ដោយឈរលើគុណភាពល្អ រសជាតិឆ្ងាញ់ និងផលិតឡើងតាមគោលការណ៍ធម្មជាតិគ្មានជាតិគីមី100% បានធ្វើឱ្យផលិតផលបង្គាក្រៀមខ្មែរទទួលបានការគាំទ្រកាន់តែច្រើនឡើងៗនៅលើទីផ្សារ ចាប់តាំងពីទីផ្សារក្នុងប្រទេសដល់ក្រៅប្រទេសរហូតផលិតមិនទាន់សម្រាប់ផ្តត់ផ្តង់ទៅឱ្យអតិថិជននៅលើទីផ្សារគ្រឿងបរិភោគទៀតផង។
លោក ចាន់ រតនៈ ប្រធានគ្រប់គ្រងទូទៅសិប្បកម្មបង្គាក្រៀមស្ទឹងហាវ (ហៅបង្គាតាស្រម៉ូម) ស្ថិតនៅក្នុងភូមិ4 ឃុំទំនប់រលកថ្មី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានមានប្រសាសន៍ថា ដោយសារបង្គាក្រៀមក្នុងសិប្បកម្មរបស់លោកផលិតឡើងតាមគោលការណ៍ធម្មជាតិមិនប្រើថ្នាំគីមីសោះ មិនយកបង្គាក្លាសេមកផលិតដូចសិប្បកម្មមួយចំនួនទៀតនោះ បានធ្វើឱ្យបង្គាក្រៀមនៅក្នុងសិប្បកម្មរបស់លោកទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជា ពិសេសទីផ្សារក្នុងក្រុងភ្នំពេញ និងមានម៉ូយកុម្ម៉ង់យកទៅលក់នៅឯប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ថៃ អូស្ត្រាលី និងអង់គ្លេសទៀតផង។
លោកបន្តថា ប្រទេសវៀតណាម និងប្រទេសថៃចូលចិត្តមកទិញបង្គាក្រៀមដែលផលិតតាមគោលការណ៍ធម្មជាតិពីសិប្បកម្មរបស់លោក ដោយសារមានរសជាតិឆ្ងាញ់មិនប៉ះពាល់សុខភាព និងអាចរក្សាទុកបានយូរឆ្នាំទៀតផង ដោយមួយគីឡូមានតម្លៃចាប់ពី 9ម៉ឺនរៀលទៅដល់ 25ម៉ឺនរៀលក៏មាន។ ចំណែកអាជីវកររបស់យើងវិញ គាត់ចូលចិត្តនាំយកបង្គាក្រៀមពីក្រៅប្រទេសមកលក់នៅប្រទេសយើងវិញ ដោយសារមានតម្លៃទាបជាបង្គាក្រៀមដែលផលិតក្នុងស្រុក តែទោះជាមានតម្លៃទាបជាងបង្គាក្នុងស្រុកក៏ដោយ ក៏វាមិនអាចប្រកួតប្រជែងគ្នាបានដែរ ដោយសារអតិថិជនភាគច្រើនគាត់ចូលចិត្តបង្គាល្អ ទោះជាថ្លៃជាងបន្តិចក៏ដោយ។
គួរបញ្ជាក់ថា សិប្បកម្មបង្គាក្រៀមស្ទឹងហាវ (ហៅបង្គាក្រៀមតាស្រម៉ូម) បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេលប្រហែល 20ឆ្នាំមកហើយដែលមានសមត្ថភាពផលិតជាមធ្យមបានចន្លោះពី 700គីឡូក្រាម ដល់ចំនួន1,000គីឡូក្រាមក្នុងមួយថ្ងៃ និងបានផ្តល់ការងារដល់ពលរដ្ឋខ្មែរបានចំនួន 7នាក់ផងដែរ ហើយបច្ចុប្បន្នដោយសារមានតម្រូវការទីផ្សារកាន់តែខ្ពស់ឡើងៗ បានធ្វើឱ្យការផលិតផ្គត់ផ្គង់នៅលើទីផ្សារពុំគ្រប់គ្រាន់នោះឡើយ ពិសេសក្នុងរយៈពេល 2ឆ្នាំចុងក្រោយនេះដោយសារទិន្នផលបង្គាសមុទ្រមានការធ្លាក់ចុះអ្នកនេសាទដែលធ្លាប់តែផ្គត់ផ្គង់បានច្រើន ឥឡូវធ្លាក់ចុះកាន់តែតិចទៅៗដោយសារកត្តាអាកាសធាតុ ប៉ុន្តែគេរំពឹងថា ទិន្នផលនឹងកើនឡើងវិញក្នុងអំឡុងឆ្នាំខាងមុខ។
