ខណៈតារាចម្រៀងស្រី ពេជ្រ សោភា និងគូស្នេហ៍លោក ឆឹម សក្កដា ត្រូវបានអ្នកគាំទ្រសង្ស័យថា បង្កើតស្នេហាក្លែង និង មួយរយៈនេះសោះកក្រោះមិនសូវសម្ញែងភាពផ្អែមល្ហែមដូចមុននោះ ថ្មីៗនេះស្រាប់ធ្លាយដំណឹងអាស្រូវមកថា គូស្នេហ៍កំពុងក្បត់ចិត្តបានលបលួចមានស្នេហាថ្មីចោលរូបនាង។ គ្រាន់តែបានទទួលដំណឹងនេះហើយ ពេជ្រ សោភា ក្ដៅស្លឹកត្រចៀកឆេះដុំភ្លើងផ្ទុះកំហឹងយ៉ាងខ្លាំង ច្រាណព័ត៌មានថា ជាចេតនាចង់បំបែកបំបាក់រូបនាងនិងគូស្នេហ៍ឱ្យមានភាពល្អក់កករនឹងគ្នា។
ពេជ្រ សោភា ហាក់មិនសប្បាយចិត្តបានប្រាប់សារព័ត៌មានក្នុងស្រុកថា នាងពិតជាមានការអាក់អន់ស្រពន់ចិត្ត ចំពោះដំណឹងទាំងនេះខ្លាំងណាស់ ហើយក៏ពិបាកទ្រាំដែរ និងយល់ថា អ្នកនិយាយបែបនោះ គឺក្នុងន័យឲ្យនាង និងសង្សារបែកបាក់គ្នា ហើយពួកគេចាំឈរមើលតែម្តង បានគេសប្បាយចិត្ត។ អ្នកនាង ពេជ្រ សោភា បានបញ្ជាក់ឱ្យដឹងថា នាងពិតជាហួសចិត្តខ្លាំង ចំពោះអ្នកដែលដើរនិយាយបែបនេះចេញមក ទាំងដែលនាង និងគូស្នេហ៍មិនបានដឹងខ្លួនទាល់តែសោះ។ ប៉ុន្តែនាងបានជឿជាក់លើគូស្នេហ៍ ជាមនុស្សមានចិត្តស្មោះ ហើយអ្នកដែលនិយាយនោះ អាចនិយាយមួយសេរីទៀត ក៏បានដែរ ព្រោះអ្វីដែលសំខាន់ គឺពួកគេទាំងពីរនាក់យល់ចិត្តគ្នាច្បាស់។
ទោះបីជាយ៉ាងណាក៏ដោយ ពេជ្រ សោភា នៅតែអះអាងថា ចំណងស្នេហារវាងនាង និងប្រុសក្មេង ឆឹម សក្កដា គ្មានអ្វីត្រូវប្រែប្រួលនោះទេ គ្រាន់តែមិនទាន់កំណត់ថ្ងៃចូលរោងជ័យប៉ុណ្ណោះ ខណៈដែលការងារសិល្បៈ និងមុខជំនួញធ្វើឱ្យពួកគេរវល់រៀងៗខ្លួន ពុំមានពេលវេលាគ្រប់គ្រាន់ ទើបពិធីចូលរោងការមិនទាន់គិតដល់៕