ទោះជាបច្ចុប្បន្នកំណើននៃភោជនីយដ្ឋាននៅកម្ពុជាមានការកើនឡើងជាបន្ដបន្ទាប់ក្ដី ក៏ប្រធានសមាគមភោជនីយដ្ឋានកម្ពុជាបានលើកឡើងថា កំណើននៃភោជនីយដ្ឋានទាំងនោះមិនទាន់គ្រប់គ្រាន់សម្រាប់ទីផ្សារកម្ពុជាទេ។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងអ្នកយកព័ត៌មានប្រចាំកាសែត ឡារ៉ែន ពាណិជ្ជ ជាមួយលោក គួច សុខលី ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា៖
តើបច្ចុប្បន្នមានភោជនីយដ្ឋានចំនួនប៉ុន្មានដែលបានចូលជាសមាជិរបស់សមាគម?
សមាគមយើងមានសមាជិក 140 ក្រុមហ៊ុន ក្នុងនោះយើងមើលឃើញថា ក្នុងក្រុមហ៊ុនមួយមានឈ្មោះភោជនីយដ្ឋាន (ប្រ៊េនដ៍ៗ) 2 – 3 រីឯក្រុមហ៊ុនខ្លះទៀតក៏មានពី 5 – 10 ដែរ ដូច្នេះបើគិតពីចំនួនភោជនីយដ្ឋានវិញ គឺមានច្រើន ក្នុងនោះ 70% ជាប្រ៊េនដ៍មកពីក្រៅប្រទេស30% ជាប្រ៊េនដ៍ក្នុងស្រុក។
អតិថិជនដែលទៅទទួលទានអាហារ តើពួកគាត់ផ្ដោតលើភោជនីយដ្ឋានមានយីហោល្បីៗ ឬផ្ដោតលើរសជាតិ?
យើងមើលឃើញថា ជំហានដំបូងពួកគាត់ចាប់អារម្មណ៍លើរសជាតិអាហារ បន្ទាប់មកគាត់គិតពីតម្លៃ និងសេវាកម្ម ក្រៅពីនេះទើបគាត់ងាកទៅមើលលើទីកន្លែង និងបរិស្ថាន។ ទោះជាយ៉ាងណាភោជនីយដ្ឋានមានយីហោល្បីៗក៏ជាកត្តាសំខាន់ខ្លាំងណាស់ដែរ ព្រោះវាអាចងាយឱ្យអតិថិជនឆាប់ស្គាល់ ជាពិសេសនៅពេលពួកគាត់ចូលមកទទួលទានអាហារគាត់មានទំនុកចិត្ដទៅលើគុណភាពអាហារ អនាម័យ បរិស្ថានជាស្រេចហើយ។
តើការងាររបស់សមាគមភោជនីយដ្ឋានគ្របដណ្ដប់លើអ្វីខ្លះ?
សព្វថ្ងៃយើងធ្វើការងារគ្រប់ដណ្ដប់ទៅលើអាហារ ភេសជ្ជៈ កាហ្វេ ប៉ុន្ដែថ្មីៗនេះផ្នែកខាងកាហ្វេគេចង់បង្កើតសមាគមដាច់ដោយឡែកពីអាហារ ព្រោះគេតែងមានកម្មវិធីជាច្រើនបង្ហាញពីផលិតផលកាហ្វេ ប៉ុន្ដែចំពោះមុខនេះ ផលិតផលកាហ្វេស្ថិតនៅក្រោមសមាគមភោជនីយដ្ឋាននៅឡើយ។
មូលហេតុអ្វីបានជាភោជនីយដ្ឋាន Franchise ល្បីៗនៅបរទេសហូរចូលមកកម្ពុជា?
បើយើងមើលលើចំណុចនេះយើងគួរដឹងថា ក្រុមហ៊ុនធំៗមុននឹងចូលមកដាក់ទុនវិនិយោគនៅក្នុងប្រទេសណាមួយ ពិសេសកម្ពុជាគឺពួកគេបានសិក្សា ស្រាវជ្រាវយ៉ាងច្បាស់លាស់អំពីកម្ពុជា ដ្បិតអីប្រជាជនយើងមានចំនួនតិច ប៉ុន្ដែសក្ដានុពលនៃប្រទេសកម្ពុជាធំ បើយើងសង្កេតមើលប្រទេសសិង្ហបុរីប្រជាជនគេតិចមែនទែន តែគេនៅតែអាចធ្វើបាន។ ត្រឡប់មកវិញខ្ញុំគិតថា ដោយសារតែសម្លឹងឃើញពីសក្ដានុភាពរបស់កម្ពុជា ទើបភោជនីយដ្ឋានមាន Franchise ទាំងនោះចូលមកប្រទេសយើង។ គេអត់រង់ចាំទាល់តែដល់ពេលវេលា ឬរង់ចាំដល់ប្រជាពលរដ្ឋមានលទ្ធភាពសិននោះទេ គឺពួកគេមករង់ចាំមុនតែម្ដង ដោយសារតែពួកគេជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
តើភោជនីយដ្ឋាន Franchise ទាំងនោះផ្ដោតលើអតិថិជនប្រភេទណា?
