បើនិយាយពីវិស័យសិល្បៈថតរូប លោក ថៃ វ៉ាន់ថា ឬអ្នករាល់គ្នាធ្លាប់ស្គាល់គាត់ថា លោក Jerry Thai ជាបុគ្គលដ៏លេចធ្លោមួយរូបដែលបានបង្កើតស្នាដៃជាច្រើនក្នុងអាជីវកម្មថតរូប និងប្រព័ន្ធផ្សព្វផ្សាយ។ បើងាកមកមើលពីការជួយអភិវឌ្ឍយុវជនវិញក៏លោក Jerry Thai ជាបុគ្គលម្នាក់ដែលយុវជនភាគច្រើនស្គាល់ថាជាស្ថាបនិក និងវាគ្មិនកម្មវិធីចែករំលែកបទពិសោធល្អៗជាច្រើន រហូតដល់យុវជនខ្លះដែលផ្តើមពីជីវិតនិស្សិតយ៉ាងសាមញ្ញ ក្លាយទៅជាបុគ្គលសំខាន់ និងឈានទៅក្លាយជាសហគ្រិនទៀតផង។
នៅថ្ងៃនេះកាសែត ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសផ្ទាល់ជាមួយលោក Jerry Thai ស្ថាបនិកក្រុមហ៊ុន @homePhotography និង INSPIRED.Cambodia ដើម្បីចែករំលែកពីបទពិសោធក្នុងការធ្វើអាជីវកម្ម និងគំនិតល្អៗជាច្រើនក្នុងការដោះស្រាយបញ្ហាលំបាកៗដើម្បីកសាងអាជីវកម្មឱ្យរឹងមាំ។
1. តើលោកអាចប្រាប់បានទេពីចំណង់ចំណូលចិត្ត និងទេពកោសល្យផ្ទាល់ខ្លួនដែលលោកមានកាលពីក្មេង?
បើនិយាយពីប្រវតិ្តនៃការសិក្សា កាលពីក្មេងខ្ញុំចូលចិត្តបច្ចេកវិទ្យា និងបានចំណាយពេលវេលាច្រើនលើផ្នែកនេះ។ខ្ញុំធ្លាប់សិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន និងធ្វើការងារពាក់ព័ន្ធនឹងផ្នែកនេះតាំងពីឆ្នាំ90ជាងមកម្ល៉េះ គឺនៅពេលខ្ញុំរៀនឆ្នាំទី2 និងបន្ទាប់មក ក្រោយពីសិក្សាផ្នែកបច្ចេកវិទ្យាចប់ ខ្ញុំក៏បន្តការសិក្សាផ្នែកគ្រប់-គ្រងអាជីវកម្មនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង មុននឹងចេញមកបង្កើតអាជីវ-កម្មទាក់ទងនឹងផ្នែក Mediaដូចសព្វថ្ងៃនេះ។ កាលខ្ញុំធ្វើការលើបច្ចេកវិទ្យាដំបូងគឺប្រឡូកក្នុងការជួសជុល ការធ្វើកម្មវិធីទូរស័ព្ទ និងការងារផ្នែកបច្ចេកវិទ្យាដើម្បីជួយលើវិស័យអាជីវកម្មមួយចំនួនដែរ។កាលនោះខ្ញុំក៏មានអាជីវកម្មក្នុងក្រុមគ្រួសារដែរ គឺផលិតទឹកសុទ្ធ តែដូចយើងដឹងហើយថា អាជីវកម្មលក្ខណៈគ្រួសារមិនសូវត្រូវការប្រើប្រាស់បច្ចេកវិទ្យាប៉ុន្មានទេ ហេតុនេះដើម្បីទទួលបានបទពិសោធច្រើនលើផ្នែកបច្ចេកវិទ្យាខ្ញុំក៏បានចាប់ផ្តើមចូលធ្វើការងារឱ្យគេដើម្បី មានឱកាសសម្រាប់ក្រុមហ៊ុនធំ។ នៅឆ្នាំនោះខ្ញុំទទួលបានចំណូលច្រើនគួរសម តែអ្វីដែលខ្ញុំផ្តោតខ្លាំងគឺមិនមែនចំណូលទេ តែជាការវិនិយោគជាមួយអ្វីដែលខ្លួនឯងស្រឡាញ់ ទើបធ្វើឱ្យយើងរីកចម្រើនកាន់តែខ្លាំង និងស្គាល់បរិបទនៃការធ្វើការងារកាន់តែច្រើន។ ទន្ទឹមនឹងនោះខ្ញុំក៏ត្រូវបែងចែកពេលវេលាមួយចំនួនសម្រាប់ជួយដល់អាជីវកម្មក្នុងគ្រួសារផងដែរ ដែលកាលនោះខ្ញុំក៏បានធ្វើកម្មវិធីមួយចំនួនសម្រាប់គ្រប់គ្រងទិន្នន័យ និងសម្រួលដល់ការធ្វើអាជីវកម្មទឹកសុទ្ធនេះបានច្រើនគួរសមដែរ។
