បន្ទាប់ពីមានរឿងរ៉ាវយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសប៊ុកដែលមានបងប្អូនមួយចំនួនបានរិះគន់អ្នកនាង ខ្ញុង ជាតារាកំប្លែងល្បីឈ្មោះមួយរូប ចំពោះករណីនិយាយវីដេអូរឿងពិបាករកផ្ទះសំណាក់ សណ្ឋាគារ នៅក្នុងទីក្រុងកំពង់សោម និងព្រមទាំងពិបាករកអាហារទទួលទានទៀតនោះ ជាក់ស្ដែង ព្រឹកមិញនេះ តារាកំប្លែងស្រីរូបនេះ បានធ្វើការឡាយ(Live ) វីដេអូលក់សាច់ក្រក និងឆ្លើយតបបងប្អូនដែលបានសួរសំនួរត្រួសៗទៅកាន់អ្នកនាង ពាក់ព័ន្ធជាមួយបញ្ហាខាងលើនេះ។
ខណៈធ្វើការ Live គេមើលឃើញអ្នកនាង ស្រេង សុកាន់ដា បានឆ្លើយត្រួសថា « ឱ្យខ្ញុំសុំទោស ខ្ញុំធ្វើអីអីខុស ខ្ញុំនិយាយការពិតសោះ និយាយត្រង់ៗឃើញជាក់ស្តែងនឹងភ្នែក មិនពាក់ព័ន្ធនឹងនិន្នាការនយោបាយនោះទេ ខ្ញុំអត់ខ្លាចនោះទេ បើគ្រាន់តែនិយាយប៉ុណ្ណឹងគេឈប់ឲ្យឡើងប៉ុស្តិ៍ក៏ឈប់ទៅ ព្រោះសព្វថ្ងៃខ្ញុំរវល់ការងាររកស៊ី ស្ទើរគ្មានពេលសម្រាកផង»។ បើទោះជាយ៉ាងណាក្ដី មានអ្នកគាំទ្រជាបានព្រួយបារម្ភចំពោះតារាកំប្លែងស្រីរូបនេះ និងបារម្ភក្រែងថា នឹងមានគេបិទទីផ្សារការងារសិល្បៈរបស់អ្នកនាង មិនឱ្យឡើងឆាកដូចមុនទៀត។ ក៏ប៉ុន្ដែ អ្នកនាង ខ្ញុង ក៏បាននិយាយដែលថា អ្នកនាងមិនមានការព្រួយបារម្ភអ្វីនោះ មិនមែនក៏ព្រោះដោយសាររឿងនៅលើបណ្ដាញសង្គមប៉ុណ្ណឹង អាចនិងត្រូវគេបិទមិនឱ្យឡើងឆាកដែរ តែប្រសិនបើគេបិទមែន ក៏អ្នកនាងមិនដឹងនិងធ្វើយ៉ាងណាដែរ។
តារាកំប្លែងល្បីឈ្មោះរូបនេះ បានបញ្ជាក់ឱ្យអ្នកគាំទ្រ និងមហាជនទាំងអស់ បញ្ចប់សំនួរពាក់ព័ន្ធននឹងបញ្ហានៅលើបណ្ដាញសង្គមតទៅទៀត ដោយអ្នកនាងប្រាប់ថា សព្វថ្ងៃនេះ អ្នកនាងត្រូវការពេលវេលាផ្ដោតសំខាន់តែចំពោះរឿងមុខរបរ រកស៊ីលក់សាច់ក្រក មាសប្លាកទីន ម៉ាំផ្អក ប្រហុក តែប៉ុណ្ណោះ ព្រោះរបរនេះហើយ ដែលធ្វើឱ្យអ្នកនាងមានសេចក្ដីដូចសព្វថ្ងៃនេះ ។
គួររំឭកដែរថា រឿងអ្នកនាងខ្ញុងដែលបានផ្ទុះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែអ្នកនាង បានបង្ហោះវីដេអូ និងអះអាង អ្នកនាងធ្លាប់តែឮគេនិយាយថា តម្លៃផ្ទះសំណាក់-សណ្ឋាគារមានការកើនឡើងខ្លាំងរហូតដល់មួយយប់100ដុល្លារ ហើយម្ហូបអាហារក៏ថ្លៃៗ តែអ្នកនាងមិនជឿ ទាល់តែពេលនេះអ្នកនាងបានមកខេត្តព្រះសីហនុផ្ទាល់ ទើបអ្នកនាងដឹងច្បាស់ថា ដូចពាក្យគេនិយាយមែន ហើយអ្នកនាងមានការខកចិត្តយ៉ាងខ្លាំង និងនិយាយថា ឈប់មកខេត្តព្រះសីហនុទៀតហើយ ដោយសារតែគ្មានលទ្ធភាពក្នុងការចាយវាយហូបចុកឡើយ៕