កីឡាករ Deontay Wilder និង Tyson Fury បានបញ្ចប់ក្នុងលទ្ធផលស្មើដ៏ចម្រូងចម្រាសក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ WBC ទម្ងន់ធ្ងន់របស់ពួកគេ កាលពីថ្ងៃសៅរ៍ដែលនាំឱ្យមានការទាមទារភ្លាមៗពីកីឡាករទាំង2 ឱ្យមានការប្រកួតសងសឹក។
Wilder ដែលបានការពារខ្សែក្រវាត់ WBC របស់ខ្លួន ក្រោយពីការប្រកួត 12ទឹកនោះ បានវាយឱ្យ Fury ដួលទៅលើសង្វៀនចំនួន 2លើក នៅលើសង្វៀន Staples Center ក្នុងទីក្រុង Los Angeles ប៉ុន្តែ មិនអាចយកឈ្នះដោយការវាយឱ្យគូប្រកួតសន្លប់ដូចដែលរូបគេបានសន្យាឡើយ។
ចៅក្រម 3នាក់ បានផ្តល់ពិន្ទុ 3ផ្សេងគ្នា ដោយចៅក្រមទី1 បានផ្តល់ពិន្ទុឈ្នះ 115-111 ដល់ Wilder ខណៈដែលចៅក្រមម្នាក់ទៀតបានផ្តល់ពិន្ទុឈ្នះ 114-112 ដល់ Fury ហើយចៅក្រមទី3 បានផ្តល់ពិន្ទុស្មើ 113-113។ ប៉ុន្តែ ការផ្តល់ពិន្ទុនេះ បានផ្តល់នូវការរិះគន់ផ្សេងៗ ខណៈដែលមនុស្សជាច្រើនបានគិតថា Fury គួរតែទទួលបានជ័យជម្នះ។
Wilder បាននិយាយបន្ទាប់ពីការប្រកួតថា៖ «ខ្ញុំគិតថា ខ្ញុំបានឈ្នះការប្រកួតនេះ ក្រោយពីបានផ្តួលគូប្រកួតឱ្យដួល 2លើក។ យើងបានបង្ហាញពីស្មារតីប្រកួតនៅរាត្រីនេះថា យើងសុទ្ធសឹងជាអ្នកប្រយុទ្ធដូចគ្នា ប៉ុន្តែជាមួយនឹងការវាយឱ្យដួល 2លើក ខ្ញុំបានឈ្នះការប្រកួតនោះ»។
Wilder ដែលនៅតែរក្សាការមិនស្គាល់ចាញ់ក្រោយពីការប្រកួត 41លើកនោះ បានអំពាវនាវឱ្យមានការប្រកួតសងសឹកភ្លាម។ Wilder បានបញ្ជាក់ថា៖ «ខ្ញុំនឹងពេញចិត្តក្នុងការរៀបចំឱ្យមានការប្រកួតសងសឹក សូមផ្តល់ឱ្យអ្នកគាំទ្រនូវអ្វីដែលពួកគេចង់ឃើញ វាគឺជាការប្រកួតដ៏អស្ចារ្យមួយ អ៊ីចឹងត្រូវរៀបចំឱ្យមានការប្រកួតម្តងទៀត»៕
ប្រភពពី៖ The Guardian