កិច្ចព្រមព្រៀងសន្តិភាពដ៏ពេញលេញមួយរវាងកូរ៉េខាងជើង និងខាងត្បូង អាចនៅតែស្ថិតក្នុងផ្លូវដ៏វែងឆ្ងាយមួយក្នុងការឈានទៅដល់ ប៉ុន្តែប្រទេសជិតខាងទាំង2 បានបោះជំហានទៅមុខលើផ្លូវមួយផ្សេងទៀតខាងផ្នែកវប្បធម៌កាលពីថ្ងៃចន្ទ នៅពេលដែលពួកគេបានរួមកម្លាំងគ្នាដើម្បីធ្វើឱ្យប្រពៃណីក្បាច់ចំបាប់បុរាណរបស់ខ្លួនបានចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការសហប្រជាជាតិ (UN)។
កីឡាចំបាប់ Ssirum នៅកូរ៉េខាងជើង ឬ Ssireum នៅកូរ៉េខាងត្បូង មានប្រវត្តិតាំងពី 1,800ឆ្នាំមុន ប៉ុន្តែកីឡានេះនៅតែទាក់ទាញទស្សនិកជនជាច្រើនក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលមានការផ្សាយតាមកញ្ចក់ទូរទស្សន៍។
កាលពីថ្ងៃចន្ទ កីឡានេះត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់ UN ដែលត្រូវបានគេផ្តល់ឈ្មោះឱ្យថា «កេរតំណែលគ្មានរូបរាង» ក្រោយពីការផ្លាស់ប្តូរផ្នែកការទូតដោយអង្គការ UNESCO អស់រយៈពេលជាច្រើនខែរវាងកូរ៉េខាងជើង និងខាងត្បូង ខណៈដែលដំបូងឡើយប្រទេសទាំង2 បានដាក់ការស្នើសុំដាច់ដោយឡែកពីគ្នា។
លោក Audrey Azoulay ប្រធានអង្គការ UNESCO បានឱ្យដឹងថា៖ «ការស្នើសុំចុះបញ្ជីរួមគ្នានេះ បានបង្ហាញពីជំហានដ៏គួរឱ្យកត់សម្គាល់មួយនៅលើដំណើរផ្លូវនៃការរួបរួមគ្នារបស់អន្តរកូរ៉េ។ វាបានរំឭកឡើងវិញនូវការកសាងសន្តិភាពនៃបេតិកភណ្ឌវប្បធម៌»។ មន្ត្រីទូតផ្នែកវប្បធម៌ ត្រូវតែឆ្លងកាត់ឧបសគ្គជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងភាពផ្សេងគ្នានៃលិខិតស្នាមក្នុងការបកប្រែឈ្មោះរបស់កីឡានេះជាភាសាអង់គ្លេសផងដែរ៕
ប្រភពពី៖ Channel News Asia