ក្នុងរយៈពេល 11ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ2018នេះ កម្ពុជាទទួលបានចំនួន104,527,531ដុល្លារពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរដែលចំនួននេះបានកើនឡើង 9.27%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017។ នេះបើតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ។
ប៉ុន្តែនៅក្នុងតួលេខចំនួនភ្ញៀវទេសចរបរទេសដែលបានទិញប័ណ្ណចូលទស្សនាអង្គរសម្រាប់ខែវិច្ឆិកាមានចំនួន 233,125នាក់ ដែលចំនួននេះមានការថយចុះ 6.46%។
រីឯចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ខែវិច្ឆិកា មានចំនួន10,599,604ដុល្លារ មានការថយចុះ7,40% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017។
របាយការណ៍ក៏បានបញ្ជាក់ឱ្យដឹងថា នៅរយៈពេល 11ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសបានទិញប័ណ្ណចូលទស្សនាអង្គរ ចំនួន 2,323,168នាក់ ចំនួននេះមានកំណើន 6.09%។
រីឯចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់រយៈពេល 11ខែដូចគ្នានេះមានចំនួន104,527,531ដុល្លារ កើនឡើង 9.27% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017។
បើតាមរបាយការណ៍ដដែល ចំណូលដែលទទួលបានជាង 104លានដុល្លារនេះ រាជរដ្ឋាភិបាលបានបរិច្ចាគចំនួន 4,646,336ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផាដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា 3ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា 1ថ្ងៃ មានតម្លៃ 37ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា 3ថ្ងៃ មានតម្លៃ 62ដុល្លារ និងមានសុពលភាព 10ថ្ងៃ។
* ប្រភេទប័ណ្ណចូលទស្សនា 7ថ្ងៃ មានតម្លៃ 72ដុល្លារ និងមានសុពលភាព 1ខែ៕