ភ្នំពេញ៖ ទំហំឥណទានរបស់ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ក្នុងរយៈពេល ៤ខែនេះ កើនឡើងតិចតួចបំផុត ដែលមិនធ្លាប់មាន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ី បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃសោរ៍ថា ដោយសារប្រជាពលរដ្ឋព្រួយបារម្ភពីការបោះឆ្នោត និងផលរបរកសិកម្មរបស់ពួកគាត់មានតម្លៃទាប បានធ្វើឲ្យការខ្ចីឥណទានមានកំណើនតិចតួចនាឆ្នាំនេះ ផ្ទុយទៅវិញចំនួននៃការដាក់ប្រាក់បញ្ញើបានកើនឡើង ព្រោះប្រជាពលរដ្ឋពួកគេមិនចង់បញ្ចេញប្រាក់វិនិយោគ ក៏បានសម្រេចចិត្តយកប្រាក់មកដាក់បញ្ញើដើម្បីទទួលបានអត្រាការប្រាក់ជំនួសវិញ។
ជាក់ស្តែងឥណទានរបស់ អេស៊ីលីដា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះមានទឹកប្រាក់ ២៩លានដុល្លារ កើនឡើង១,១៩ភាគរយ ដោយទំហំឥណទានសរុបបានកើនពី ២៧៧១លានដុល្លារ ដល់ ២៨០០លានដុល្លារ។ ចំណែកប្រាក់បញ្ញើបានកើនចំនួន ១៧៦លានដុល្លារ ស្មើនឹងកំណើន ៦ភាគរយ ដោយទំហំទឹកប្រាក់សរុបបានកើនពី ៣០៥១លាន ដល់ ៣២២៧លានដុល្លារអាមេរិក។
លោក អ៉ិន ចាន់នី បានបន្តថា ប្រសិនជាគិតកំណើនរយៈពេលពេញមួយឆ្នាំ ការដាក់ប្រាក់បញ្ញើអាចកើនឡើងដល់ ១៨ភាគរយ ហើយការប្រើប្រាស់ឥណទានក៏អាចមានការប្រែប្រួលផងដែរ។ កំណើនឥណទានទាបបែបនេះ មិនមែនដោយសារមូលហេតុដែលរដ្ឋាភិបាលបានដាក់ “របារ” អត្រាការប្រាក់មកត្រឹម១៨ភាគរយនោះទេ ប៉ុន្តែអាស្រ័យលើការប្រកបរបររបស់ប្រជាពលរដ្ឋមានភាពអំណោយផលឬអត់ប៉ុណ្ណោះ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា បន្ទាប់ពីមានការរឹតបន្តឹងលើបទប្បញ្ញត្តិមួយចំនួនពីធនាគារជាតិ បានធ្វើឲ្យកំណើនឥណទានបានថមថយល្បឿន ដែលជាសញ្ញាល្អនៃសេដ្ឋកិច្ចជាតិ ប៉ុន្តែការដាក់បទប្បញ្ញត្តិនានាក៏មានការប្រុងប្រយ័ត្នផងដែរ ព្រោះសេដ្ឋកិច្ចត្រូវការលុយដើម្បីផលិត ដូច្នេះប្រសិនជាមានការរឹតបន្តឹងមូលនិធិខ្លាំងពេក ក៏អាចរកផលប៉ះពាល់ផងដែរ ហេតុនេះការថ្លឹងថ្លែងបញ្ហានេះមានសារៈសំខាន់ណាស់។
លោកបន្តថា “ការផ្តល់ឥណទាន ឬទំហំឥណទាន គេត្រូវវាស់ជាមួយនឹងផលទុនជាតិសរុប ប្រសិនជាទំហំឥណទានកើនស្មើឬលើសផលទុនជាតិសរុបវានឹងមានគ្រោះថ្នាក់ ឬហានិភ័យដល់សេដ្ឋកិច្ចជាតិ”។ លោកបន្តថា“ដោយសារកំណើនឥណទានលឿនពេក និងដោយសារព្រួយបារម្ភពីបញ្ហានេះហើយ ទើបធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវបទប្បញ្ញត្តិមួយចំនួនដើម្បីទប់ស្កាត់ហានិភ័យអ្វីមួយកើតឡើង”៕