មនុស្សនាពេលបច្ចុប្បន្ននេះខុសប្លែកច្រើនណាស់ពីមនុស្សជំនាន់មុន។ សូម្បីតែការស្លាប់របស់មនុស្សសម័យថ្មីក៏ខុសគ្នាស្រឡះពីមនុស្សកាលពីប៉ុន្មានឆ្នាំមុនដែរ។ កាលពីអតីតកាល នៅពេលដែលសាច់ញាតិ មិត្តភក្តិ ដៃគូ ឬមនុស្សណាម្នាក់បាត់បង់ជីវិត អ្វីដែលនៅសល់គឺការចងចាំ និងការប្រមូលរូបថតទុកតែប៉ុណ្ណោះ តែសម្រាប់បច្ចុប្បន្នវិញ ការស្លាប់ត្រូវបានបង្ហាញលើបណ្តាញអនឡាញ និងមានការចងចាំលើរឿងគ្រប់យ៉ាងដែលត្រូវបានកត់ត្រាទុកក្នុងបណ្តាញសង្គម។ មនុស្សម្នាក់ៗលើពិភពលោកនាពេលបច្ចុប្បន្ននេះមានប្រព័ន្ធកត់ចំណាំសម្រាប់ជីវិតលើបណ្តាញឌីជីថលគ្រប់ៗគ្នា។ រឿងរ៉ាវក្នុងជីវិតរបស់យើងគ្រប់គ្នាត្រូវបានប្រមូលផ្តុំចងក្រងនៅតាមបណ្តាញនានាដូចជា Blog រូបភាពហ្គេម គេហទំព័រ និងបណ្តាញ សង្គមនានាដែលយើងបានចែករំលែករឿងរ៉ាវ និងបទពិសោធនៃការរស់នៅ។ ទោះជានរណាម្នាក់លែងមានវត្តមានលើលោកនេះក៏ដោយ តែរូបគេហាក់បានបន្សល់ទុកជីវិតមួយផ្សេងទៀត (virtual selves) នៅលើបណ្តាញអនឡាញ ដែលមនុស្សគ្រប់គ្នានៅតែអាចមើលឃើញ និងទាក់ទាញមនុស្សឯទៀតឱ្យមើលឃើញពីគំនិត និងអ្វីដែលជាបទពិសោធរបស់គេជារៀងរហូត។ នេះជាបាតុភូតមួយដែលមនុស្សពីមុនមិនអាចធ្វើបាន ហើយវាជាអ្វីដែលកំពុងតែកើតឡើងសម្រាប់មនុស្សសម័យអុីនធើណិត។
តែទោះជាយ៉ាងនេះក្តីក៏គេសង្កេតឃើញថា បច្ចេកវិទ្យាសម័យថ្មីក៏មានគុណវិបត្តិច្រើនគួរសមដែរសម្រាប់ការរស់នៅរបស់មនុស្ស ព្រោះមនុស្សបច្ចុប្បន្ននេះបានដើរហួសពីអ្វីដែលជាគោលបំណងសំខាន់របស់អ្នកបង្កើតបណ្តាញទំនាក់ទំនងទាំងអស់នោះអស់ទៅហើយ។ ចរន្តខ្លះបែរជាធ្វើឱ្យមានការសោកស្តាយ និងរឿងមិនល្អជាច្រើនដែលទាមទារឱ្យមានការកែសម្រួលឡើង វិញពីសំណាក់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីក្នុងបណ្តាញសង្គម។
ការញៀនអនឡាញចាប់ផ្តើមកើតឡើងដែលធ្វើឱ្យជីវិតមិនអាចខ្វះបាន
