ជាទូទៅសហគ្រិនដែលមានបំណងចង់ពង្រីកអាជីវកម្មតែងគិតថា ជម្រើសមានតែមួយគត់គឺប្រាក់កម្ចីពីធនាគារ ប៉ុន្ដែបច្ចុប្បន្នយើងមានប្រភពហិរញ្ញប្បទានមួយទៀត គឺការបោះភាគហ៊ុនចូលទៅក្នុងផ្សារមូលបត្រដើម្បីទទួលប្រមូលដើមទុនពីម្ចាស់ហ៊ុនផ្សេងទៀត។
ដូច្នេះប្រភពហិរញ្ញប្បទានដែលកម្ពុជាមានបច្ចុប្បន្នគឺទី1ប្រព័ន្ធធនាគារ និងទី2ទីផ្សារមូលបត្រ ដែលក្នុងនោះប្រព័ន្ធធនាគារ គឺជាប្រភពហិរញ្ញប្បទានមួយដែលកំពុងតែដើរតួសំខាន់ក្នុងការផ្ដល់ទុនសម្រាប់ការវិនិយោគ។ ចំណែកឯទីផ្សារមូលបត្រវិញ គឺជាប្រភពហិរញ្ញប្បទានថ្មីមួយនៅកម្ពុជាសម្រាប់សហគ្រាសនានាដែលត្រូវការទុនក្នុងការពង្រីកអាជីវកម្ម។
ប៉ុន្តែការវិនិយោគលើមូលបត្រ ជាការវិនិយោគមានហានិភ័យខ្ពស់ ដែលវិនិយោគិនគួរពិនិត្យ ពិចារណាចំពោះព័ត៌មានទាំងឡាយដែលមាននៅក្នុងឯកសារ ជាពិសេសកត្តាហានិភ័យ។ ករណីបើសិនមានហានិភ័យណាមួយកើតឡើង ស្ថានភាពធុរកិច្ច ឬស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាចទទួលរងផលប៉ះពាល់ជាអវិជ្ជមាន ដែលនាំឱ្យតម្លៃរបស់មូលបត្រមានការធ្លាក់ចុះ ហើយវិនិយោគិនដែលបានវិនិយោគលើមូលបត្រនេះ អាចនឹងខាតបង់ការវិនិយោគមួយផ្នែក ឬទាំងស្រុង។ នេះបើតាមលោក ហោ ស៊ីម៉េត នាយកប្រតិបត្ដិការ និងហិរញ្ញវត្ថុនៃធនាគារអេស៊ីលីដា ដែលបានមានប្រសាសន៍ពាក់ព័ន្ធនឹងការវិនិយោគលើមូលបត្រ ភាពប្រឈមនឹងហានិភ័យមួយចំនួនដែលអាចមានដូចខាងក្រោម៖
1. ហានិភ័យអត្រាប្ដូរប្រាក់៖ កត្តានេះកើតឡើងដោយសារមានការប្រែប្រួលនៃអត្រាប្ដូរប្រាក់រវាងរូបិយប័ណ្ណមួយ ជាមួយនឹងរូបិយប័ណ្ណមួយទៀត។ ភាគហ៊ុននៅស្រុកខ្មែរ គេជួញដូរជាប្រាក់រៀល ប៉ុន្តែប្រជាជនខ្មែរភាគច្រើនសន្សំទុកលុយដុល្លារច្រើនជាងលុយខ្មែរ។ ដូច្នេះបើចង់ទិញភាគហ៊ុន ក៏ត្រូវតែបង្ខំចិត្តប្តូរជាលុយរៀល នោះគឺជាការខាតបង់មួយចំណែក។ ប្រសិនបើប្រាក់មានចំនួនច្រើន យើងក៏នឹងខាតច្រើនដែរ ព្រោះនៅពេលដែលយើងលក់ទៅវិញ យើងទទួលបានលុយរៀល រួចបើចង់ទុកជាលុយដុល្លារ គឺត្រូវប្ដូរម្ដងទៀត។
