ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាកម្រិតខ្ពស់មួយស្តីពីការពិនិត្យតាមដានប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតដែលនឹងត្រូវអនុវត្តការដំឡើងប្រាក់ឈ្នួលដែលបានព្រមព្រៀងតាមច្បាប់នៅដើមឆ្នាំ2019 ខាងមុខនេះ។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទាំងអស់គឺដើម្បីធានាបាននូវយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលពិតជាមានសារប្រយោជន៍យ៉ាងខ្លាំង ក្នុងការធានាបាននូវភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំងធានាបាននូវស្ថិរភាព និរន្តរភាពនៃវិស័យពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគនៅប្រទេសកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា ការបន្តរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ក៏បានផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាល អាចអភិវឌ្ឍ និងពង្រីកបានជាបន្តបន្ទាប់នូវប្រព័ន្ធគាំពារសង្គមសម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ដោយបានដាក់ឱ្យអនុវត្តនូវរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានកំណត់ឱ្យនិយោជកជាអ្នកបង់វិភាគទាន100% ជំនួសកម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធចាប់តាំងពីខែមករា ឆ្នាំ2018 កន្លងមក។ លើសពីនេះ កម្មការិនីដែលសម្រាលកូនត្រូវទទួលបានការផ្តល់សាច់ប្រាក់ 40ម៉ឺនរៀលក្នុងកូនម្នាក់ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តមបានបន្តថា ទន្ទឹមនេះ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ជាបន្តបន្ទាប់ពីចំនួន 40ដុល្លារអាមេរិកក្នុងមួយខែចាប់តាំងពីឆ្នាំ1997 រហូតដល់182ដុល្លារអាមេរិកក្នុងមួយខែនៅឆ្នាំ2019 ខាងមុខនេះ បូកនឹងប្រាក់អត្ថប្រយោជន៍បន្ថែមផ្សេងៗទៀត កម្មករ និយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលជាមធ្យមពី 199-210ដុល្លារអាមេរិកក្នុងមួយខែ ដែលកម្រិតប្រាក់ឈ្នួលនេះបានជួយធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់កម្មករនិយោជិតកាន់តែល្អប្រសើរឡើង។
លោក Graeme Buckley នាយកប្រចាំតំបន់របស់អង្គការ ILO ប្រចាំនៅប្រទេសកម្ពុជា ថៃ និងឡាវ បានឱ្យដឹងថា សិក្ខាសាលាកម្រិតខ្ពស់នៅថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេសមួយកម្រិតទៀតលើការត្រួតពិនិត្យតាមដាន និងវាយតម្លៃប្រាក់ឈ្នួលអប្បបរមាដល់ភាគីរាជរដ្ឋាភិបាល ដែលជាសមាជិកគណៈកម្មការប្រឹក្សាការងារ និងក្រុមការងារបច្ចេកទេសចរចាប្រាក់ឈ្នួល ព្រមទាំងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីបង្កើតបណ្តុំសូចនាករតាមដាន និងវាយតម្លៃផលវិបាកនៃបម្រែបម្រួលប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តមរដ្ឋលេខាធិការក៏បានឱ្យដឹងដែរថា សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុបជាង 1ម៉ឺន 2ពាន់កន្លែង និងមានកម្មករនិយោជិតសរុបចំនួនជិត 1លាន 5សែននាក់។ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួនជិត 6សែនកន្លែង មានកម្មករចំនួនជាង 2លាន 4សែននាក់។ វិស័យកសិកម្មមានប្រមាណជាង 4លាននាក់ ពលករធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ 1លាន 2សែននាក់ និងមន្ត្រីសាធារណៈចំនួនប្រមាណជាង 5សែននាក់៕