បុរសមុនពេលសម្រេចចិត្តចាប់ផ្ដើមសាងសង្គមគ្រួសារ អ្នកត្រូវមានទំនុកចិត្តលើខ្លួនឯង និងត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខនឹងភាពចាស់ទុំ។ ការមានចិត្តស្រឡាញ់គ្នា គឺជារឿងសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺការចេះរក្សាក្តីស្រឡាញ់នោះឱ្យបានគង់វង្ស និងប្រកបដោយសុភមង្គល។ វាជាការប្រសើរណាស់ ដែលមនុស្សប្រុសស្រីពីរនាក់ស្រឡាញ់គ្នា ហើយអាចឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ តែប្រការដែលចាំបាច់គឺពួកគេទាំងពីរមិនគួរប្រថុយប្រថានរៀបការដោយការស្រឡាញ់តែម្យ៉ាងនោះទេ ពោលគឺអ្នកត្រូវគិតគូរ និងមានការពិភាក្សាគ្នាឱ្យបានស៊ីជម្រៅជាមួយគ្នាជាមុនសិន។ ដូច្នេះ ក្នុងនាមជាបុរសដែលចេះគិតគូរវែងឆ្ងាយ មុនពេលសម្រេចចិត្តចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយនារីណាម្នាក់ អ្នកត្រូវមើលលើប៉ុន្មានចំណុចនេះជាមុនសិន៖
1. ចំណុចស័ក្ដិសមនៃគូស្នេហ៍
· អាយុ : អ្នកគួរពិចារណាទៅលើអាយុរបស់គូស្នេហ៍ដែលអ្នកចង់បាន ដើម្បីងាយបង្ហាញពីភាពទទួលខុសត្រូវចំពោះគូស្នេហ៍ បើទោះបីជាគេមានអាយុច្រើន ឬតិចជាងខ្លួនអ្នកក្ដី តែត្រូវឱ្យប្រាកដចិត្តថា អ្នកអាចទទួលខុសត្រូវ និងរ៉ាប់រងភារកិច្ចជាអ្នកដឹកនាំគ្រួសារបាន។
· ប្រាក់ចំណូល : ត្រូវប្រាកដចិត្តថា អ្នកទាំងពីរមានការងារត្រឹមត្រូវ មានទ្រព្យសន្សំ និងលុយ-កាក់មួយចំនួនសម្រាប់ប្រកបរបបចិញ្ចឹមជីវិតបានក្រោយពេលរៀបការ។
· កម្រិតការសិក្សា : អ្នកគួរសម្លឹងមើលឱ្យបានឆ្ងាយ គូស្នេហ៍អ្នកមានការសិក្សាខ្ពស់មានចំណេះដឹង ទើបជាមនុស្សដែលពូកែស្ដាប់យោបល់ពីអ្នក និងអាចជួយដោះស្រាយបញ្ហាអ្នកបាន។
· កម្រិតក្រុមគ្រួសារ : សាច់ញាតិ និងមិត្តភក្តិរបស់នាងបានបើកចិត្តទទួលយករូបអ្នកហើយឬនៅ? តើពួកគេបង្ហាញក្ដីស្រឡាញ់ចំពោះអ្នកហើយឬនៅ?
2. ការសិក្សាអារម្មណ៍គូស្នេហ៍ (សិច)
ចំណង់ចំណូលចិត្តក្នុងជីវិតផ្លូវភេទ និងភាពស្និទ្ធស្នាលជាមួយគ្នាជាប្តីប្រពន្ធក៏គួរពិភាក្សាគ្នាឱ្យបានច្បាស់លាស់ថា គួរធ្វើបែបណាទើបល្អ។ អ្នកមិនអាចធ្វើអ្វីតាមតែចិត្តខ្លួនឯងចង់នោះទេ ត្រូវចាំថាអ្នកជាមនុស្សពីរនាក់ តែរស់នៅក្នុងចិត្តតែមួយរួមគ្នា។
3. ការសិក្សាចិត្តគូស្នេហ៍
មូលដ្ឋានគ្រឹះនៃការសាងសុភមង្គលនៅក្នុងគ្រួសារ គឺការអត់ធ្មត់ ភាពទទួលខុសត្រូវ ការអធ្យាស្រ័យឱ្យគ្នា ការបង្កើតរសនិយម ការយកចិត្តទុកដាក់ ការគោរពតាមប្រពៃណី ការលួងលោម និងការបង្កើតស្នាមញញឹមឱ្យគ្នាទៅវិញទៅមក។
4. ការគ្រប់គ្រងចំណូលចំណាយ
លុយកាក់គឺជារឿងដ៏សំខាន់ក្នុងការកសាងសុភមង្គល លោកអ្នកមិនអាចកសាងសុភមង្គលគ្រួសារមួយបានទេ បើមិនមានលុយ។ ត្រង់ចំណុចនេះ លោកអ្នកគួរតែពិភាក្សាគ្នាឱ្យបានច្បាស់លាស់មុនពេលរៀបការថា គួរចាត់ចែង និងមានគម្រោងរកលុយកាក់យ៉ាងម៉េចពេលរស់នៅជាមួយគ្នា និងជាពិសេសសូម្បីមុនពេលរៀបការថា តើលោកអ្នកមានលុយប៉ុន្មានដើម្បីត្រៀម។ ម៉្យាងវិញទៀតគូស្នេហ៍របស់អ្នកជានារីដែលពូកែទុកដាក់លុយកាក់កម្រិតណាដែរ? អ្នកត្រូវសិក្សាពីគ្នាឱ្យបានច្រើនកាន់តែប្រសើរ និងមិនបង្កជម្លោះក្រោយពេលរៀបការរួច។
5. ការរក្សាទំនៀមទំលាប់ប្រពៃណី
ការរួមភេទមុនពេលរៀបអាពាហ៍ពិពាហ៍ គឺជាកំហុងឆ្គងដ៏ធ្ងន់ធ្ងរមួយដែលសង្គមមិនទទួលស្គាល់ឡើយ។ គូសេ្នហ៍គួរតែរក្សាប្រពៃណីឱ្យបានល្អរហូតដល់ថ្ងៃរៀបមង្គលការត្រូវបានបញ្ចប់។ អ្នកជាបុរស ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះរឿងរក្សាប្រពៃណីនេះ ដើម្បីជំរុញភាពទុកចិត្តកាន់តែខ្លាំងចំពោះអនាគតភរិយារបស់អ្នក។
6. ចំណងគ្រួសារ
បន្ទាប់ពីរៀបការរួច អ្នកនឹងត្រូវមានសមាជិក និងចំណងញាតិច្រើន ក្នុងនោះមានបងប្អូននៃគ្រួសារទាំងសងខាង ឪពុកម្តាយទាំងសងខាង យាយតាទាំងសងខាង កូនក្មួយទាំងសងខាង ព្រមទាំងញាតិមិត្តផ្សេងៗ។ ដូច្នេះ អ្នកគួរពិភាក្សាជាមួយគ្នាថា គួរធ្វើយ៉ាងម៉េចក្រោយពេលរៀបការរួច ពោលគឺត្រូវចេះរក្សាទំនាក់ទំនង និងជួយគ្រួសារ និងញាតិមិត្តទាំងសងខាងឱ្យស្មើគ្នា ព្រមទាំងនៅតែមានទំនាក់ទំនងល្អជាមួយគ្នា៕