ចប់ពីការងារទាំងអស់នេះ ទើបខ្ញុំរកឃើញអ្វីដែលខ្លួនឯងចង់ធ្វើមួយទៀត នោះគឺខ្ញុំចូលចិត្តការថតរូប។ កាលនោះខ្ញុំគ្រាន់តែដឹងថា ខ្លួនឯងចូលចិត្តថតរូប តែមិនចូលចិត្តឱ្យគេថតទេ ហើយកាលនោះការរៀនផ្នែកថតរូបនេះក៏ដូចជាមិនសូវចេះប៉ុន្មានដែរ។ ក្រោយមកទើបចាប់ផ្តើមមានគំនិតមួយថា រឿងថតរូបនេះ មនុស្សលើពិភពលោកគេចេះអស់ហើយ ហេតុនេះយើងក៏អាចមានសមត្ថភាពរៀនវាបានដែរ ចំណុចសំខាន់គឺ ត្រូវជម្នះខ្លួនឯងឱ្យបាន ហើយចំណាយពេលវេលាជាមួយវា រហូតសម្រេចក្តីស្រមៃរបស់ខ្លួនឯងលើវិស័យ Media នេះ។
2. សម្រាប់មនុស្សឯទៀត ការធ្វើការងារតែមួយមុខអ្នកខ្លះគិតថា លំបាកណាស់ទៅហើយ តែសម្រាប់លោកអាចធ្វើការងារច្រើនមុខក្នុងពេលតែមួយ តើវាមានការលំបាកដែរឬទេ? ហើយលោកដោះស្រាយបែបណា?
តាមពិតទៅ យើងគ្រប់គ្នាធ្វើការងារតែមួយមុខយើងគិតថាលំបាក ចុះទម្រាំធ្វើការងារច្រើន តើវាលំបាកខ្លាំងប៉ុនណា?។ ចម្លើយក៏គឺ លំបាកប្រហែលតែគ្នាទេ ព្រោះមនុស្សម្នាក់ៗមានពេលវេលាស្មើគ្នា ហេតុនេះការបែងចែកពេលវេលាបានល្អ អាចធ្វើឱ្យយើងធ្វើការងារបានច្រើនមុខលើសពីអ្វីដែលយើងរំពឹងទុក។
នៅឆ្នាំនោះ ពេលថ្ងៃខ្ញុំទៅរៀន ហើយពេលយប់ ខ្ញុំស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗ ហើយប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នោះសម្រាប់ក្រុមហ៊ុនខ្លួនឯង។ បន្ទាប់មកទៀតខ្ញុំចេញធ្វើការងារផង រៀនផង ក៏បច្ចេកវិទ្យានៅតែស្ថិតជាចំណូលចិត្ត និងចំណាប់អារម្មណ៍របស់ខ្ញុំដដែល ហេតុនេះខ្ញុំអាចធ្វើបាន។ ដូចអ្វីដែលបានបញ្ចាក់ខាងលើដែរ គឺក្រុមហ៊ុនរបស់ខ្ញុំនៅផ្ទះជាក្រុមហ៊ុនលក្ខណៈគ្រួសារ ហេតុនេះមិនសូវជាត្រូវការបច្ចេកវិទ្យាច្រើនទេ ទើបខ្ញុំអាចមានពេលធ្វើការងារនៅខាងក្រៅ ដើម្បីឱ្យបានឃើញរឿងជាច្រើនផ្សេងទៀតដែលសុទ្ធតែជាបទពិសោធការងារល្អៗសម្រាប់ជីវិត។
3. នៅពេលលោកធ្វើការងារក្នុងវិស័យបច្ចេកវិទ្យា តើលោកធ្លាប់គិតថាចង់បើកក្រុមហ៊ុនខ្លួនឯងទេ? ហើយពេលនោះគ្រួសាររបស់លោកដែលមានមុខជំនួញស្រាប់នោះ គាំទ្រដែរឬទេ?
