កម្ពុជាជាប្រទេសដែលស្ថិតនៅចំណុចកណ្តាលនៃអាស៊ាន និងជាកន្លែងដែលមានភូមិសាស្ត្រ ក៏ដូចជាមានភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តការធ្វើជំនួញ និងការវិនិយោគ តែទន្ទឹមនឹងលក្ខខណ្ឌល្អប្រសើរនេះ កម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនផងដែរដែលទាមទារឱ្យមានការដោះស្រាយ ជាពិសេសលើបញ្ហាធនធានមនុស្ស។
អ្នកជំនាញផ្នែកធនធានមនុស្សជាច្រើនបានសង្កត់ធ្ងន់លើវិសមភាពនៃការជ្រើសរើសជំនាញកង្វះសាលាបណ្តុះបណ្តាលជំនាញដែលកំពុងមានតម្រូវការខ្ពស់ និងបញ្ហាជាច្រើនផ្សេងទៀតដែលប្រជាជនមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់សម្រាប់ការចូលរួមក្នុងវិស័យទាំងអស់នោះ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជាជាប្រទេសដែលកំពុងមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ព្រោះប្រទេសយើងមានភាពអំណោយផលច្រើនដូចជាអេកូទេសចរណ៍សម្បូរបែប មានភាពទាក់ទាញ និងមានកន្លែងកម្សាន្តប្រណីតៗជាច្រើន។ កម្ពុជាក៏មានផលិត-ផលទេសចរណ៍ជាច្រើនផ្សេងទៀតជុំវិញតំបន់ទេសចរណ៍វប្បធម៌ ដែលមានប្រាសាទបុរាណប្រកបដោយរចនាប័ទ្មល្បីល្បាញជាច្រើននៅលើពិភពលោក។ ជាក់ស្តែងប្រាសាទអង្គរវត្ត និងតំបន់ជាច្រើនផ្សេងទៀតត្រូវបានចាត់ចូលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតដែលអាចរកចំណូលជាច្រើនលានដុល្លារចូលទៅក្នុងកញ្ចប់ថវិកាជាតិ។ ដោយមើលឃើញពីឱកាសដ៏សំខាន់ទាំងអស់នេះ ក្រសួងក៏បានបង្កើនកិច្ចសហការល្អជាមួយវិស័យឯកជនដើម្បីបង្កើនផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប ហើយតភ្ជាប់តំបន់ទេសចរណ៍ដែលនៅឆ្ងាយឱ្យកាន់តែមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ តែអ្វីដែលកម្ពុជាកំពុងប្រឈមគឺកត្តាធានធានមនុស្សក្នុងវិស័យទេសចរណ៍។
ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា៖ “ចំនួនភ្ញៀវទេសចរមកកាន់កម្ពុជាមានកំណើនជារៀងរាល់ឆ្នាំ ស្របពេលដែលប្រទេសយើងមានស្ថិរភាព និងស្ថានភាពអំណោយផលជាច្រើនសម្រាប់ភ្ញៀវទេសចរនៅទូទាំងពិភពលោក ហេតុនេះទាំងវិស័យរដ្ឋ និងឯកជន ចាំបាច់ត្រូវតែពង្រីកផលិតផលទេសចរណ៍ថ្មីៗដើម្បីឱកាន់តែមានភាពទាក់ទាញ”។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងផងដែរថា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញនៅកម្ពុជា អ្វីដែលត្រូវការជាចាំបាច់នោះគឺ ធនធានមនុស្សនៅក្នុងវិស័យនេះ។ កម្ពុជាត្រូវការបន្ថែមសាលាបណ្តុះបណ្តាលជំនាញដល់យុវជនឱ្យបានច្រើននាក់បន្ថែមទៀត ដើម្បីបម្រើការងារនៅក្នុងវិស័យដែលផ្តល់ផលចំណេញយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិនេះ។
នាពេលថ្មីៗនេះជំនាញទេសចរណ៍ត្រូវបានបញ្ជ្រាបចូលជាមួយនឹងមុខវិជ្ជាអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនភាពទាក់ទាញកាន់តែខ្លាំងសម្រាប់យុវជនឱ្យជ្រើសរើសជំនាញទេសចរណ៍ធ្វើជាអាជីពសម្រាប់ចូលរួមអភិវឌ្ឍសង្គមផង និងទទួលបានកម្រិតជីវភាពល្អប្រសើរសម្រាប់ខ្លួនឯងផង។
ទន្ទឹមនឹងវិស័យទេសចរណ៍ វិស័យសំណង់ក៏ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ខ្លាំងផងដែរដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍ និងទាក់ទាញការវិនិយោគនៅកម្ពុជា ព្រោះហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងសោភណភាពអាចជាចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗដែលជំរុញឱ្យមានការមកកម្សាន្ត រស់នៅ និងធ្វើអាជីវកម្មកាន់តែច្រើននៅកម្ពុជា។