លោក ចាន់ រតនៈ ម្ចាស់អាជីវកម្មបង្គាក្រៀមវ័យក្មេងខាងលើបានរៀបរាប់ថា ការផលិតបង្គាក្រៀមមិនមានការលំបាកនោះទេ ដំបូងគ្រាន់តែយកបង្គាស្រស់ដែលទទួលបានពីអ្នកនេសាទមកលាងទឹកសម្អាតដោយទឹកស្អាត រួចទុកឱ្យវាស្រស់ទឹក បន្ទាប់មកយកទៅដាក់ក្នុងឡចំហុយក្នុងរយៈពេលចន្លោះពី15 ទៅ20នាទីដើម្បីឱ្យសាច់វាឆ្អិនល្អ រួចយកមកចាក់សំដិលហាលនៅលើទីលានបេតុងឱ្យវារឹតតែស្ងួតទឹកថែមទៀត ហើយបានកើបយកទៅដាក់ចូលឡសម្ងួតជាលើកចុងក្រោយរយៈពេល2 ទៅ3ម៉ោងទៀត រួចទើបយកចេញមកជម្រះសម្បកវាចេញឱ្យស្អាត និងរើសសំរាម ខ្ចៅ-ខ្យងចេញឱ្យអស់។ ចុងក្រោយទើបយកទៅវេចខ្ចប់ទុកនៅក្នុងបន្ទប់បិទជិតដែលមានសីតុណ្ហភាពត្រជាក់ល្មមចន្លោះពី25ទៅ30អង្សាC ដែលធ្វើឱ្យបង្គាក្រៀមនេះអាចរក្សាទុកបានយូររហូតជាងមួយឆ្នាំ ដោយមិនចាំបាច់ប្រើថ្នាំរក្សាគុណភាព និងអាចទុកបានកាន់តែយូរឆ្នាំទៅទៀតបើសិនជាយកទៅរក្សាទុកនៅក្នុងទូទឹកកក។
គួរបញ្ជាក់ថា សិប្បកម្មបង្គាក្រៀមស្ទឹងហាវ ធ្លាប់ទទួលបានពានរង្វាន់លេខ3 ផ្នែកបច្ចេកទេសកែច្នៃតាមរបៀបធម្មជាតិដែលរៀបចំឡើងដោយក្រសួងកសិកម្មកាលពីឆ្នាំមុន។ ម្ចាស់សិប្បកម្មខាងលើអះអាងថា បើសិនជាអាកាសធាតុអំណោយផល ការផ្គត់ផ្គង់បង្គាស្រស់នឹងមានចំនួនកាន់តែច្រើន លោកនឹងខិតខំផលិតបង្គាក្រៀមនេះ កែប្រែសិប្បកម្មលក្ខណៈគ្រួសារឱ្យក្លាយជាក្រុមហ៊ុនស្តង់ដារដែលឈរលើគុណភាព អនាម័យ និងរសជាតិឆ្ងាញ់ដើម្បីផ្គត់ផ្គង់លើទីផ្សារឱ្យបានកាន់តែច្រើន ហើយនឹងចូលរួមផ្តល់ការងារដល់ប្រជាជនខ្មែរយើងឱ្យបានកាន់តែច្រើនផងដែរក្នុងគោលដៅរួមគ្នាលើកស្ទួយជីវភាពប្រជាជនខ្មែរយើងឱ្យបានកាន់តែប្រសើរឡើងទាំងអស់គ្នា។
គួរជម្រាបដែរថា នៅក្នុងខេត្តព្រះសីហនុកន្លងមកក៏មានសិប្បកម្មផលិតបង្គាក្រៀមច្រើនដែរ ប៉ុន្តែក្រោយមកដោយសារទិន្នផលបង្គាសមុទ្រមានការធ្លាក់ចុះជាបន្តបន្ទាប់ ធ្វើឱ្យសិប្បកម្មមួយចំនួនបានសម្រេចចិត្តបិទទ្វារផ្អាកដំណើរការ ដែលមកទល់បច្ចុប្បន្ននេះមានតែសិប្បកម្មខាងលើ និងសិប្បកម្មមួយចំនួនតូចទៀតប៉ុណ្ណោះដែលនៅបន្តដំណើរការរហូតមកទល់សព្វថ្ងៃ៕