ខ្ញុំធ្លាប់ធ្វើដែរ តែពេលបើកដំណើរការបានតែ 2ឆ្នាំក៏បរាជ័យទៅវិញ។ បរាជ័យនៅឆ្នាំនោះ អាចមកពីខ្ញុំនៅក្មេងពេក គ្មានចក្ខុវិស័យវែងឆ្ងាយ មិនសូវយល់ដឹងពីការប្រកួតប្រជែងក្នុងអាជីវកម្មបច្ចេកវិទ្យា និងមិនមានជំនាញក្នុងការគ្រប់គ្រងការងារ ដែលធ្វើឱ្យការងារមិនបានមុតស្រួចល្អ មិនផ្តោតខ្លាំង (Focus) ដូច្នេះទើបដួលទៅវិញ។ បញ្ហាទាំងអស់នេះ ខ្ញុំជឿជាក់ថា មានកើតឡើងចំពោះមនុស្សវ័យក្មេងជាច្រើននាពេលបច្ចុប្បន្ន។
ចំពោះគ្រួសារខ្ញុំវិញគាត់ហាក់មិនសូវគាំទ្រទេដែលវាបង្កើតឱ្យមានសម្ពាធអារម្មណ៍គួរសមមួយដែរព្រោះគាត់តែងតែប្រាប់ដដែលៗថា “ដើមឈើមានផ្កាមានផ្លែស្រាប់ហើយ មិនព្រមនាំគ្នាជួយថែទាំ និងទទួលផល បែរជាទៅប្រឹងដាំដើមឈើថ្មីដែលមិនដឹងថាវានឹងដុះ ឬអត់ផងនោះ”។ ទាំងនេះជាបញ្ហាមួយដែលវាអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍យុវវ័យដែរ ព្រោះថា យុវវ័យត្រូវការដឹកនាំដោយអារម្មណ៍ ហើយការដាក់សម្ពាធផ្នែកអារម្មណ៍បែបនេះ អាចធ្វើឱ្យយុវវ័យកាន់តែចង់ចាកចេញពីសម្ពាធនេះ ហើយធ្វើអ្វីផ្សេងៗ។រឿងនេះមិនមែនមានតែគ្រួសារខ្ញុំទេ គ្រួសារអ្នកដទៃ និងក្នុងសង្គមបច្ចុប្បន្នក៏មានច្រើនដែរ ដែលវាអាចរុញច្រានយុវវ័យឱ្យស្ថិតក្នុងស្ថានភាពលំបាក។
នៅពេលនោះ មិនមែនខ្ញុំមិនជួយការងារគ្រួសារសោះទេ ដូចបានបញ្ជាក់ហើយថា ជួយការងារគ្រួសារខ្លះដែរ តែឆ្លៀតពេលរៀនផង និងធ្វើការងារដែលខ្លួនឯងស្រឡាញ់ខ្លះផង។ កាលនោះ ដោយសារតែគ្មានចក្ខុវិស័យវែងឆ្ងាយ ធ្វើឱ្យខ្ញុំលំបាកខ្លាំងមែនទែន រហូតធ្វើឱ្យការងារមិនច្បាស់លាស់ទាំងអស់នៅពេលនោះ។
4. ពេលនោះលោកមានបញ្ហារឿងការមិនទទួលបានការគាំទ្រពីគ្រួសារផង និងបញ្ហាអាជីវកម្មផងតើលោកដោះស្រាយបញ្ហាទាំងអស់នេះយ៉ាងដូចម្តេច?
