ការប្រកួតជើងទី2នៃពាន Copa Libertadores វគ្គផ្តាច់ព្រ័ត្ររវាងក្រុម Boca Juniors និង River Plate នឹងត្រូវប្តូរទៅកាន់ចម្ងាយដ៏ឆ្ងាយពោលគឺច្រើនជាង 9656គីឡូម៉ែត្រពីប្រទេសអាហ្សង់ទីន ទៅកាន់កីឡដ្ឋាន Bernabeu របស់ក្លិប Real Madrid។
ការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Buenos Aires តែមួយមួយនេះ ត្រូវបានពន្យាពេលកាលពីចុងសប្តាហ៍មុននេះ ក្រោយពីការវាយប្រហារមួយទៅលើរថយន្តក្រុងរបស់ក្រុម Boca ដោយអ្នកគាំទ្ររបស់ក្លិប River Plate។
កីឡាករមួយចំនួនរបស់ក្រុម Boca បានរងរបួស ដោយសារតែកម្ទេចកញ្ចក់ដែលបែក ហើយក៏ត្រូវបានរងឥទ្ធិពលពីឧស្ម័នបង្ហូរទឹកភ្នែកដែលត្រូវបានប្រើប្រាស់ដោយប៉ូលិស ដើម្បីបំបែកក្រុមមនុស្ស។
ការប្រកួតនេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី9 ខែធ្នូ។ ការប្រកួតដណ្តើមពាន Copa Libertadores គឺជាយុទ្ធនាការកំពូលរបស់ក្លិបនៅអាមេរិកខាងត្បូង ដែលមានកម្រិតស្មើនឹងក្របខ័ណ្ឌ Champions League នៅអឺរ៉ុប។
ក្រុមអ្នកគាំទ្ររបស់ក្លិបទាំងនេះ នឹងត្រូវផ្តល់ចំនួនសំបុត្រស្មើគ្នា សម្រាប់ការប្រកួតក្នុងរដ្ឋធានីរបស់អេស្ប៉ាញ។ អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់អាមេរិកខាងត្បូងហៅកាត់ថា Conmebol បានច្រានចោលការតវ៉ារបស់ក្រុម Boca ឲ្យបានរង្វាន់ពានដល់ពួកគេ ដោយមិនចាំបាច់លេង។
ការប្រកួតនេះ ត្រូវបានចាត់ទុកថា ជាការប្រកួតកម្រិតក្លិបដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររយ់ពេល 127ឆ្នាំនៃកីឡាបាល់ទាត់អាហ្សង់ទីន ហើយការប្រកួតជើងទី1បានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2៕
ប្រភពពី៖ BBC