មិនត្រឹមតែវិនិយោគិនចិន និងជប៉ុនប៉ុណ្ណោះទេបច្ចុប្បន្នមានវិនិយោគិនកូរ៉េដល់ទៅជិត 2ពាន់ក្រុមហ៊ុនឯណោះបាននាំគ្នាចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដោយសារតែកម្ពុជាមានស្ថិរភាពសេដ្ឋកិច្ចកាន់តែរឹងមាំ ពិសេសរាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយអនុគ្រោះពន្ធដល់អ្នកវិនិយោគបរទេស ដែលនឹងផ្តល់ឱកាសឱ្យពួកគេអាចរកប្រាក់ចំណេញបានកាន់តែច្រើនត្រឡប់ទៅវិញ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា កត្តាសំខាន់ដែលជំរុញឱ្យវិនិយោគិនចំនួនជិត 2,000ក្រុមហ៊ុនបានចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា គឺដោយសារកម្ពុជាមានភាពអនុគ្រោះពន្ធនាំចេញ-នាំចូល និងមានការកែទម្រង់ស៊ីជម្រៅលើវិស័យពន្ធដារជាច្រើន។
ដើម្បីឱ្យពួកគេយល់កាន់តែច្បាស់អំពីវិស័យពន្ធដារនៅកម្ពុជា និងគោលនយោបាយអនុគ្រោះពន្ធនាំចេញ-នាំចូលរបស់រដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានជួបជាមួយគណៈប្រតិភូកូរ៉េមួយក្រុម ដឹកនាំដោយសមាគមអ្នករកទទួលទានរបស់កូរ៉េដើម្បីពង្រឹងការផ្តល់សេវាដល់អ្នកជាប់ពន្ធឱ្យបានយល់ និងឈានទៅសហការជាមួយសមាគមវិនិយោគកូរ៉េ (KOTRA) ឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីជំរុញឱ្យអ្នកជាប់ពន្ធ ឬអ្នកវិនិយោគមកពីប្រទេសកូរ៉េយល់ពីកាតព្វកិច្ច និងយល់ដឹងច្បាប់ស្តីពីសារពើពន្ធរបស់កម្ពុជាកាន់តែច្បាស់ឡើង។
ឯកឧត្តមបញ្ជាក់ថា៖ “អគ្គនាយកដ្ឋានពន្ធដារតែងតែគិតគូរជានិច្ចដើម្បីពង្រឹងកាតព្វកិច្ចស្តីពីការបង់ពន្ធ និងការធ្វើឱ្យមានតម្លាភាពលើផ្នែកច្បាប់ និងការអនុវត្តច្បាប់នៅកម្ពុជា ជាពិសេសបង្កើនភាពទាក់ទាញអ្នកវិនិយោគទុនមកពីប្រទេសកូរ៉េមកវិនិយោគនៅប្រទេសកម្ពុជាឱ្យកាន់តែច្រើន ខណៈដែលប្រទេសយើងមានភាពអនុគ្រោះពន្ធនាំចេញ-នាំចូល និងមានការកែទម្រង់នៅលើវិស័យពន្ធដារជាច្រើន”។ វត្តមានរបស់វិនិយោគិនកូរ៉េ គឺបានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយដើម្បីបង្កលក្ខណៈងាយស្រួល និងជំរុញការប្រកួតប្រជែងដោយស្មើភាពក្នុងចំណោមក្រុមហ៊ុន-សហគ្រាសនានានោះ ក្នុងរយៈពេល 6ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារតែងខិតខំធ្វើទំនើបកម្មពន្ធដារឱ្យកាន់តែប្រសើរឡើងជាប់ជានិច្ច។
ឯកឧត្តម OHNAK YOUNG ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានថ្លែងដោយក្តីរីករាយដែល អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបើកចំហបង្ហាញពីការប្រមូលពន្ធដោយស្មើភាព និងផ្តល់ឱ្យវិនិយោគិនកូរ៉េបានយល់ច្បាស់អំពីច្បាប់កម្ពុជា ជាពិសេសការអនុគ្រោះលើពន្ធនាំចេញនាំចូលតែម្តង ដែលនេះជាឱកាសផ្តល់ឱ្យវិនិយោគិនបរទេសអាចរកប្រាក់ចំណេញបានច្រើន។ ជាមួយគ្នានេះឯកឧត្តមក៏បានថ្លែងអបអរសាទរចំពោះស្ថិរភាពសេដ្ឋកិច្ចកម្ពុជា 7% ក្នុងរយៈពេល 2ទសវត្សរ៍ចុងក្រោយ ដែលជាកត្តាផ្តល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិនបរទេសក្នុងការចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើង។
ការចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើននេះ គឺជាចលករដ៏សំខាន់ក្នុងការរុញច្រានល្បឿនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនលឿនឡើងៗ និងជាកត្តាសំខាន់ជួយឱ្យចំណូលប្រជាពលរដ្ឋកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋខ្មែរមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។ តាមការព្យាកររបស់ធនាគារពិភពលោកបានបង្ហាញថា ឆ្នាំ2019 ខាងមុខសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជាងឆ្នាំមុនៗ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកូរ៉េកំពុងវិនិយោគលើគម្រោងធំៗជាច្រើននៅកម្ពុជា ដូចជាក្រុមហ៊ុន YUNWOO កំពុងវិនិយោគសាងសង់អគារ Gold Tower42, Booyoung Town, Decastle Condo, CAMKO CITY និងគម្រោងជាច្រើនទៀត ហើយកាលពីមួយទសវត្សរ៍មុន កូរ៉េជាប្រទេសនាំមុខគេក្នុងការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ គិតរហូតមកដល់ពេលនេះ កម្ពុជាទទួលបានអ្នកវិនិយោគទុនកូរ៉េចំនួន1,666ក្រុមហ៊ុន ហើយកម្ពុជាប្រមូលពន្ធពីអ្នកវិនិយោគបានចំនួន 50លានដុល្លារក្នុងឆ្នាំ2018 នេះ៕