លោក Jurgen Klopp ត្រូវតែប្រមូលស្មារតីដែលបានបែកបាករបស់ក្រុម Liverpool ត្រឡប់មកវិញ ខណៈដែលក្រុមហង្សក្រហមមួយនេះសម្លឹងរកការស្តារមុខមាត់ត្រឡប់មកវិញ ពីការខកចិត្តក្នុងក្របខ័ណ្ឌអឺរ៉ុបរបស់ពួកគេ ក្នុងការប្រកួតដ៏សំខាន់រវាងក្រុមស្ថិតក្នុងទីក្រុង Merseyside គឺ Everton នៅថ្ងៃអាទិត្យនេះ។
លោក Marco Silva នឹងដឹកនាំក្រុម Everon ទៅកាន់កីឡដ្ឋាន Anfield ខណៈដែលក្រុមមានឯកសណ្ឋានពណ៌ខៀវ នឹងសម្លឹងរកជ័យជម្នះជាលើកទី1 របស់ពួកគេ នៅលើទឹកដីអ្នកជិតខាងរបស់ខ្លួន បើគិតចាប់តាំងពីឆ្នាំ1999។
Everton នឹងឈានទៅកាន់ការប្រកួតនៅចុងសប្តាហ៍នេះ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ នៅលើតារាងក្របខ័ណ្ឌ Premier League ក្រោយពីដណ្តើមបានជ័យជម្នះ5លើក និងរងបរាជ័យត្រឹមតែ1លើកគត់ ក្នុងការប្រកួត៧លើកចុងក្រោយរបស់ពួកគេ។
សុទិដ្ឋិនិយមរបស់ពួកគេមានភាពផ្ទុយគ្នាស្រឡះទៅនឹងសញ្ញានៃការជួបបញ្ហាជាលើកទី១ក្នុងក្រុមរបស់លោក Klopp នៅរដូវកាលនេះ។ ស្របពេលដែលក្រុម Liverpool នៅតែមិនស្គាល់ចាញ់សោះក្នុងការប្រកួតលីក និងកំពុងតែដេញតាមពីក្រោយក្រុម Manchester City 2ពិន្ទុ នៅមុនពេលការប្រកួតនៅចុងសប្តាហ៍នេះ ការរងបរាជ័យក្រៅដីជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Champions League វគ្គចែកពូលរបស់ពួកគេនៅលើទឹកដីក្រុម Red Star Belgrade និង Paris Saint-Germain បានបង្កើតឲ្យមានសំណួរទាក់នឹងសក្កានុពលនៃការប្រជែងពានរបស់ពួកគេ។
Roberto Firmino គឺជាសមាជិកចុងក្រោយនៃតំបន់ប្រយុទ្ធដ៏មុតស្រួចកាលពីរដូវកាលមុនរបស់ Liverpool ដែលធ្លាក់ចូលក្នុងការរិះគន់ ក្រោយពីចាញក្រុម PSG 2-1 កាលពីថ្ងៃពុធ ដែលធ្វើឲ្យពួកគេប្រឈមុខនឹងការប្រកួតជុំចុងក្រោយដ៏សំខាន់ជាមួយនឹង Napoli ខណៈពួកគេសម្លឹងរកការឈ្នះកៅអីទៅវគ្គបន្ត។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង11:15យប់៕
ប្រភពពី៖ Channel News Asia