ពេលនោះអ្វីដែលខ្ញុំធ្វើគឺ ចោទសួរខ្លួនឯងឡើងវិញពីអ្វីដែលធ្លាប់បរាជ័យកន្លងមក និងបន្ទាប់ពីចាប់ផ្តើមការងារសិល្បៈថតរូប ឬផ្នែកប្រព័ន្ធផ្សព្វផ្សាយ (Media) នេះ ក៏មានការជំទាស់ដូចលើកមុនដែរ។ ទាំងគ្រួសារ ទាំងឪពុកម្តាយ និងអ្នកជុំវិញខ្លួន គាត់មិនចង់ឱ្យធ្វើទេ ព្រោះវាត្រូវការចំណាយពេលវេលាច្រើនខ្លាំងណាស់។ ហេតុនេះខ្ញុំមានគំនិតមួយសួរខ្លួនឯងថា បើគេជំទាស់ដូចគ្នាដដែល តើយើងអាចបរាជ័យដូចមុនដែរឬទេ?។
ពេលនោះ ខ្ញុំចាប់ផ្តើមគិតមួយជំហានទៀតឱ្យកាន់តែស៊ីជម្រៅឡើង ហើយខ្ញុំបានមើលឃើញជ្រុងមួយផ្សេងថា លើកនេះខ្ញុំត្រូវចំណាយពេលវេលាឱ្យច្រើនជាងមុន ព្យាយាមស្វែងយល់ឱ្យបានល្អិតល្អន់ និងស៊ីជម្រៅឱ្យខ្លាំងជាងមុន។ អ្វីដែលមើលឃើញ គឺទស្សនវិស័យសម្រាប់អាជីវកម្មដែលខ្ញុំស្រឡាញ់មួយនេះថាវាអាចទៅរួច ហើយល្អនៅថ្ងៃក្រោយ។ ហេតុនេះជាលទ្ធផលខ្ញុំច្បាស់ក្នុងចិត្តហើយថា វាអាចទៅរួច និងអ្វីដែលខ្ញុំមើលឃើញ មិនប្រាកដថាអ្នកដទៃគេមើលឃើញដូចយើងដែរទេ។ ប្រសិនបើគេមើលឃើញដូចយើង គេនឹងមិនជំទាស់ទេ ហើយបើគេមើលឃើញដូចយើង ម្លេ៉ះគេធ្វើគ្រប់គ្នាទៅហើយ មិនមែនទុកឱ្យយើងចាប់ផ្តើមមុននោះទេ។ ចាប់ផ្តើមគិតពីចំណុចនេះ ខ្ញុំក៏សម្រេចចិត្តថា ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើតផ្លែផ្កាឱ្យឃើញជាក់ស្តែង ដោយមានទស្សនវិស័យច្បាស់លាស់។ ក្រោយមក នៅពេលចាប់ផ្តើមចេញផ្លែផ្កាហើយ អ្នកគ្រប់គ្នាចាប់ផ្តើមយល់ស្រប ហើយពេលនោះសម្ពាធក៏ចាប់ផ្តើមថយចុះដែរ ព្រោះគាត់ងាកមកគាំទ្រយើងវិញ ដែលធ្វើឱ្យយើងមានពេលវេលាច្រើនដើម្បីធ្វើរឿងណាដែលមានប្រយោជន៍ផ្សេងទៀត។
ទន្ទឹមនឹងនេះខ្ញុំក៏ចង់បញ្ជាក់ផងដែរថា ដើម្បីឱ្យគេនៅតែគាំទ្រយើងបាន លុះត្រាតែយើងចេះកំណត់ពេលវេលាច្បាស់លាស់ឱ្យមនុស្សជុំវិញខ្លួនយើងបានដឹងផងដែរ។ កាលនោះខ្ញុំកំណត់ពេលវេលា 3 ឆ្នាំទាំងការសិក្សាស្រាវជ្រាវ ការសាកល្បងសកម្មភាពផ្ទាល់ និងរៀបចំឱ្យក្លាយជាក្រុមការងារមួយ រហូតចេញជាលទ្ធផលល្អ ទើបក្រុមគ្រួសារខ្ញុំគាត់ចាប់ផ្តើមមើលឃើញច្បាស់ពីអ្វីដែលជាលទ្ធផលដែលកើតចេញពីការតស៊ូធ្វើអាជីវកម្មមួយនេះ។ ងាកមកវិញ ប្រសិនបើរយៈពេល3 ទៅ5ឆ្នាំហើយ នៅតែមិនឃើញមានលទ្ធផលទៀតនោះ យើងក៏ពិបាកនឹងទូលការងារនេះបន្តទៅទៀតដែរ ហេតុនេះត្រូវច្បាស់ខ្លួនឯងថា យើងអាចទៅរួច ។
5. រយៈពេល 3ឆ្នាំ មិនមែនជាពេលវេលាតិចទេ ដែលរង់ចាំឱ្យក្រុមគ្រួសារគាំទ្រ តើលោកមានវិធីអ្វីដើម្បីរក្សាទំនុកចិត្តរបស់ពួកគាត់ឱ្យនៅតែជឿជាក់លើការងាររបស់លោករហូតដល់ចេញលទ្ធផល?
បាទច្បាស់ណាស់ ជាធម្មតាបើយើងនិយាយថា គេមិនគាំទ្រ មិនមែនគ្រាន់តែបង្ហាញថា មិនគាំទ្រហើយចប់រឿងនោះទេ តែពេលខ្លះនៅមានការឈ្លោះទាស់ទែងគ្នា និងជំទាស់ដោយសារតែរឿងណាមួយដែលគ្រួសារមិនគាំទ្រនេះទៀតផង។ ហេតុនេះដើម្បីដោះស្រាយបញ្ហានេះ បើនិយាយឱ្យអាក្រក់ស្តាប់ គឺយើងត្រូវចេះបោកគាត់។
ការបោកនៅកន្លែងនេះ ពេលខ្លះក៏អាចនិយាយបានដែរថា ជាការផ្តល់ក្តីសង្ឃឹមខ្លះៗដើម្បីឱ្យគាត់កក់ក្តៅ។ បើទោះបីជាបំណងពិតប្រាកដរបស់យើងមិនទាន់ចូលមកដល់ ឬពេលខ្លះធ្វើមិនទាន់ចេញលទ្ធផលធំក៏ដោយ តែយើងបញ្ជាក់ប្រាប់គាត់ថា យើងទទួលបានខ្លះដែរ បានលទ្ធផលតិចតួចដែរ ដើម្បីចិញ្ចឹមក្តីសង្ឃឹមរបស់គាត់ឱ្យនៅជាមួយយើង តែប្រសិនបើយើងរង់ចាំយូរពេក ហើយប្រាប់រឿងដដែលៗគាត់ក៏លែងជឿយើងដែរ ទាល់តែយើងចេះវិធីថ្មីទៀតដើម្បីបង្ហាញគាត់។
ឧទាហរណ៍ជាក់ស្តែង កាលពីខ្ញុំចាប់ផ្តើមធ្វើការលើបច្ចេកវិទ្យាដំបូង ពេលមានក្រុមហ៊ុនទាក់ទងធ្វើការងារ ខ្ញុំតែងតែប្រាប់អ្នកផ្ទះថា ឥឡូវមានគេហៅធ្វើការងារហើយ មានចំណូលរាប់ពាន់ហើយ ដែលធ្វើឱ្យគាត់ចាប់ផ្តើមជឿទុកចិត្ត ហើយបន្ថយការជំទាស់។ បន្ទាប់មកទៀត យូរទៅរឿងនេះវានឹងសាបទៅវិញ បន្ទាប់ពីចំណាយពេលវេលាទៅបាត់ៗពីផ្ទះយូរហើយមិនទាន់ឃើញមានអ្វីថ្មី ហេតុនេះត្រូវបន្តបង្ហាញគាត់ទៀតថា យើងចាប់ផ្តើមមានក្រុមការងារហើយ មានមនុស្សចាប់ផ្តើមចូលរួមធ្វើការងារជាមួយយើងច្រើនហើយ ដើម្បីឱ្យគាត់មើលឃើញពីការរីកចម្រើនរបស់យើង ហើយយើងអាចបន្តការងាររបស់យើងទៅទៀតបាន។
ចំពោះការបង្កើត System នៅក្នុងក្រុមហ៊ុនក៏ដូចគ្នាដែរ ខ្ញុំធ្វើនេះដើម្បីឱ្យគាត់ដឹងថា ការសិក្សារបស់ខ្ញុំទទួលបានលទ្ធផលហើយ ចេញជាផ្លែផ្កាដែលអាចជួយដល់អាជីវកម្មបានខ្លះហើយ។ ចំណែកឯការសិក្សាពីការថតរូបវិញក៏ដូចគ្នា ខ្ញុំតែងតែបង្ហាញឱ្យគាត់មើលឃើញថា ការសិក្សាពីការថតរូបនេះ ក៏យើងអាចរកចំណូលបានមកវិញដែរ តាមរយៈការបង្រៀនថត ការធ្វើការងារផ្សេងៗទៀត