រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសរុបចំនួន 353,276ដុល្លារអាមេរិក សម្រាប់ជួយដល់ការអភិវឌ្ឍលើវិស័យសុខាភិបាល, វិស័យអប់រំ និងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមការឱ្យដឹងពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ពិធីចុះហត្ថលេខាសម្រាប់ការផ្តល់ជំនួយឥតសំណងនេះបានធ្វើឡើងនៅថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2018 នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងស្ថាប័នចំនួន4 តំណាងឱ្យភាគីកម្ពុជា។
ទឹកប្រាក់ជំនួយឥតសំណងទាំងនេះនឹងគាំទ្រដល់មន្ទីរចំនួន4 នៅកម្ពុជាដែលស្ថិតក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចនៃសន្តិសុខមនុស្សជាតិរួមមាន៖
-មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ថវិកាចំនួន 88,995ដុល្លារ
-មន្ទីរសុខាភិបាលខេត្តតាកែវ ថវិកាចំនួន 87,304ដុល្លារ
-មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល ថវិកាចំនួន 8,9162ដុល្លារ
-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ថវិកាចំនួន 87,810ដុល្លារ។
សូមបញ្ជាក់ថា ជំនួយឥតសំណង គូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមផ្តល់ឱ្យប្រទេសកម្ពុជា នៅឆ្នាំ1991 ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមមូលដ្ឋាន។
គម្រោងផ្តល់ជំនួយនេះ មានទិសដៅការពារដល់ជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសលដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍ផងដែរ។
ចាប់តាំងពីឆ្នាំ1991មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង 58លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិ ចំនួន 594គម្រោងនៅទូទាំងប្រទេសកម្ពុជា៕