តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រី ឆៃលី ដាឡែន បានបង្ហោះឱ្យដឹងថា ឪពុករបស់អ្នកនាង បានទទួលមរណភាពក្នុងវ័យ 68 ឆ្នាំ នៅយប់ថ្ងៃទី27 ខែ វិច្ឆិកា ឆ្នាំ 2018 វេលាម៉ោង10 និង20នាទីនោះ ដោយជំងឺគាំងបេះដូងតាំងដែលរាងកាយរឹងមាំ មិនទ្រុឌទ្រោមដូចមនុស្សចាស់ធម្មតាឡើយ។
លោក មឿន ឆៃ គឺជាម្ចាស់វង់តតន្ត្រីល្បីឈ្មោះប្រចាំនៅខេត្តបាត់ដំបង និងមានសកម្មភាពសកម្មចេញភ្លេងមិនដូចមនុស្សមានសុខភាពខ្សោយនោះទេ ទើបសូម្បីតែអ្នកស្គាល់រាប់អានអ្នកនាង ឆៃលី ដាឡែន ក៏រន្ធត់ចិត្តនៅពេលដែលដឹងថា ឪពុកស្រាប់តែគាំងបេះដូងស្លាប់ភ្លាមៗបែបនេះ។
អ្នកនាង ឆៃលី ដាឡែន ដែលមានឈ្មោះកំណើតថា មឿន ម៉ាឡែន បានបញ្ជាក់ទាំងរន្ធត់ថា អ្នកនាងពិតជាមិនអាចទទួលយកបាន ក្នុងពេលដែលឪពុករបស់អ្នកនាងដែលមានសុខភាពល្អមិនដែលមានបញ្ហាសុខភាពអ្វីពីមុនទាល់តែសោះ បែរជាទទួលមរណភាពដោយគាំងបេះដូងក្នុងវ័យ68ឆ្នាំ ធ្វើឱ្យគ្រួសាររបស់អ្នកនាងសឹងតែមិនទទួលយកបាន។ អ្នកនាងថាខ្លួនចេញពីភ្នំពេញទាំងយប់ ដោយទើបមកដល់ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី28 ខែ វិច្ឆិកា ដើម្បីរៀបចំបុណ្យសពឱ្យឪពុក។ អ្នកនាងបន្ដថា សពឪពុកនឹងតម្កល់ធ្វើបុណ្យនៅខេត្តបាត់ដំបង រហូតដល់ថ្ងៃសុក្រទី30 ខែ វិច្ឆិកា នឹងកំណត់បូជា ដោយអ្នកនាងស្នើឱ្យសាច់ញាតិបងប្អូន និងតារាសិល្បៈចូលរួមតាមការគួរ ដើម្បីជូនដំណើរឪពុកនាងលើកចុងក្រោយ ក្នុងគ្រាដែលឪពុកក៏មានស្នាដៃក្នុងវិស័យសិល្បៈ ដោយបានបណ្ដុះតារាចម្រៀងមិនតិចនាក់កន្លងមក តាមរយៈការបង្កើតវង់តន្ត្រីប្រចាំនៅខេត្តបាត់ដំបង៕