ការបង្កើតទំនាក់ទំនងល្អ និងធ្វើឱ្យគេទទួលស្គាល់ស្នាដៃជាដើម ដើម្បីឱ្យគាត់មើលឃើញពីក្តីសង្ឃឹម ហើយជឿថា យើងអាចទៅរួច។ តែប្រសិនបើយើងមិនព្រមបង្ហាញដំណាក់កាលតូចៗទាំងនេះទេ ពេលខ្លះគាត់អាចគិតថា 3ខែហើយមិនទាន់ទទួលបានលទ្ធផល 1ឆ្នាំហើយក៏មិនអាចទៅរួចអ្វីទៀត ហេតុនេះធ្វើម៉េចនឹងអាចទៅដល់ចក្ខុវិស័យ 10ឆ្នាំក្រោយបាន?។ សមិទ្ធផលខ្លះ ថ្វីដ្បិតតែវាមិនធំដុំ តែវាអាចជួយយើងឱ្យរក្សាបាននូវការជឿទុកចិត្តពីមនុស្សជុំវិញខ្លួនបាន។
6. ការធ្វើការងារអ្វីក៏ដោយ ក៏មានការលំបាកដែរហើយស្ថានភាពមិនមែនចេះតែវិជ្ជមានរហូតនោះទេ។ ចំពោះការងារនេះ តើលោកធ្លាប់ចង់បោះបង់ចោលទេពីមុនមក? ពេលនោះលោកដោះស្រាយ ឬមានហេតុផលបែបណាដើម្បីបន្តការងារនេះ?
តាមពិតទៅខ្ញុំធ្លាប់ចង់បោះបង់ចោលច្រើនលើកច្រើនសាហើយ នៅពេលដែលមានសម្ពាធខ្លាំងម្តងៗ។ ពេលខ្លះមានសម្ពាធខ្លាំងពេក ចង់តែបកទៅធ្វើតាមអ្នកផ្ទះវិញ ព្រោះវាងាយស្រួល និងសប្បាយចិត្តជាង តែពេលខ្ញុំគិតត្រឡប់មកវិញ ខ្ញុំនៅតែមើលឃើញថា គេមើលមិនឃើញអ្វីប្លែក ទើបគេជំទាស់ តែយើងមើលឃើញទើបយើងចង់ធ្វើ ហេតុនេះយើងត្រូវតែបន្តធ្វើឱ្យគេមើលឃើញដែរ។ រឿងទាំងនេះជាកត្តាមួយដើម្បីជំរុញចិត្តខ្ញុំឱ្យចង់បន្តការងារ។
មានរឿងផ្សេងមួយទៀត គឺពេលធ្វើការងារ ឬរកស៊ីត្រូវដឹងឱ្យច្បាស់ថា យើងធ្វើដើម្បីអ្នកណាខ្លះ? ពេលខ្ញុំធ្វើការងារនេះ លំបាកមែនទែន ខ្ញុំគិតដល់ក្រុមការងារដែលគេជឿជាក់លើយើង។ ក្រុមការងារគេតែងនិយាយថា បងឯងគិតបែបនេះត្រូវហើយ ពួកគាត់បានដាក់ក្តីសង្ឃឹមថា រឿងនេះវានឹងកើតឡើងយ៉ាងប្រាកដ និងដល់គោលដៅដែលយើងបានកំណត់ទុក។ ហេតុនេះពេលមានរឿងលំបាក ខ្ញុំបកទៅគិតពីក្រុមការងារ។ ពេលនោះខ្ញុំបានផ្តោតលើចំណុចសំខាន់មួយថា បើសិនជាខ្ញុំឈប់ ក្តីសង្ឃឹមដែលក្រុមការងារដាក់ជាមួយខ្ញុំនេះ អាចនឹងរលាយសាបសូន្យដោយសារខ្ញុំ។ បើនិយាយមួយបែបទៀត អាចហៅបានថាយើងនឹងក្លាយជាអ្នកទោសដែលធ្វើឱ្យគេមកខាតពេលវេលាជាមួយយើង