ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បានបញ្ជាក់កាលពីថ្ងៃពុធថា តូក្យូ គឺជាទីក្រុងម្ចាស់ផ្ទះអូឡាំពិកដែលមានការត្រៀមខ្លួនបានយ៉ាងល្អបំផុតតាមដែលលោកអាចចងចាំបាន ខណៈដែលនៅសល់រយៈពេលជាង 600ថ្ងៃទៀត ទើបឈានដល់ថ្ងៃបើកការប្រកួតអូឡាំពិកឆ្នាំ2020។
ក្នុងពេលនិយាយទៅកាន់មន្ត្រីតំណាងឱ្យគណៈកម្មាធិការអូឡាំពិកទាំង 2016នាក់ មកពីទូទាំងពិភពលោក លោក Bach បានកត់សម្គាល់ថា លោកបានជួប «បទពិសោធមិនមានសំណាងជាច្រើន» ជាមួយនឹងការត្រៀមខ្លួនផ្សេងៗនៃព្រឹត្តិការណ៍កីឡាអូឡាំពិក។ ប៉ុន្តែលោកបានបន្ថែមថា៖ «ខ្ញុំមិនអាចនឹកឃើញទីក្រុងម្ចាស់ផ្ទះណាមួយដែលមកទល់ពេលនេះ មានការត្រៀមលក្ខណៈល្អ ក្នុងរយៈពេលត្រឹមតែ2ឆ្នាំមុនព្រឹត្តិការណ៍អូឡាំពិកដូចទីក្រុងតូក្យូឡើយ…»។
ជប៉ុនបានពង្រឹងកេរិ៍្តឈ្មោះរបស់ខ្លួនយ៉ាងល្អសម្រាប់ប្រសិទ្ធភាព ខណៈដែលគម្រោងសាងសង់ជាទូទៅ សុទ្ធសឹងស្ថិតក្នុងកម្រិតដែលបានគ្រោងទុក។ ទោះបីជាយ៉ាងណា នៅមានក្ដីកង្វល់ជាច្រើនជុំវិញកម្តៅថ្ងៃនៅរដូវក្តៅក្នុងទីក្រុងតូក្យូ ដែលនឹងជះឥទ្ធិពលដល់វិញ្ញាសាជាច្រើន ដូចជាការរត់ម៉ារ៉ាតុង និងការប្រណាំងដើរជាដើម។
ជាមួយគ្នានេះ វាក៏មានជម្លោះមួយចំនួនជុំវិញការចំណាយក្នុងអូឡាំពិកដែលត្រូវបានបែងចែករវាងគណៈកម្មាធិការរៀបចំអូឡាំពិក អភិបាលក្រុងតូក្យូ និងអភិបាលកណ្តាល ស្របពេលដែលមានការមិនយល់ស្របគ្នាជុំវិញការចំណាយទាក់ទងនឹងអូឡាំពិកផងដែរ។
បើយោងតាមគម្រោងថវិកាចុងក្រោយបំផុត ដែលជាគម្រោងរបស់ម្ចាស់ផ្ទះរៀបចំការប្រកួតបានបង្ហាញថា ការចំណាយសរុបរបស់កីឡាអូឡាំពិក មានចំនួនប្រមាណជា 12ពាន់លានដុល្លារអាមេរិក៕
ប្រភពពី៖ Channel News Asia