បើទោះបីជាការអប់រំសម្រាប់ស្ត្រីលើពិភពលោកមានសភាពប្រសើរឡើងជាងមុនក៏ដោយ តែបច្ចុប្បន្ននេះស្ត្រីក្នុងប្រទេសមួយចំនួននៅមានបញ្ហាប្រឈមនៅឡើយចំពោះការទទួលយកចំណេះដឹង និងក្នុងវិស័យការងារ។ ស្ត្រីក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបាន និងកំពុងធ្វើការងារក្នុងរោងចក្រ សហគ្រាស និងការងារទាំងឡាយណាដែលត្រូវការជំនាញតិច ឬជំនាញវិជ្ជាជីវៈដើម្បីបំពេញបន្ថែមដល់ការងារផលិតកម្មមួយចំនួនប៉ុណ្ណោះ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ បដិវត្តន៍ឧស្សាហកម្មបានចូលមកដល់ ធ្វើឱ្យការងាររបស់មនុស្សទាំងឡាយណាដែលធ្វើដដែលៗនឹងត្រូវជំនួសដោយម៉ាស៊ីន។ មនុស្សនឹងត្រូវជំនួសកន្លែងដោយម៉ាស៊ីនដែលអាចធ្វើការងារបានដោយគ្មានពេលឈប់សម្រាក និងមិនចេះត្អូញត្អែរ។ សកម្មភាពនេះ ផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានសម្រាប់ពិភពលោក។ ផលវិជ្ជមាន គឺមនុស្សអាចបំពេញតម្រូវការគ្រប់បែបយ៉ាងក្នុងការផលិតដោយមិនបាច់ប្រើប្រាស់កម្លាំងពលកម្មច្រើនតទៅទៀត តែផលអវិជ្ជមាន ឬគុណវិបត្តិ គឺមនុស្សរាប់លាននាក់ដែលកំពុងធ្វើការងារដដែលៗនោះ អាចនឹងបាត់បង់ការងាររបស់ពួកគេ។
តាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញឱ្យឃើញថា បច្ចេកវិទ្យា AI និងសកម្មភាពស្វ័យប្រវត្តិកម្មនៃគ្រឿងម៉ាស៊ីន (automation) អាចបង្កើតហានិភ័យដល់ស្ត្រីខ្ពស់ជាងបុរសចំពោះការបាត់បង់ការងារ។ ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីចំនួន 11% ប្រឈមនឹងការបាត់បង់ការងារនៅពេលដែលម៉ាស៊ីនមកជំនួសមនុស្សបាន ស្របពេលដែលបុរសមានចំនួនត្រឹមតែ 9%ប៉ុណ្ណោះ។ តាមការប៉ាន់ស្មាន ស្ត្រីចំនួន 26លាននាក់ក្នុងប្រទេសចំនួន 30លើពិភពលោកអាចនឹងបាត់បង់ការងារដោយសារតែបច្ចេកវិទ្យា AI៕