វិស័យការងារជារឿងសំខាន់សម្រាប់ប្រទេសនីមួយៗ ព្រោះវាជាផ្នែកមិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ចជាតិមិនថារោងចក្រសហគ្រាស ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ ឬកសិកម្មនោះទេ កម្លាំងពលកម្មក្នុងស្រុកជាធាតុផ្សំចម្បងដើម្បីជំរុញឱ្យមានការអភិវឌ្ឍ និងសម្បូរបែប។
នៅកម្ពុជា ការធ្វើចំណាកស្រុកនៅតែជាចំណោទធំមួយសម្រាប់ការអភិវឌ្ឍ ព្រោះប្រជាជននៅតាមបណ្តាខេត្តដាច់ស្រយាលមួយចំនួនមិនសូវនិយមបម្រើការងារនៅក្នុងតំបន់របស់ខ្លួននោះទេ តែភាគច្រើនបានឆ្លងដែនទៅធ្វើការងារនៅប្រទេសជិតខាង ដែលធ្វើឱ្យចង្វាក់ផលិតកម្មក្នុងស្រុកបែរជាខ្វះមនុស្សធ្វើការងារទៅវិញ។ ការឆ្លងដែន ទៅធ្វើការងារនៅក្រៅប្រទេសនេះត្រូវបានអ្នកជំនាញការងារមើលឃើញថា វាអាចបណ្តាលមកពីប្រជាជនទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយឬមកពីប្រជាជនក្នុងតំបន់មិនទាន់ដឹងច្បាស់ពីទីផ្សារការងារក្នុងខេត្ត ឬកន្លែងរស់នៅរបស់គាត់ផ្ទាល់។
លោកស្រី ញ៉ឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបង បានថ្លែងនៅឯវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងថាពិព័រណ៍ការងារជាផ្នែកមួយក្នុងការលើកកម្ពស់ទីផ្សារការងារនៅក្នុងខេត្ត តាមរយៈការជួយយុវជនឱ្យទទួលបានភាពងាយស្រួលក្នុងការចាប់យកឱកាសការងារ។ និយោជកអាចជ្រើសរើសបុគ្គលិកស្របតាមតម្រូវការក្នុងវិស័យនានា ក៏ដូចជាចូលរួមកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថានទៅក្រៅប្រទេស។
ការធ្វើពិព័រណ៍ការងារនៅតាមបណ្តាខេត្តនានាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន បានឃើញពីតម្លៃនៃការធ្វើការងារនៅក្នុងស្រុក ការបណ្តុះបណ្តាលជំនាញ និងមានភាពជឿជាក់កាន់តែខ្លាំងថាខ្លួនអាចនឹងមានឱកាសធ្វើការងារដែលស្របទៅតាមចំណេះដឹង និងទេព-កោសល្យបានដោយមិនចាំបាច់ធ្វើចំណាកស្រុកនោះទេ។ នៅពេលយុវជនមើលឃើញពីឱកាសទាំងអស់នោះហើយ គាត់នឹងមិនមានភាពរារែកនោះទេក្នុងការ-បន្តការសិក្សាអំពីជំនាញបច្ចេកទេស ឬជំនាញសេវាកម្មដែលតំបន់របស់គាត់ត្រូវការ។
ក្រោយពេលតំបន់នីមួយៗមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់ធ្វើការងារក្នុងក្រុមហ៊ុន និងរោងចក្រសហគ្រាសធំៗហើយ វាអាចនឹងចាប់ផ្តើមមានភាពងាយស្រួលក្នុងការពង្រីកខ្លួនទៅកាន់តំបន់ឆ្ងាយៗនៅកម្ពុជា ដែលកត្តានេះជាចំណុចវិជ្ជមានមួយក្នុងការតភ្ជាប់តំបន់ប្រជុំជន និងតំបន់ដាច់ស្រយាល។ លើសពីនេះទៅទៀត វាក៏ជាចំណុចចាប់ផ្តើមក្នុងការទាក់ទាញអ្នកដែលមានជំនាញតិច ឬអ្នកកំពុងធ្វើការងារនៅបរទេសឱ្យងាកមកចាប់អារម្មណ៍លើការងារក្នុងស្រុកវិញ៕