ភាគច្រើនភោជនីយដ្ឋានប្រ៊េនដ៍ៗទាំងអស់ដែលចូលមកក្នុងប្រទេសកម្ពុជា គឺគេផ្ដោតទៅលើអតិថិជនក្នុងស្រុកមុនគេ ព្រោះចំនួនប្រជាជនក្នុងស្រុកមានច្រើនជាងភ្ញៀវទេសចរ។ ម្យ៉ាងទីផ្សារនៅក្នុងស្រុករបស់យើងភាគច្រើនជាយុវវ័យ ដែលជាអ្នកហ៊ានចាយលុយច្រើនទៅលើការទទួលទានអាហារនៅក្រៅផ្ទះ និងម្យ៉ាងដោយសារតែឥរិយាបថនៃការរស់នៅរបស់យុវជនយើងនិយមជួបជុំគ្នានៅខាងក្រៅផង។ កាលពីមុនយើងពិបាកជួបជុំគ្នានៅខាងក្រៅ សូម្បីទំនាក់ទំនងបណ្ដាញសង្គមក៏អត់មានដែរ ផ្ទុយទៅវិញបច្ចុប្បន្នទំនាក់ទំនងមានភាពងាយស្រួលដែលបង្កលក្ខណៈល្អក្នុងការណាត់ជួបគ្នានៅតាមភោជនីយដ្ឋានស្អាតៗ។
តើលោកគិតថាការផ្គត់ផ្គង់ក្នុងវិស័យភោជនីយដ្ឋានគ្រប់គ្រាន់ ឬលើសតម្រូវការហើយឬនៅ?
ខ្ញុំគិតថា ការផ្គត់ផ្គង់ភោជនីយដ្ឋាននៅកម្ពុជាពុំលើសតម្រូវការទេ ព្រោះដោយសាររបៀបរស់នៅរបស់ប្រជាជនកម្ពុជាមានការផ្លាស់ប្ដូរច្រើន ធ្វើឱ្យមានការកើនឡើងនៃអ្នកនិយមចេញទៅទទួលទានអាហារក្រៅផ្ទះជាមួយមិត្ដភ័ក្ដិ។ តាមរយៈសកម្មភាពហ្នឹងហើយដែលធ្វើឱ្យវិស័យភោជនីយដ្ឋានមានការកើនឡើងដែលយើងមើលឃើញថា នៅមិនទាន់គ្រប់គ្រាន់នោះ។ ផ្ទុយទៅវិញតាមរយៈកំណើនសេដ្ឋកិច្ចដែលរក្សានិរន្ដរភាពបាន កំណើនទេសចរណ៍ នឹងធ្វើឱ្យកម្ពុជាត្រូវការបន្ថែមនូវវិស័យសេវាកម្មអាហារដ្ឋាន និងភោជនីយដ្ឋាននេះ។
តើការហូរចូលភោជនីយដ្ឋានល្បីៗមកពីបរទេសអាចធ្វើឱ្យប៉ះពាល់ដល់អាហារដ្ឋានតាមផ្ទះទេ?
ខ្ញុំមិនគិតអ៊ីចឹងទេ។ ផ្ទុយទៅវិញខ្ញុំគិតថា ដល់ពេលនោះពួកគាត់នឹងមានការផ្លាស់ប្ដូរដោយខ្លួនឯង ព្រោះនៅពេលគាត់មើលឃើញពីសកម្មភាព និងសេវាកម្មដែលភោជនីយដ្ឋានល្អៗគេអនុវត្ដ គាត់នឹងអភិវឌ្ឍតាម ប្រសិនបើគាត់មិនមានការផ្លាស់ប្ដូរ ឬប្រឹងអភិវឌ្ឍតាមទេនោះ អាជីវកម្មរបស់គាត់នឹងប្រឈមនឹងហានិភ័យណាមួយមិនខាន៕