“ឡាស វេហ្គាស នៃទ្វីបអាស៊ី” នេះគឺជាឈ្មោះដែលមនុស្សជាច្រើនហៅ ទីក្រុងម៉ាកាវ (Macau) ទីក្រុងកំពង់ផែដែលបំបែកខ្លួនពីប្រទេសចិនដីគោក។ ម៉ាកាវជាតំបន់ដែលមានផ្ទៃដីទំហំតូច និងមានប្រជាជនរស់នៅតិចដូចគ្នា។ ទីនេះ គឺជាដែនដីដែលបានធ្វើការចាក់ដីបំពេញសមុទ្រដើម្បីសាងផែនដីថ្មីឡើងនៅលើឆ្នេរទល់មុខទីក្រុង ជូហៃ មណ្ឌលក្វាងទុង ប្រទេសចិន និងមានប្រវត្តិយូរលង់ណាស់មកហើយ។ ដូចដែលយើងបានដឹងខ្លះៗមកហើយថា នៅក្នុងទីក្រុងមួយនេះពោរពេញទៅដោយភាពសម្បូរបែបខាងវប្បធម៌ ស្ថាបត្យកម្ម និងដែលសំខាន់បំផុតគឺ ភាពរីកចម្រើនទៅមុខរបស់ទីក្រុងនេះដែលអាចចាត់ទុកបានថា ស្ថិតក្នុងលំដាប់ជួរមុខគេរបស់ទ្វីបអាស៊ីតែម្ដង។ ថ្ងៃនេះ ទំព័រទេសចរណ៍ របស់ទស្សនាវដ្ដី ឡារ៉ែន នឹងនាំប្រិយមិត្តអ្នកអានទៅកម្សាន្តនៅទីតាំងទេសចរណ៍ចំនួន10កន្លែងដែលមិនអាចខកខានបាន បើសិនជាមានឱកាសបានទៅលេងទីក្រុងម៉ាកាវ…។
1. សំណាកព្រះវិហារ St. Paul
ចាប់ផ្ដើមកន្លែងដំបូងដោយលែនម៉ាកលំដាប់លេខមួយរបស់ម៉ាកាវជាមួយនឹងសំណាកព្រះវិហារ St. Paul ជាសំណាកព្រះវិហារដែលរួចផុតពីហេតុការណ៍អគ្គិភ័យដ៏ធំមួយកាលពីអតីត។ បច្ចុប្បន្នទីនោះបានក្លាយជាលែនម៉ាកដែលអ្នកទេសចរតែងធ្វើដំណើរមកថតរូប និងទស្សនាភាពល្អស្អាតរបស់សំណាកព្រះវិហារមួយនេះ។
2. ចតុរស្ស Senado
បន្ទាប់ពីសំណាកព្រះវិហារ St. Paul ដើរកាត់មកខាងផ្សារបន្តិចក៏នឹងបានជួបចំណុចឆេកអ៊ីនមួយទៀតរបស់ទីក្រុងម៉ាកាវគឺរង្វង់មូល Senado។ នៅទីតាំងចតុរស្សមួយនេះលោកអ្នកនឹងបានជួបនឹងក្លិនចំហាយនៃវប្បធម៌លោកខាងលិចយ៉ាងពេញទំហឹង ទាំងអគារផ្ទះសំបែង និងព្រះវិហារបែប ឈីណូ ព័រទុយគីស មានភោជនីយដ្ឋាន និងហាងលក់ទំនិញជាច្រើន និងមានចំណុចកណ្ដាលគឺទីលានបាញ់ទឹកនៅផ្នែកខាងមុខជាចំណុចថតរូបដ៏ស្រស់ស្អាតរបស់ចតុរស្សមួយនេះ។
3. វត្ត អាម៉ា A Ma Temple
វត្តមួយនេះ គឺជាដើមកំណើតនៃឈ្មោះទីក្រុង ម៉ាកាវ ក៏អាចថាបានដែរ ព្រោះតាមប្រវត្តិសាស្រ្ត វត្តអាម៉ានេះមានការបង្កបង្កើតឡើងមុននឹងមានដែនដីម៉ាកាវនេះទៅទៀត ដោយកាលពីអតីតកាលមានជនជាតិព័រទុយហ្គាល់ធ្វើដំណើរតាមទូកមកជួបដែនដីម៉ាកាវ និងបានចង្អុលសួរទៅអ្នកម៉ាកាវខាងឆ្នេរឈូងសមុទ្រខាងមុខថា មានឈ្មោះអ្វីដែរ? អ្នកម៉ាកាវក៏ឆ្លើយថា A Ma Gao ព្រោះបរិវេណដែលជនជាតិព័រទុយហ្គាល់ចង្អុលទៅនោះគឺ វត្តអាម៉ាហ្នឹងឯង ហើយចាប់ពីពេលនោះមកជនជាតិលោកខាងលិចក៏ហៅតំបន់នោះថា ម៉ាកាវៗតាមសំនៀងរបស់ជនជាតិព័រទុយហ្គាល់។ គេនាំគ្នាជឿថា អ្នកទេសចរណ៍បើសិនជាបានមកថ្វាយបង្គំព្រះសំពះសុំពរនៅទីនេះ នឹងធ្វើឱ្យមានជោគសំណាង មានសេចក្ដីសុខរហូតក្នុងការធ្វើដំណើរ។ នៅខាងក្នុងវត្តមានម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ស្រស់ស្អាត អ្នកណាដែលបានទៅលេងម៉ាកាវ កុំភ្លេចឆៀងចូលទៅបូជាសក្ការៈវត្តអាម៉ាមួយនេះកុំខានឱ្យសោះ។
4. រូបចម្លាក់ព្រះម៉ែ គង់ស៊ីអីុម កណ្ដាលសមុទ្រ
បើយើងជិះរថយន្តទស្សនាចរមកប៉ែកខាងត្បូងរបស់ទីក្រុងម៉ាកាវ និងកាត់តាមឆ្នេរសមុទ្រយើងនឹងបានឃើញរូបចម្លាក់ព្រះម៉ែ គង់ស៊ីអីុមដ៏ធំមួយតាំងលេចធ្លោនៅក្នុងបរិវេណ Outer harbour។ រូបចម្លាក់ព្រះម៉ែ គង់ស៊ីអីុមមួយអង្គនេះជាវត្ថុស័ក្តិសិទ្ធិមួយទៀតដែលប្រជាជនទីក្រុងម៉ាកាវគ្រប់រូបផ្ដល់នូវការគោរពសក្ការៈ ជាពិសេសអ្នកដែលនិយមចូលចិត្តរឿងហុងស៊ុយ។ បើសង្កេតមើលឱ្យច្បាស់ រូបចម្លាក់រួមទាំងទីធ្លាជុំវិញនោះផង ត្រូវបានសាងឡើងដោយសំអាងលើគោលការណ៍ខាងហុងស៊ុយទាំងអស់។ គេនាំគ្នាជឿថា អ្នកណាដែលបានទៅថ្វាយបង្គំសុំពរនៅកន្លែងរូបចម្លាក់ព្រះម៉ែគង់ស៊ីអីុម នេះ នឹងបានទទួលពរវិសេសពីខ្សែគង្គា និងអាចនាំសេចក្ដីទុក្ខសោកក្នុងជីវិតទាំងប៉ុន្មានមកបោះចោលនៅទីនេះបានទៀតផង។
5. ម៉ាកាវ ថាវវើរ Macau Tower
លែនម៉ាកដែលអាចមើលឃើញបានសឹងតែគ្រប់ទីកន្លែងក្នុងទីក្រុងម៉ាកាវនេះ គឺអគារដែលតាំងជ្រងោរនៅកណ្ដាលទីក្រុងដែលមានកម្ពស់ដល់ទៅ 338ម៉ែត្រ។ ចង់ណែនាំថា ចូរសាកល្បងនាំគ្នាឡើងទៅលើម៉ាកាវ ថាវវើរនៅពេលល្ងាច យើងនឹងអាចមើលឃើញទិដ្ឋភាពទូទាំងទីក្រុងម៉ាកាវទាំងមូល ព្រមជាមួយទេសភាពព្រះអាទិត្យពេលអស្ដង្គតក្នុងអំឡុងពេល Magic Hour បានបែបរ៉ូមែនទិកបំផុត ហើយនិងហាយឡាយមួយទៀតក្នុងការមកលេងកម្សាន្តនៅម៉ាកាវ ថាវវើរនេះ សម្រាប់អ្នកដែលចូលចិត្តភាពរំភើបស្រៀវស្រើប គឺនៅជាន់លើបំផុតនៃម៉ាកាវ ថាវវើរមានល្បែងកម្សាន្តលោតខ្សែ បាន់ជី ចាំផ៍ (Bangee Jump) ពីកំពូលអគារនេះ និង Sky Walk គឺការដើរនៅលើគែមអគារឱ្យភ្ញៀវទេសចរបានលេងកម្សាន្តទៀតផង។ អ្នកណាដែលគិតថា ខ្លួនឯងក្លាហាន គួរតែទៅសាកល្បងឱ្យបានម្ដង។ (មានតនៅទស្សនាវដ្តីលេខក្រោយ)