ដោយសារតែសណ្ឋានដីនៅកម្ពុជាមានលក្ខណៈអំណោយផលពីធម្មជាតិបានទាក់ទាញវិនិយោគិនបរទេសក៏ដូចជាក្រុមហ៊ុនក្នុងស្រុកមួយចំនួនមកជួលដីពីរដ្ឋាភិបាលតាមរយៈការធ្វើសម្បទានដីសេដ្ឋកិច្ចដើម្បីធ្វើកសិកម្មផ្សេងៗក្នុងទ្រង់ទ្រាយធំៗក្នុងគោលដៅនាំចេញផលិតផលកសិកម្មចេញទៅក្រៅប្រទេសឱ្យបានកាន់តែច្រើន។
លោក ស្រី វុឌ្ឍី សមាជិកអ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឯកជននានា ទាំងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុកជាច្រើនបានជួយរកចំណូលចូលរដ្ឋបានប្រមាណជាង 6លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ ដែលក្រុមហ៊ុនទាំងនោះ ភាគច្រើនដាំដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម។ ក្រុមហ៊ុនដែលទទួលបានដីសម្បទានពីរដ្ឋ ភាគច្រើនដាំដំណាំកៅស៊ូ ដំណាំស្វាយចន្ទី ដូងប្រេង ដំឡូងមី និងចេកអំបូងលឿង ដែលផលិតផលកសិកម្ម និងកសិឧស្សាហកម្មទាំងនេះ ផលិតឡើងក្នុងគោលដៅនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
លោកបន្តថា ក្រៅពីរកចំណូលចូលរដ្ឋពីការជួលដីហើយ រដ្ឋាភិបាលនៅទទួលបានផលចំណេញពីការដកយកពន្ធថែមទៀត ដូចជាពន្ធអាករលើតម្លៃបន្ថែម ពន្ធលើផលរបរ និងការផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាដើម។ ក្រៅពីនោះក្រុមហ៊ុនដែលទទួលបានដីសម្បទានមានតួនាទីក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានផ្សេងៗ ដូចជាផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងសាលារៀនជាដើម ដែលបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋរស់នៅតាមទីជនបទឱ្យមានភាពប្រសើរឡើង ជាពិសេសការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស ហើយថវិកាដែលទទួលបានពីការលក់ផលិតផលទាំងនោះក៏បានហូរចូលមកប្រទេសកម្ពុជាវិញ ជាការរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាដែរ។
យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងកសិកម្មកាលពីសប្តាហ៍មុនបានឱ្យដឹងថា មកទល់ឆ្នាំ2018នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចសរុបចំនួន 1,178,646ហិកតាទៅដល់ក្រុមហ៊ុនឯកជនសរុបចំនួន 229ក្រុមហ៊ុន នៅទូទាំងប្រទេសដែលក្រុមហ៊ុនទាំងនោះមានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅស្រុក និងក្រុមហ៊ុនសហកម្មសិទ្ធិរវាងអ្នកវិនិយោគក្នុង និងក្រៅប្រទេស។
លោកថា ក្រុមហ៊ុនឯកជនទាំង 229នោះ គឺជាក្រុមហ៊ុនដែលមានសកម្មភាពខ្លាំងក្នុងប្រតិបត្តិការដាំដុះដំណាំកសិកម្មខាងលើ ដែលសរុបផ្ទៃដីដាំដុះរួចរាល់មានចំនួន 438,250ហិកតា និងកំពុងឈូសឆាយផ្ទៃដីចំនួន 515.701ហិកតាទៀតដើម្បីត្រៀមដាំដុះបន្ថែម ដោយបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណជា 64,119នាក់។ ជាមួយគ្នានេះរដ្ឋាភិបាលបានលុបចោលអាជ្ញាប័ណ្ណសម្បទានចំនួន 248ក្រុមហ៊ុន ដោយសារភាពអសកម្ម ក្រោយពីទទួលបានច្បាប់អនុញ្ញាត និងទទួលបានដីសម្បទានសេដ្ឋកិច្ចនេះរួចមក៕