គ្រាប់បាល់នៅនាទីបន្ថែមពីសំណាក់ខ្សែប្រយុទ្ធបម្រុង DivockOrigi របស់ Liverpool បានកាត់សេចក្តីការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Merseyside តែមួយ និងបានជួយឱ្យក្រុមរបស់លោក Jurgen Klopp រក្សាការដេញតាមពីក្រោយក្រុម Manchester City យ៉ាងប្រកៀកនៅលើតារាងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។
ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 1-0 បានជួយឱ្យក្រុម Liverpool បន្តការមិនស្គាល់ចាញ់ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Merseyside នៃក្របខ័ណ្ឌ Premier League រហូតដល់ទៅ 16ប្រកួត បើទោះបីគ្រាប់បាល់ឈ្នះនោះបានបង្កើតឱ្យមានការរំភើបដ៏មិននឹកស្មានដល់។ ស្របពេលជាមួយគ្នានេះ លោក Klopp បានសុំការអភ័យទោសសម្រាប់ការរត់ទៅកាន់ទីលានប្រកួតក្នុងអារម្មណ៍ដ៏រំភើបរីករាយ ក្រោយពីគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតរបស់ Liverpool នាកីឡដ្ឋាន Anfield។
លោក Klopp បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំត្រូវតែសុំការអភ័យទោស ពីព្រោះខ្ញុំមិនចង់គ្មានការគោរពឡើយ ប៉ុន្តែ ខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងបានទេ…វាបានកើតឡើងដោយក្ដីរំភើប ការប្រកួតនោះមានភាពស្វិតស្វាញដ៏មិនគួរឱ្យជឿ…ក្រុមទាំង2 មានឱកាសដូចគ្នា អ្នកចាំទីទាំង 2ក្រុម បានបំពេញតួនាទីយ៉ាងល្អ។ ទីបំផុត វាបានក្លាយជាគ្រាប់បាល់ដ៏ចម្លែកមួយ»។
ការប្រកួតនេះហាក់ដូចជាត្រូវបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 ទៅហើយ រហូតដល់នាទីទី96 ដែលនៅពេលនោះ Virgil van Dijk បានស៊ុតបាល់សំដៅទីរបស់ក្រុម Everton ខណៈដែលបាល់នោះហាក់នឹងត្រូវហោះឡើងទៅលើ។ ប៉ុន្តែ អ្នកចាំទី Jordan Pickford របស់ក្រុម Everton បានប៉ាន់ស្មានខុស ហើយស្របពេលដែលបាល់ហាក់ដូចជាត្រូវប៉ះទៅនឹងរបារទី អ្នកចាំទីរបស់អង់គ្លេសរូបនេះ បានរុញបាល់ចេញ និងមកធ្លាក់ចំក្បាលរបស់ DivockOrigi ដែលបានតែតចូលបំប៉ោងសំណាញ់ទីយ៉ាងងាយ ដើម្បីជួយឱ្យក្រុមរបស់គេទទួលជ័យជម្នះ 1-0 កាលពីថ្ងៃអាទិត្យតែម្តង៕
ប្រភព៖ Sport24