ខ្សែបម្រើ Luka Modric របស់ក្លិប Real Madrid បានបញ្ចប់ការគ្រប់គ្រងកន្លងមករបស់ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ដើម្បីឈ្នះពានរង្វាន់បាល់មាស Ballon d’Or ឆ្នាំ2018។
Modric ដែលបានជួយឱ្យ Real ឈ្នះពានក្របខ័ណ្ឌ Champions League 3លើកជាប់ៗគ្នា និងឈានទៅ World Cup វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី នៅរដូវក្តៅនេះ បានបញ្ចប់ឆ្នាំ2018 តាមរយៈការឈ្នះពានកិត្តិយសដែលមានវ័យចំណាស់ជាងគេបំផុតរបស់អឺរ៉ុបក្នុងកម្មវិធីមួយកាលពីថ្ងៃចន្ទ។
Modric ដែលបានទទួលពានរង្វាន់នេះ ពីអតីតខ្សែប្រយុទ្ធអន្តរជាតិបារាំង David Ginola ក្នុងអំឡុងកម្មវិធីដ៏អធិកអធមមួយនៅ Grand Palais ក្នុងទីក្រុងប៉ារីសនោះ បានឱ្យដឹងថា៖ «កាលពីនៅជាក្មេងម្នាក់ យើងទាំងអស់គ្នាតែងតែមានក្តីសុបិន។ សុបិនរបស់ខ្ញុំគឺការលេងឱ្យក្លិបដ៏ធំមួយ និងឈ្នះពានរង្វាន់សំខាន់ៗជាច្រើន។ Ballon d’Or គឺលើសពីក្តីសុបិនទៅទៀតសម្រាប់ខ្ញុំ ហើយវាពិតជាមានកិត្តិយសណាស់ក្នុងការឈ្នះពានរង្វាន់នេះ»។
Ronaldo បានស្ថិតក្នុងចំណាត់ថ្នាក់លេខ2 ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann របស់ក្លិប Atletico Madrid បានស្ថិតក្នុងចំណាត់ថ្នាក់លេខ3។ ខ្សែប្រយុទ្ធវ័យក្មេង KylianMbappe របស់ក្លិប Paris Saint-Germain បានស្ថិតក្នុងចំណាត់ថ្នាក់លេខ4 ដើម្បីធ្វើឱ្យ Messi ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ5។
កីឡាកររបស់បារាំងម្នាក់ទៀត គឺខ្សែការពារ Raphael Varane ដែលជាមិត្តរួមក្លិបរបស់ Modric បានស្ថិតក្នុងចំណាត់ថ្នាក់លេខ7 ពីក្រោយខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah របស់ក្លិប Liverpool។ Mbappe ដែលនឹងឈានចូលវ័យ 20ឆ្នាំនៅចុងខែនេះ បានឈ្នះពានរង្វាន់លួងចិត្ត គឺពានកីឡាករវ័យក្មេងឆ្នើមបំផុត Kopa Trophy។
កម្មវិធីដ៏ឱឡារិកនេះ ក៏បានផ្តល់ពានរង្វាន់ Ballon d’Or សម្រាប់កីឡាការិនីជាលើកទី1ផងដែរ ខណៈដែលកីឡាការិនីខ្សែប្រយុទ្ធអន្តរជាតិន័រវែស Ada Hegerberg របស់ក្លិប Lyon ជាអ្នកឈ្នះពាននេះ៕