ខាតថាមពល និងពេលវេលាឥតប្រយោជន៍ជាមួយយើង។ ពេលគិតដល់រឿងនេះខ្ញុំតែងតែប្រាប់ខ្លួនឯងថា ចាំបាច់ត្រូវតែបន្ត។ នេះជាហេតុផលមួយដែលខ្ញុំគិត ព្រោះខ្ញុំដឹងថា ខ្ញុំមិនមែនមានតែបន្ទុកផ្ទាល់ខ្លួនដែលត្រូវនោះទេ តែខ្ញុំត្រូវទូលរឿងផ្សេងទៀតជាច្រើន។
កន្លែងនេះ ខ្ញុំតែងតែនិយាយលេងថា មុនបង្កើតក្រុមការងារ ខ្ញុំមានចំណងតែ 5ប្រការទេ តែពេលនេះខ្ញុំមានចំណងដល់ទៅ 6ប្រការ ព្រោះខ្ញុំត្រូវគិតដល់អ្នកទាំងអស់គ្នាបន្ថែមទៀត។ ពេលយើងបបួលគេមកធ្វើការងារជាមួយហើយ ដាច់ខាតយើងមិនអាចទុកគេចោលនោះទេ។ គិតដល់ដំណាក់កាលមួយថ្មីទៀត ដែលនាំឱ្យខ្ញុំចង់បោះបង់ចោលដែរនោះគឺដំណាក់កាលដែលក្រុមការងារកុហកខ្ញុំម្តង។ ត្រង់នេះជាដំណាក់កាលលំបាកខ្លាំងមែនទែន ព្រោះខ្ញុំធ្លាប់ដាក់ក្តីសង្ឃឹម និងការទទួលខុសត្រូវជាមួយក្រុមការងារ តែពេលនេះគាត់បោកខ្ញុំ ហេតុនេះខ្ញុំចាប់ផ្តើមរងាខ្លាំង វាជាការវាយប្រហារខ្ញុំខ្លាំងណាស់ព្រោះគ្រួសារក៏មិនគាំទ្រ ហើយក្រុមការងារក៏ធ្វើឱ្យយើងអស់សង្ឃឹមទៀត។
ដំណាក់កាលនេះជាដំណាក់កាលទឹកភ្នែក ពេលនោះខ្ញុំអស់រលីងពីខ្លួន។ ខ្ញុំធ្លាប់និយាយរឿងនេះច្រើនដងហើយថា នៅពេលមនុស្សដែលយើងជឿជាក់បំផុត ស្រាប់តែមកកុហកយើង យើងមានអារម្មណ៍ថា ត្រជាក់ស្រឺតពីខាងក្នុង ។ ពេលនោះខ្ញុំមានរឿងមួយទៀតដែលត្រូវគិត គឺពេលទៅដល់ផ្ទះស្រាប់តែកូនរបស់ខ្ញុំរត់មកឱបខ្ញុំ ហើយនិយាយថា ខ្ញុំស្រឡាញ់ប៉ា ប៉ាជាប៉ាល្អបំផុត (daddy, Ilove you. You are the best dady ever) ពេលនោះខ្ញុំចាប់ផ្តើមចង់ក្តុកក្តួលហើយចង់ស្រក់ទឹកភ្នែក តែវាធ្វើឱ្យខ្ញុំនឹកឃើញគំនិតថ្មីមួយឡើងភ្លាមគឺ រឿងដែលគេបោកខ្ញុំ រឿងដែលក្រុមការងារកុហកខ្ញុំ គឺជារឿងរបស់គេ។ អ្នកដែលខ្ញុំត្រូវទទួលខុសត្រូវគឺ អ្នកដែលកំពុងរត់មកឱបខ្ញុំ ហេតុនេះខ្ញុំគ្មានពេលសម្រាប់សោកសៅ ឬបាក់ទឹកចិត្តទេខ្ញុំត្រូវតែដើរទៅមុខបន្តទៀត។ ពីមុនយើងត្រូវដើរដើម្បីអ្នកកុហកយើង តែពេលនេះយើងត្រូវដើរដើម្បីកូនយើង។ តាមពិតពេលនោះមានជម្រើសច្រើនទៀតដែលយើងអាចគិតឃើញ អ្នកខ្លះគេអាចគិតថា គេមានក្តីសង្ឃឹមថាអាចនឹងធ្វើឱ្យគេក្លាយជាអ្នកមាន ឬក្លាយជាបុគ្គលសំខាន់ គេអាចបន្តដើរទៅមុខទៀត តែសម្រាប់ខ្ញុំ គឺខ្ញុំគិតថា ខ្ញុំត្រូវតែដើរទៅមុខទៀតដើម្បីកូនខ្ញុំ។
ក្រោយពេលជួបឧបសគ្គទាំងអស់នោះ ហើយងើបឡើងវិញ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវអរគុណពួកគាត់វិញព្រោះក្រោយជួបបញ្ហាទាំងអស់នោះមក ខ្ញុំបានស្គាល់ពីមេរៀនជីវិតជាច្រើន ហើយវាធ្វើឱ្យខ្ញុំកាន់តែរឹងមាំ។ ប្រសិនបើគាត់មិនបោកខ្ញុំនៅពេលនោះទេ ប្រហែលជាខ្ញុំមិនអាចចេះបត់បែន ហើយដោះស្រាយបញ្ហាលំបាកៗជាច្រើនផ្សេងទៀតដើម្បីឱ្យរីកចម្រើនដូចសព្វថ្ងៃនេះបានទេ ហេតុនេះហើយទើបខ្ញុំបង្កើត INSPIRED.Cambodia ដើម្បីជួយយុវជនឱ្យរៀនធ្វើការងារ ឱ្យស្គាល់ជីវិតជាក់ស្តែង និងឱ្យឆ្លងកាត់ឧបសគ្គឱ្យឆ្អែតមុននឹងចាប់ផ្តើមការងារនៅថ្ងៃអនាគតដែលនឹងអាចធ្វើឱ្យពួកគាត់ក្លាយជាមនុស្សរឹងមាំ។
7. តើលោកមានមតិផ្តាំផ្ញើអ្វីដល់សាធារណជន និងយុវជនកម្ពុជាទូទៅដែរឬទេ?
អ្វីដែលខ្ញុំចង់ធ្វើ និងចង់ឃើញបំផុត គឺខ្ញុំគ្រាន់តែចង់ផ្តល់គំនិត ដែលកើតចេញពីការធ្លាប់បានឃើញ ធ្លាប់បានឆ្លងកាត់ និងមើលឃើញពីភាពខ្វះខាតដែលធ្លាប់ជួបកន្លងមកចែករំលែកដល់យុវជន ព្រោះខ្ញុំនៅតែចង់និយាយថា យុវជននៅពេលដែលគាត់រឹងមាំរីកចម្រើន គាត់មិនគ្រាន់តែអាចជួយជីវិតគាត់ ក្រុមគ្រួសារ ឬអាជីវកម្មរបស់គាត់ទេ គាត់ថែមទាំងអាចជួយសង្គមទាំងមូលបានផងដែរ ហេតុនេះខ្ញុំតែងផ្ញើសារដដែលៗថា កុំឱ្យយុវជនរៀនតែនៅក្នុងសាលា ត្រូវតែរៀនធ្វើនៅពេលខ្លួនឯងនៅក្រៅសាលា។ សាលាផ្តល់តែចំណេះដឹងទេ តែចំណេះធ្វើនៅនឹងដៃ នៅនឹងបេះដូង នៅនឹងភ្នែក ហេតុនេះសូមឱ្យគាត់ចូលប្រឡូកឱ្យបានច្រើន ហើយធ្វើឱ្យសកម្ម កុំគ្រាន់តែធ្វើតាមគេតាមឯង…៕