បង្ហាញលើគំនិតនេះ សាស្ត្រាចារ្យ សុខ ខុម ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម នៃសាកលវិទ្យាល័យបៀលប្រាយ បានលើកឡើងថា សំណង់ និងស្ថាបត្យកម្មជាផ្នែកដ៏សំខាន់មួយដែលកម្ពុជាកំពុងត្រូវការ ហើយវាកំពុងមានសម្ទុះខ្លាំងនាពេលបច្ចុប្បន្ននេះ។ សព្វថ្ងៃបើទោះបីជាយើងមើលឃើញថា គម្រោងសាងសង់នានាមានការកើនឡើងច្រើនហើយក៏ដោយ តែកម្ពុជានៅត្រូវការគម្រោងជាច្រើនផ្សេងទៀតដើម្បីឆ្លើយតបជាមួយនឹងតម្រូវការសម្រាប់ការរស់នៅ ការកម្សាន្ត សេវាស្នាក់នៅផ្លូវថ្នល់ និងស្ពានធំៗជាច្រើនទៀតដើម្បីដើរឱ្យទាន់ប្រទេសនានាក្នុងតំបន់ និងស្ថានភាពជាក់ស្តែងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច។
លោកសាស្ត្រាចារ្យ សុខ ខុម បានមានប្រសាសន៍ថា៖ “កម្ពុជាយើងត្រូវការអ្នកជំនាញវិស្វកម្មច្រើនណាស់ ហើយកុំគិតថាចំនួននិស្សិតដែលយើងមានសព្វថ្ងៃនេះគ្រប់គ្រាន់។ វាស្ថិតក្នុងចំនួនមួយតែប៉ុណ្ណោះតែយើងនៅត្រូវការច្រើនទៀត ព្រោះទីក្រុងរបស់យើងនៅទូលាយ និងត្រូវការអភិវឌ្ឍបន្ថែមទៀត មិនទាន់ឆ្អែតនៅឡើយទេ។ ទន្ទឹមនឹងនេះតម្រូវការនៃការអភិវឌ្ឍជីវភាពរបស់ប្រជាជននៅតំបន់ជនបទក៏មានការកើនឡើងដែរ”។
លោកសាស្ត្រាចារ្យ សុខ ខុម បានបន្ថែមទៀតថាបន្តិចទៀតការរស់នៅនឹងមានតម្រូវការកាន់តែខ្ពស់ហើយតំបន់អភិវឌ្ឍន៍នឹងខិតទៅជិតតំបន់ជនបទ ដែលធ្វើឱ្យអ្នកនៅតំបន់ជនបទក៏ចាប់ផ្តើមត្រូវការលំនៅឋានដែលមានលក្ខណៈស្តង់ដារ និងមានសោភណភាពល្អដែរ។ លោកសាស្ត្រាចារ្យបញ្ជាក់ផងដែរថាអ្នកណាក៏ស្រឡាញ់ផ្ទះដែរ ហេតុនេះនៅពេលពួកគាត់មានលទ្ធភាព គាត់នឹងចាប់ផ្តើមសាងសង់ ហើយគម្រោងកាន់តែច្រើនឡើងៗនឹងកើតមានឡើងដែលទាមទារឱ្យមានអ្នកជំនាញសាងសង់មាននៅគ្រប់ទីកន្លែង។ ម្យ៉ាងវិញទៀត យើងក៏ត្រូវការអ្នករៀបចំគម្រោងអគារសំខាន់ៗក្នុងទីក្រុងឱ្យមានសោភណភាព និងភាពងាយស្រួលសម្រាប់ទាក់ទាញអ្នកវិនិយោគផងដែរ ព្រោះមុននឹងវិនិយោគ ឬសម្រេចចិត្តមកកម្ពុជា គេតែងតែមើលជាមុនសិនដែរថា កន្លែងនេះមានសុវត្ថិភាពគ្រប់គ្រាន់ដែរឬទេ? មានភាពងាយស្រួល និងផាសុកភាពល្អដែរឬទេសម្រាប់ការស្នាក់នៅយូរអង្វែង?។
ងាកមកវិស័យវិទ្យាសាស្ត្រវិញ ក៏ជាវិស័យសំខាន់មួយក្នុងជំនាញ STEM ដែលត្រូវបានគេមើលឃើញថា មានទីផ្សាខ្លាំងដូចគ្នានៅកម្ពុជា និងជាផ្នែកដែលត្រូវការជាចាំបាច់នៅ 10ឆ្នាំក្រោយ។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អុឹម កុច បានលើកឡើងថា កម្ពុជាពិតជាត្រូវការអ្នកជំនាញជាច្រើនជាពិសេសផ្នែកវិទ្យាសាស្ត្រ ដែលជាផ្នែកដ៏សំខាន់ក្នុងការបង្កើតសមិទ្ធផលថ្មីៗដើម្បីដោះស្រាយបញ្ហារបស់ប្រជាជន។ តាមរយៈអ្នកជំនាញវិទ្យាសាស្ត្រ កម្ពុជានឹងកាន់តែមានភាពទាក់ទាញសម្រាប់ការវិនិយោគ ព្រោះក្រុមហ៊ុនធំៗទាំងអស់ដែលចង់បង្កើតរោងចក្រ ឬចង្វាក់ផលិតកម្មនៅកម្ពុជាសុទ្ធតែត្រូវការជាចាំបាច់នូវធនធានមនុស្សដើម្បីបង្កើតភាពច្នៃប្រឌិត និងរីកចម្រើនដល់ស្ថាប័នរបស់គេ។
ឯកឧត្តម អុឹមកុច បានមានប្រសាសន៍ថា៖ “បន្តិចទៀតប្រទេសយើងនឹងត្រូវអភិវឌ្ឍកាន់តែច្រើន ហើយការប្រកួតប្រជែងក៏កាន់តែខ្លាំងដែរ ហេតុនេះប្រសិនបើយើងមានអ្នកជំនាញច្រើន យើងនឹងអាចកសាងសមិទ្ធផលជាច្រើន បានលឿន ហើយចំណាយតិច”។
អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថាដោយមើលឃើញពីតម្រូវការលើវិស័យសំខាន់ៗទាំងអស់នេះ ក្រសួងអប់រំបានបង្កើតសកម្មភាពជាច្រើនដើម្បីជំរុញឱ្យយុវជនជំនាន់ថ្មីកាន់តែមានសមត្ថភាពងាយស្រួលក្នុងការសិក្សាលើផ្នែកវិទ្យាសាស្ត្រ និងលើកទឹកចិត្តឱ្យចាប់អាជីពនេះកាន់តែច្រើនឡើង៕