អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Remi GENEVEY ប្រធាននាយកដ្ឋានអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា និងអាស៊ី នៃទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ French Agency for Development (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីចំនួន3 ដែលមានទឹកប្រាក់សរុបចំនួន 84.67លានអឺរ៉ូ (96.4លានដុល្លារ)។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា គម្រោង និងកម្មវិធីទាំង3 នោះរួមមានដូចខាងក្រោម៖
1-ឥណទានសម្បទានចំនួន 55លានអឺរ៉ូ សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី1។ កម្មវិធីនេះមានទិសដៅអនុវត្តបន្តពីគម្រោងដែលផ្តល់ឥណទានលើកដំបូងរបស់ AFD ដែលមានទិសដៅក្នុងការបន្តពង្រីកការងារស្តារព្រែក និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅក្នុងខេត្តគោលដៅ រួមមាន ខេត្តកណ្តាល បាត់ដំបង ព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ ដែលអាចស្រោចស្រពផ្ទៃដីកសិកម្មបានប្រមាណជាង 20,000ហិកតា។
ជាមួយគ្នានេះដែរ ហិរញ្ញប្បទានឥតសំណងចំនួន11.5លានអឺរ៉ូ ស្មើនឹងប្រមាណ 13លានដុល្លារអាមេរិកសម្រាប់ធ្វើសហហិរញ្ញប្បទានដល់កម្មវិធីនេះ ដែលនឹងផ្តល់ដោយសហគមន៍អឺរ៉ុបតាមរយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប(EU/Asian investment Facility AIF)។
2-ហិរញ្ញប្បទានឥតសំណងចំនួន 25លានអឺរ៉ូ សម្រាប់កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន(ផ្នែកវារីវប្បកម្ម)។ កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុបប្រមាណ 25លានអឺរ៉ូ ហិរញ្ញប្បទានឥតសំណងរបស់សហគមន៍អឺរ៉ុប EU ក្នុងគោលដៅគាំទ្រកំណើនប្រកបដោយនិរន្តរភាព ភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និងបរិយាប័ន្ននៃវិស័យជលផលកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍវារីវប្បកម្មជាតិ និងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រសម្រាប់វិស័យជលផលឆ្នាំ2010-2019។
3- ហិរញ្ញប្បទានឥតសំណងចំនួន 4.67លានអឺរ៉ូ សម្រាប់គម្រោងគ្រប់គ្រងទឹកស្អាត និងអនាម័យតាមខេត្ត។ គម្រោងនេះចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ2011-2025 សំដៅបង្កើនការផ្តល់សេវាកម្មទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋដែលរស់នៅតាមទីប្រជុំជន និងទីក្រុងនៅក្នុងខេត្តបាត់ដំបង កំពង់ចាម ព្រះសីហនុ និងខេត្តសៀមរាប។
កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុប 110.8លានដុល្លារអាមេរិក ដោយក្នុងនោះហិរញ្ញប្បទានឥតសំណងចំនួន 4.67លានអឺរ៉ូ ស្មើនឹងប្រមាណ 5.31លានដុល្លារអាមេរិក។ ហិរញ្ញប្បទានឥតសំណងរបស់មូលនិធិជប៉ុនសម្រាប់យន្តការផ្តល់ឥណទានរួមគ្នា(JFJCM)ចំនួន 10លានដុល្លារអាមេរិក។ បន្ថែមលើនេះហិរញ្ញប្បទានសម្បទានសហប្រតិបត្តិពី ADB ចំនួនប្រមាណ 50លានដុល្លារអាមេរិក និងឥណទានសម្បទានពី AFD ចំនួន 40លានអឺរ៉ូ ត្រូវជាប្រមាណ 45.5លានដុល្លារអាមេរិក។
ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង គិតចាប់ពីឆ្នាំ1993មកដល់បច្ចុប្បន្ន រាប់ទាំងកិច្ចព្រមព្រៀងទាំង3នេះផង គឺរដ្ឋាភិបាលបារាំង តាមរយៈ AFD នេះ បានផ្តល់ហិរញ្ញប្បទានសរុបឱ្យកម្ពុជា ជាង 554លានអឺរ៉ូហើយ៕