រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូងធ្វើការវិនិយោគលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃដំណាំដំឡូងមី និងកសិផលផ្សេងទៀត មានដូចជា ស្រូវ ពោត សណ្តែក និងដំណាំហូបផ្លែដទៃទៀត ដើម្បីពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារ និងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា។
សំណើនេះត្រូវបានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងក្នុងឱកាសដឹកនាំប្រតិភូចូលរួមកម្មវិធី «A Small-Business-Group Seated Dinner» ដែលរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង(22-11-18)ក្នុងគោលបំណងចែករំលែកព័ត៌មានផ្សេងៗទាក់ទងនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និងទេសចរណ៍។
ជំនួបក្នុងកម្មវិធីនេះ ត្រូវបានដឹកនាំដោយ លោក Manatsu ICHINOKI អគ្គលេខាធិការនៃលេខាធិការដ្ឋានគណៈកម្មការរៀបចំពិព័រណ៍ពិភពលោកជប៉ុនឆ្នាំ2025 និងមានការចូលរួមពីអង្គទូតនៃប្រទេសបារាំង កូរ៉េ ប៊ែលហ្ស៊ិក និងបុគ្គលិកលេខាធិការដ្ឋាន ប្រមាណ 15នាក់។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងផលិតផលអាទិភាពសម្រាប់ធ្វើការអភិវឌ្ឍចង្វាក់តម្លៃ និងធ្វើពិពិធកម្មនាំចេញដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម(CTIS)ជំនាន់ទី3 ឆ្នាំ2014-2018។ បច្ចុប្បន្នយុទ្ធសាស្ត្រនេះកំពុងត្រូវបានរៀបចំឡើងវិញដើម្បីឱ្យមានសង្គតិភាព(ភាពត្រូវគ្នា)ជាមួយគោលនយោបាយជាតិដទៃទៀត។
បន្ថែមលើនេះ ឯកឧត្តមក៏បានពន្យល់ភ្ញៀវកិត្តិយសទាំងអស់អំពីអត្ថប្រយោជន៍នៃគោលនយោបាយគាំពារវិនិយាគរបស់កម្ពុជា និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជា ការលើកលែងពន្ធលើប្រាក់ចំណេញ និងពន្ធលើការនាំចូលសម្ភារ និងឧបករណ៍កសិកម្ម ក៏ដូចជាសក្តានុពលនៃវិស័យវប្បធម៌ និងទេសចរណ៍ធម្មជាតិ។
ជាការឆ្លើយតប លោកអគ្គលេខាធិការ Manatsu ICHINOKI និងអង្គទូតទាំងអស់ ដែលមានវត្តមាននៅក្នុងកម្មវិធីបានសម្តែងការសាទរចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ហើយបានសន្យាថា នឹងពាំនាំយកសំណើរបស់រដ្ឋមន្ត្រីកម្ពុជាទៅជម្រាបរដ្ឋាភិបាលរបស់ខ្លួន ព្រមទាំងជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិស័យឯកជនថែមទៀត ដើម្បីឱ្យពួកគេចូលមកបណ្តាក់ទុនកាន់ច្រើននៅក្នុងប្រទេសកម្ពុជា៕