ដោយឡែក សម្រាប់អ្នកវិនិយោគបរទេសវិញ គឺពិតជាត្រូវប្រឈមខ្លាំង ព្រោះពួកគាត់ជាជនបរទេសហើយនៅពេលដែលគាត់មកស្រុកខ្មែរ គាត់យកលុយដុល្លារមក ឬអាចយករូបិយប័ណ្ណផ្សេងមក ដូច្នេះគាត់ត្រូវខាតច្រើន ប្រសិនបើអត្រាប្ដូរប្រាក់នៅក្នុងទីផ្សារមានការប្រែប្រួលខ្លាំង។ ថ្វីដ្បិតតែវិនិយោគិនអាចប្រឈមនឹងហានិភ័យនៃអត្រាប្តូរប្រាក់ក៏ពិតមែន តែទោះជាយ៉ាងណាក៏អត្រាប្ដូរប្រាក់រវាងប្រាក់រៀល និងដុល្លារ នៅមានស្ថិរភាពល្អនៅទីផ្សារនៃប្រទេសកម្ពុជា។
2. ហានិភ័យសន្ទនីយភាពសាច់ប្រាក់៖ ដោយសារតែទីផ្សារមូលបត្រនៅកម្ពុជានៅមានទំហំតូចនៅឡើយ ការជួញដូរ គឺនៅតិច និងពុំទាន់មានទំនុកចិត្តទាំងស្រុងពីសាធារណជន ដូច្នេះនៅពេលដែលយើងលក់វិញ គឺអាចនឹងលក់មិនដាច់។ ម្យ៉ាងវិញទៀតការដាក់កំហិតលើលទ្ធភាពរបស់វិនិយោគិនក្នុងការជួញដូរមូលបត្រ ឬក៏នៅពេលដែលចង់បាន វានៅមានតម្លៃថ្លៃ ដោយសារការកំណត់ការប្រែប្រួលតម្លៃប្រចាំថ្ងៃ។
3. ហានិភ័យពាក់ព័ន្ធនឹងបទប្បញ្ញត្តិ៖ លទ្ធភាពនៃការប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីពន្ធលើចំណូលមូលធន បច្ចុប្បន្នមិនទាន់មានច្បាប់ដែលដាក់ពន្ធលើចំណូលមូលធននៅឡើយ ប៉ុន្តែអាចនឹងមាននៅពេលអនាគត។ មួយទៀត ទាក់ទងនឹងពន្ធកាត់ទុកលើចំណូលភាគលាភរបស់ភាគហ៊ុនិកអភិវាសជនដែលសំដៅលើជនបរទេសដែលពួកគេអាចនឹងខាតបង់ទៅលើការបង់ពន្ធ7% និងក្នុងការលើកទឹកចិត្ត50%។
ទោះបីមានហានិភ័យមួយចំនួនក្ដី លោក រស់ ស៊ីលវ៉ា អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា វិស័យមូលបត្រនឹងគាំទ្រកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ វានឹងអនុញ្ញាតឱ្យរដ្ឋាភិបាលបង្កើនមូលធនក្នុងរូបិយប័ណ្ណក្នុងស្រុក និងបង្កើតការវិនិយោគដែលមានហានិភ័យទាបសម្រាប់វិនិយោគិន និងស្ថាប័នដូចជាធនាគារពាណិជ្ជក្រុមហ៊ុនធានារ៉ាប់រង និងមូលនិធិសោធនជាដើម។
ហេតុនេះទើបបច្នុប្បន្នទីផ្សារភាគហ៊ុនកំពុងទទួលបានការចាប់អារម្មណ៍ ជាពិសេសក្រុមហ៊ុនដែលបានចុះបញ្ជី និងលក់ភាគហ៊ុននៅក្នុងទីផ្សារមូលបត្រកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ តាមការវិនិយោគលើវិស័យភាគហ៊ុននេះ។ អត្ថប្រយោជន៍ 6យ៉ាងនៃការវិនិយោគនៅផ្សារមូល-បត្រមានដូចជា៖