បណ្តាញអុីនធើណិតធ្វើឱ្យមនុស្សចាប់ផ្តើមមើលឃើញរឿងរ៉ាវជាច្រើន ហើយរឿងខ្លះបានបានក្លាយជាគំរូប្រកបដោយភាពសោកសៅ តែត្រូវបានមនុស្សធ្វើច្រើនឡើង។ ជាករណីជាក់ស្តែង នៅពេលមនុស្សទាំងឡាយមើលឃើញពីព័ត៌មានថា មានមនុស្សម្នាក់បានស្លាប់ ឬនរណាម្នាក់ធ្វើអត្តឃាតដោយសារតែរឿងណាមួយនោះ ពួកគេចាប់ផ្តើមមើលពីប្រវត្តិ មើលពីការចងចាំ និងរឿងរ៉ាវជាច្រើនផ្សេងទៀតរបស់មនុស្សម្នាក់នោះដែលធ្វើឱ្យពួកគេកោតសរសើរ ហើយបន្ទាប់មកពួកគេក៏ចាប់ផ្តើមជំរុញខ្លួនឯងឱ្យស្ថិតក្នុងអារម្មណ៍បែបនោះ។ ពួកគេអាចនឹកស្រមៃថា នៅពេលពួកគេគ្រប់គ្នាបាត់បង់មនុស្សម្នាក់នោះ ពួកគេនឹងកោតសរសើរ ហើយគាត់អាចក្លាយជាមនុស្សដែលគេចងចាំជានិច្ច។ គំនិតបែបនេះអាចធ្វើឱ្យយុវវ័យជាច្រើនប្រើប្រាស់បណ្តាញអនឡាញគ្រប់កាលៈទេសៈ ហើយសូម្បីតែការធ្វើអត្តឃាតក៏ពួកគេបង្ហាញតាមបណ្តាញសង្គមដែរ។ គំរូមិនល្អនេះ បានក្លាយជារឿងរ៉ាវអវិជ្ជមានជាច្រើនដល់មនុស្សដទៃទៀត និងអាចធ្វើឱ្យអ្នកដែលមានវិបត្តិផ្លូវចិត្ត ឬមានបញ្ហាក្នុងជីវិតសម្រេចចិត្តខុសដោយជ្រើសរើសយកការធ្វើអត្តឃាតដោយសារតែចង់ឱ្យអ្នកឯទៀតចងចាំរូបខ្លួនទុក។
មានរឿងមួយផ្សេងទៀតដែលធ្វើឱ្យមនុស្សក្លាយជាមនុស្សអវិជ្ជមានដោយសារតែពួកគាត់បានមើលឃើញរឿងមិនល្អជាច្រើនដែលត្រូវបានចែករំលែក។ នៅពេលមនុស្សមើលឃើញរឿងមិនល្អច្រើនជាងរឿងល្អក្នុងជីវិត អារម្មណ៍របស់ពួកគាត់បានដិតដាមជាមួយនឹងរឿងទាំងអស់នោះ ហើយអ្នកខ្លះថែមទាំងអាចជឿថាជីវិតនេះគ្មានន័យទៀតផង។ ការបង្ហាញពីភាពសោកសៅ បង្ហាញពីអារម្មណ៍មិនល្អ និងការជក់ចិត្តជាមួយរឿងមិនល្អក្នុងបណ្តាញសង្គម អាចរុញច្រានមនុស្សឱ្យក្លាយជាអ្នកមានបញ្ហាផ្នែកផ្លូវចិត្ត។
ការរស់នៅក្នុងពិភពអនឡាញមនុស្សជាច្រើនបានរស់នៅក្នុងជីវិត2 គឺជីវិតក្នុងបណ្តាញសង្គម និងជីវិតពិតជាក់ស្តែង។
មានអ្នកខ្លះ គាត់ព្យាយាមបង្ហាញពីអារម្មណ៍មិនល្អ ឬភាពសោកសៅដើម្បីស្វែងរកមនុស្សដែលយល់ចិត្តគាត់មកជួយប្រឹក្សាយោបល់ដល់គាត់ តែអ្វីដែលគាត់ទទួលបាន គឺផ្ទុយស្រឡះពីការគិតរបស់គាត់។ ការទំនាក់ទំនង និងការរស់នៅក្នុងពិភពបច្ចេកវិទ្យាពេលខ្លះអាចនឹងធ្វើឱ្យយើងក្លាយជាមនុស្សដែលមានទុក្ខសោកកាន់តែខ្លាំង ព្រោះអ្នកដែលផ្ដល់ការប្រឹក្សាដល់យើងនោះ ភាគច្រើនជាមនុស្សដែលមានទុក្ខដូចគ្នា៕