្ធាចារ្យ ទា វ៉ាន ជា​បញ្ញា​កោសល្យ​វិជ្ជា ។

សូមគោរពមេត្តាចូលរួមលើកតម្កើង និងថែទាំចំពោះលោកព្រឹទ្ធាចារ្យ និងលោកស្រីព្រឹទ្ធាចារ្យ ដែលជាមរកតមនុស្សរស់ គ្រប់ៗរូប ក៏ដូចជាចូលរួមទទួលយកនូវចំណេះដឹងទាំងអស់ពីលោក ដើម្បីបន្តវេននូវមរតកវប្បធ៌ អរិយធម៌ដ៏ថ្លៃថ្លានេះ ។ សូមលំឱនកាយគោរពជូនពរចំពោះ វិរសិល្បករ វីរសិល្បការិនី គ្រប់ៗរូប ជាពិសេស លោកស្រីព្រឹទ្ធាចារ្យ ឯម ធាយ ទេវនាដនិមិ្មតខ្មែរ ទទួលបាននូវពុទ្ធពរទាំង៤ប្រកាសកុំបីឃ្លៀងឃ្លាតឡើយ ៕

វីដេអូខាងក្រោម ពិពណ៌នាអំពីសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌អរូបីមួយនេះ។

Leave a Reply

Your email address will not be published. Required fields are marked *