អ្នកសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB (Asian Development Bank) បាននិយាយថា រដ្ឋាភិបាលកម្ពុជាគួរចាប់ផ្តើមបង្កើតស្ថាប័ន និងគោលនយោបាយរបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបានតាមបដិវត្តន៍ឧស្សាហកម្មទី4(4IR)(the fourth industrial revolution)ដែលកំពុងមានឥទ្ធិពលលើគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គមកម្ពុជាក្នុងវិធីដែលពិបាកក្នុងការរំពឹងទុក។
លោក Jayant Menon អ្នកដឹកនាំសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់របស់ ADB បានមានប្រសាសន៍ថា 4IR កំពុងផ្លាស់ប្តូរប្រព័ន្ធសង្គម សេដ្ឋកិច្ច និងនយោបាយតាមវិធីដែលមិនអាចទាយទុកជាមុនបាន។ គ្រប់ទិដ្ឋភាពទាំងអស់នៃសង្គមនឹងត្រូវរងផលប៉ះពាល់ រួមទាំងការងារគំរូពាណិជ្ជកម្ម រចនាសម្ព័ន្ធឧស្សាហកម្មអន្តរកម្ម សង្គម និងប្រព័ន្ធអភិបាលកិច្ច។
ទោះជាយ៉ាងណាក៏ដោយ លោក Menon ក៏បានចង្អុលបង្ហាញដែរថា 4IR បានបង្កើតឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីគេចចេញពីដំណាក់កាលនៃការអភិវឌ្ឍឧស្សាហកម្មតាមបែបប្រពៃណី និងជាដំណើរការមួយត្រូវបានគេស្គាល់ថាជាបច្ចេកវិទ្យាលោតផ្លោះនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសកម្ពុជាដែលខ្វះខាតពលករជំនាញនោះ 4IR នឹងជួយផ្តល់លទ្ធភាពឱ្យអាចទទួលបានបច្ចេកវិទ្យាដែលកំពុងត្រូវបានអភិវឌ្ឍដូចនៅក្នុងប្រទេសដទៃទៀតដែរ។
លោក Menon បានមានប្រសាសន៍ថា “បច្ចេកវិទ្យាថ្មីបាននាំមកនូវភាពល្អប្រសើរឡើងយ៉ាងច្បាស់ទៅលើផលិតភាពប្រាក់ចំណេញ និងនិរន្តរភាពក្នុងវិស័យកសិកម្ម ការផលិត និងសេវាកម្ម”។ លោកបន្តថា 4IR នឹងពង្រីកអតិថិជន កាត់បន្ថយតម្លៃដើមនិងបង្កើនគុណភាពផលិតផល និងសេវាកម្ម។ វានឹងបង្កើតមធ្យោបាយថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងការតភ្ជាប់គ្នារវាងពាណិជ្ជកម្ម និងសេវាកម្មដែលមិនអាចប្រើបានកាលពីពេលមុន។ 4IR អាចមានប្រយោជន៍ជាពិសេសក្នុងការផ្តល់កម្លាំងដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម (MSMEs) ឱ្យបង្កើតបានជាសហគ្រាស និងការងារនៅក្នុងបណ្តាប្រទេសអាស៊ីជាច្រើន។
បណ្ឌិត ចាប សុថារិទ្ធិ អ្នកវិភាគសេដ្ឋកិច្ចបានប្រាប់ឡារ៉ែនពាណិជ្ជថា៖ “កម្លាំងការងារថ្មីនឹងត្រូវការការផ្លាស់ប្តូរនៅក្នុងវិស័យអប់រំ។ កម្ពុជាគួរវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ICT ដែលជាមូលដ្ឋានចាំបាច់ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យា ខណៈដែលអាជីវកម្ម ក៏ត្រូវតែបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តដំណើរការ និងសេវាកម្មឌីជីថលដោយស្វ័យប្រវត្តិ និងតំណភ្ជាប់”។
លោកបណ្ឌិតយល់ថា រដ្ឋាភិបាលត្រូវតែធ្វើកំណែទម្រង់វិស័យអប់រំ និងជំរុញការរៀនសូត្រ ដល់សិស្សនិស្សិតដែលជាយុវជនជំនាន់ក្រោយឱ្យបង្កើនជំនាញយល់ដឹង ដូចជាគណិតវិទ្យា និងវិទ្យាសាស្ត្រដែលនឹងមានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិតថ្មីដែលមានមូលដ្ឋានលើចំណេះដឹង។ លោកបណ្ឌិតយល់ថា៖ “ចំពោះ4IR យើងមិនគួរព្រួយបារម្ភពេកទេ ពីព្រោះវាគ្រាន់តែជានិន្នាការមួយ ហើយខ្ញុំគិតថា យើងមានពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លើយតប”។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថាគ្រប់បណ្តាប្រទេសអាស៊ានទាំងអស់ ឥឡូវនេះកំពុងធ្វើការជាមួយគ្នាដើម្បីទទួលបានផលប្រយោជន៍ពី 4IR រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់“ប្រទេសកម្ពុជានឹងរៀបចំកម្លាំងពលកម្មរបស់ខ្លួនតាមរយៈការអប់រំលើប្រព័ន្ធឌីជីថល និងការលើកទឹកចិត្តដល់ការច្នៃប្រឌិត ប៉ុន្តែដើម្បីទទួលបានជោគជ័យពី4IR យើងក៏ត្រូវការហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលទន់ និងរឹងដែរ។ យើងត្រូវការបណ្តាញអុីនធើណិតចល័តដែលមានតម្លៃថោក យើងត្រូវការកសាងជំនាញអាជីវកម្មរបស់ប្រជាជនយើង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ICT របស់យើងផងដែរ”។
កម្ពុជាអាចចាប់យកកាលានុវត្តភាព ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី4 ឬ 4IR ស្របពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB បានសិក្សារកឃើញថា បដិវត្តន៍នេះនឹងបង្កើនតម្លៃសេដ្ឋកិច្ចដ៏ច្រើនសម្រាប់តំបន់អាស៊ាន។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងទៀតថា កម្ពុជាអាចចាប់យកកាលានុវត្តភាពទាំងឡាយ ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី4នេះ ដោយសារកម្ពុជាមានលក្ខណសម្បត្តិល្អជាច្រើន ដូចជាភាគលាភប្រជាសាស្ត្រ គឺកម្ពុជាកាន់តែសម្បូរនូវធនធានយុវជនប្រកបដោយចំណេះដឹង ហើយអាចស្រូបយកនូវបច្ចេកវិទ្យាឌីជីថលបានលឿន និងការកើនឡើងយ៉ាងលឿននូវការប្រើប្រាស់ទូរស័ព្ទចល័ត រួមជាមួយអត្រាប្រើប្រាស់ខ្ពស់ ការស្រូបយកបច្ចេកវិទ្យាពីការវិនិយោគផ្ទាល់ពីបរទេស និងការធ្វើឌីជីថលភាវូបនីយកម្មយ៉ាងឆាប់រហ័សដែលកំពុងកើតឡើងនៅក្នុងគ្រប់វិស័យដែលសំខាន់។
ឯកឧត្តម វង្សី វិស្សុតបានបន្តថា តាមរយៈបដិវត្តន៍ឧស្សាហកម្មទី4នេះ អាស៊ានមានសក្តានុពលធំធេងក្នុងការជំរុញសក្តានុពលកំណើនសេដ្ឋកិច្ច និងរក្សានូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់តំបន់ តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងបរិបទនៃការកើនឡើងផ្នែកពាណិជ្ជកម្ម និងការផ្លាស់ប្តូរយ៉ាងលឿននៃការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា។
បច្ចុប្បន្នពិភពលោកកំពុងឈានចូលទៅកាន់យុគសម័យនៃបដិវត្តន៍ថ្មីមួយ ឬបដិវត្តន៍ឧស្សាហកម្មទី4 ដែលកំពុងជះឥទ្ធិពលលើការដំណើរការរបស់រដ្ឋាភិបាល ការដំណើការអាជីវកម្ម និងការរស់នៅរបស់មនុស្សជាតិ។ ការវិវឌ្ឍយ៉ាងលឿនផ្នែកបច្ចេកវិទ្យាបាននិងកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសន្តិសុខ ដោយរាប់ចាប់តាំងពីការបើកបរដោយស្វ័យប្រវត្តិ ដ្រូន (Drone) ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) រហូតដល់ការបោះពុម្ព 3D (3D Printing) និងបញ្ញាសិប្បនិម្មិត (Artificial Intelligence) ជាដើម។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា បដិវត្តន៍ឧស្សាហកម្មទី4 នឹងធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធ សេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្ម តាមរយៈ ការកាត់បន្ថយថ្លៃដើម បង្កើនផលិតភាព និងពង្រីកវិមាត្រសេដ្ឋកិច្ចកាន់តែធំតាមរយៈប្រព័ន្ធឌីជីថល ដូចជាការទូទាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។ ក្នុងន័យនេះ ASEAN អាចក្លាយជាទីតាំងជួរមុខនៃការផ្លាស់ប្តូរ តាមរយៈការនាំមុខមុនគេនៃការទទួលយកបច្ចេកវិទ្យាដែលថ្មីបំផុត។
យោងតាមការសិក្សារបស់ ADB បានបង្ហាញថានៅមុនឆ្នាំ2030 បច្ចេកវិទ្យាថ្មីៗនៃបដិវត្តន៍ឧស្សាហកម្មអាចបង្កើនតម្លៃសេដ្ឋកិច្ចដែលមានទំហំពី220 ទៅ625ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចនៃតំបន់ ASEAN ផងដែរ៕