1. ទទួលបានប្រាក់ចំណេញពីការជួញដូរភាគហ៊ុន និងទទួលបានភាគលាភ៖ អត្ថប្រយោជន៍ចម្បងពីការវិនិយោគក្នុងទីផ្សារភាគហ៊ុន គឺឱកាសទទួលបានប្រាក់ចំណេញ។ ការវិនិយោគជាមួយក្រុមហ៊ុនដែលមានស្ថិរភាព និងសក្ដានុពលអាចនឹងធ្វើឱ្យវិនិយោគិនទទួលបានប្រាក់ចំណេញដោយទិញនៅពេលភាគហ៊ុនមានតម្លៃទាប ហើយលក់ទៅវិញនៅពេលភាគហ៊ុនឡើងថ្លៃ។ ប្រាក់ចំណូល ក្នុងទម្រង់ជាភាគលាភ ជាចំណែកនៃប្រាក់ចំណេញដែលក្រុមហ៊ុនរកបាន ហើយបង់ចំណែកនោះជូនវិនិយោគិនប្រចាំឆ្នាំ។
2. ជម្រើសល្អបំផុតសម្រាប់ការសន្សំ៖ ការវិនិយោគភាគហ៊ុនមានសារៈសំខាន់ណាស់ សម្រាប់សន្សំ និងវិនិយោគសម្រាប់អនាគត ហើយអ្នកជំនាញផ្នែកវិនិយោគភាគច្រើនក្នុងពិភពលោកសុទ្ធតែយល់ស្របថា ការវិនិយោគភាគហ៊ុនជាជម្រើសល្អបំផុតសម្រាប់ការសន្សំ ដោយសារតែភាគហ៊ុនជាជម្រើសសម្រាប់ការវិនិយោគដ៏ល្អមួយដែលអាចបង្កើនប្រាក់ក្នុងអត្រាចំណូលខ្ពស់ ជាងជម្រើសវិនិយោគផ្សេងៗទៀតក្នុងរយៈពេលវែង។
3. ការធ្វើពិពិធកម្ម (Diversification) ការធ្វើពិពិធកម្មទៅលើភាគហ៊ុន គឺជាបច្ចេកទេសមួយដែលអាចជួយកាត់បន្ថយហានិភ័យក្នុងការវិនិយោគ ដោយការបែងចែកទឹកប្រាក់វិនិយោគទៅលើឧបករណ៍ហិរញ្ញវត្ថុផ្សេងៗគ្នា ឬទៅលើក្រុមហ៊ុនផ្សេងៗគ្នា។ គោលបំណងនេះ គឺដើម្បីបង្កើនឱកាសទទួលបានប្រាក់ចំណេញពីការវិនិយោគក្នុងឧបករណ៍ហិរញ្ញវត្ថុច្រើនផ្សេងៗគ្នា។ ការធ្វើពិពិធកម្មដោយវិនិយោគភាគហ៊ុនអាចជួយវិនិយោគិនកាត់បន្ថយការខាតបង់ និងចៀសវាងការវិនិយោគ ដែលមានភាពអភិរក្សពេក។
4. ទទួលបានភាពជាម្ចាស់កម្មសិទ្ធិក្នុងក្រុមហ៊ុនជោគជ័យ៖ ការទិញភាគហ៊ុន គឺមានន័យថាលោកអ្នកទទួលយកចំណែកនៃភាពជាម្ចាស់កម្មសិទ្ធិពីក្រុមហ៊ុនដែលបានលក់ភាគហ៊ុន ហើយលោកអ្នកក៏មានសិទ្ធិទទួលបាននូវចំណែកនៃប្រាក់ចំណេញដែលក្រុមហ៊ុនទទួលបានផងដែរ។ ភាគហ៊ុនិកមានសិទ្ធិបោះឆ្នោត និងមានចំណែកចូលរួមសម្រេចចិត្តក្នុងអាជីវកម្មរបស់ក្រុមហ៊ុនតាមសមាមាត្រនៃភាគហ៊ុនដែលខ្លួនកាន់កាប់។
5. រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ៖ ការវិនិយោគភាគហ៊ុនរបស់វិនិយោគិន មិនគ្រាន់តែទទួលបានប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំងអាចជួយក្រុមហ៊ុនដែលបោះផ្សាយលក់ភាគហ៊ុនឱ្យទទួលបានដើមទុនបន្ថែមសម្រាប់ពង្រឹងអាជីវកម្ម និងសមត្ថភាពជួលបុគ្គលិកធ្វើការបន្ថែម។ ក្នុងន័យនេះ ការវិនិយោគភាគហ៊ុន គឺជាការចូលរួមចំណែកជួយបង្កើតការងារ និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។
