ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid និងក្រុម Juventus របស់ Cristiano Ronaldo បានស្ថិតក្នុងចំណោមក្រុមទាំង7 ដែលបានឈានទៅកាន់វគ្គ 16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ខណៈពេលដែលគ្រាប់បាល់តាមស្មើនៅពេលជិតបញ្ចប់ការប្រកួតរបស់ខ្សែប្រយុទ្ធ Sergio Aguero នៅលើទឹកដីក្រុម Lyon ក៏បានជួយឱ្យក្រុម Man City បានទៅវគ្គបន្តដែរ។
ក្រុម Bayern Munich បានលត់ក្រុម Benfica យ៉ាងចាស់ដៃក្នុងលទ្ធផល 5-1 ដើម្បីកក់កៅអីរបស់ពួកគេទៅវគ្គបន្ត និងដើម្បីកាត់បន្ថយសម្ពាធរបស់លោកគ្រូបង្វឹក Niko Kovac ផង។ ក្រោយពីបានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ខ្សែប្រយុទ្ធ Arjen Robben បានឱ្យដឹងថា៖ «វាជាជ័យជម្នះដ៏គួរឱ្យជឿជាក់មួយ ហើយនោះគឺជាអ្វីដែលយើងត្រូវការនៅពេលនេះ»។
Roma ក៏នឹងឈានទៅវគ្គបន្តផងដែរ បើទោះបីចាញ់ក្នុងលទ្ធផល 2-០ ក្រោមស្នាដៃក្រុម Real Madrid ក៏ដោយ ខណៈពេលដែលអតីតម្ចាស់ជើងឯកអឺរ៉ុប Ajax បានយកឈ្នះលើក្រុម AEK Athens ក្នុងលទ្ធផល 2-០ ដើម្បីកក់កៅអីរបស់ខ្លួនទៅវគ្គ 16ក្រុមចុងក្រោយ។
ការបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 របស់ក្រុម Man City នៅលើទឹកដីក្រុម Lyon ក្នុងការប្រកួតពូល F បានជួយឱ្យពួកគេទៅវគ្គបន្ត ខណៈដែលក្រុម Shakhtar Donetsk បានរក្សាក្តីសង្ឃឹមរបស់ខ្លួនក្នុងការទៅវគ្គបន្ត តាមរយៈការរកបានគ្រាប់បាល់ឈ្នះនៅលើទឹកដីក្រុមដែលនៅសល់សមាជិកតែ 10នាក់ Hoffenheim ដែលបានបញ្ចប់ក្នុងលទ្ធផលឈ្នះ 3-2។
ក្រុម Manchester United ក៏បានឈ្នះកៅអីរបស់ពួកគេទៅវគ្គបន្តផងដែរ ក្រោយពីបានយកឈ្នះលើក្រុម Young Boys ក្នុងលទ្ធផល 1-0 នៅកីឡដ្ឋាន Old Trafford៕
ប្រភពពី៖ Sport24