6. ទីផ្សារភាគហ៊ុនជាឧបករណ៍វាស់ស្ទង់សេដ្ឋកិច្ច៖ ផ្សារភាគហ៊ុនត្រូវបានគេចាត់ទុកជាជីពចរនៃសេដ្ឋកិច្ច ឬជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស ដ្បិតទីផ្សារភាគហ៊ុនជាសូចនាករសេដ្ឋកិច្ចសំខាន់ដែលជាជំនួយសម្រាប់វិនិយោគិនក្នុងការរៀបចំ និងសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ ហើយទីផ្សារភាគហ៊ុនក៏អាចជួយពង្រីកចំណេះដឹងរបស់ប្រជាជនអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។
លោកស្រី ហ៊ លីគា នាយិកានៃនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាលអភិវឌ្ឍន៍ទីផ្សារមូលបត្របានមានប្រសាសន៍ថា តាមពិតទៅការវិនិយោគមួយណាក៏មានហានិភ័យដែរ។ ការវិនិយោគទៅលើមូលបត្រ បើប្រៀបធៀបការដាក់លុយនៅក្នុងធនាគារវាមានហានិភ័យខ្ពស់ជាងធនាគារ។
លោកស្រីបញ្ជាក់ថា តែប្រសិនបើប្រៀបធៀបជាមួយអចលនទ្រព្យ វាល្អជាង ព្រោះយើងមានហានិភ័យទាបជាង។ ដោយសារមូលហេតុថា នៅស្រុកគេអាចមានហានិភ័យខ្ពស់ ដោយសារតម្លៃប្រែប្រួលអត់មានដែនកំណត់ទេ ដោយឡែកនៅក្នុងស្រុកខ្មែរយើងវិញមានតម្លៃខ្ពស់បំផុត ជាឧទាហរណ៍ ថ្ងៃនេះថ្លៃ 5,000រៀលក្នុង1ហ៊ុន បើធ្លាក់ទាបបំផុត គឺត្រឹមតែ10% ដូច្នេះនៅសល់តែ4,500រៀលទេ ប៉ុន្តែបើថ្ងៃស្អែកឡើងថ្លៃ ខ្ពស់បំផុតគឺត្រឹមតែ10%ដូចគ្នា ដូច្នេះគឺ 5,500រៀល។
ពោលគឺនៅស្រុកខ្មែរ យើងកម្រិតថ្លៃនៃបម្រែបម្រួលប្រចាំថ្ងៃគឺត្រឹម10% ដែលធ្វើឱ្យការវិនិយោគនៃទីផ្សារភាគហ៊ុននៅស្រុកខ្មែរ មិនសូវមានហានិភ័យទេ គឺហានិភ័យមានទាបមែនទែន។ ការមានហានិភ័យខ្ពស់ គឺមាននៅតែស្រុកគេទេ ពីព្រោះស្រុកគេមិនមានកំណត់ដែនបម្រែបម្រួលថ្លៃនេះទេ។
ដូចជាតម្លៃភាគហ៊ុននៃក្រុមហ៊ុនមួយមានដំណើរការល្អ តែពេលណាមានពាក្យចចាមអារ៉ាមមិនល្អ ឬសេដ្ឋកិច្ចមានការប្រែប្រួល វានឹងធ្វើឱ្យទីផ្សារភាគហ៊ុនធ្លាក់ចុះភ្លាមៗ។ ដោយឡែកទីផ្សារនៅស្រុកខ្មែរយើង អត់អីទេ។ ការវិនិយោគក្នុងទីផ្សារមូលបត្រនៅស្រុកខ្មែរ មិនមានហានិភ័យខ្ពស់ទេដោយសារតែមូលហេតុ និងកត្តាខាងលើបានបញ្ជាក់ស្រាប់៕