កំណើនសេដ្ឋកិច្ចថេររបស់កម្ពុជាក្នុងអំឡុងពេល 2ទសវត្សរ៍ចុងក្រោយនេះបានអូសទាញវិស័យផ្សេងៗឱ្យមានការកើនឡើងខ្លាំងទៅជាមួយគ្នាផងដែរ ជាពិសេសវិស័យសំណង់អគារខ្ពស់ៗដែលកើតមានកាន់តែច្រើនឡើងៗនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេសកម្ពុជា។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Vtrust Appraisal បានមានប្រសាសន៍ថា ដោយសារកំណើនសេដ្ឋកិច្ចថេរក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះបានធ្វើឱ្យមានតម្រូវការប្រើប្រាស់អគារខ្ពស់កាន់តែច្រើនឡើងសម្រាប់ការស្នាក់នៅរបស់អ្នកវិនិយោគ សម្រាប់ធ្វើជាការិយាល័យបំពេញការងារផ្សេងៗ សម្រាប់ធ្វើជាផ្សារទំនើប និងទិញ-លក់យកប្រាក់ចំណេញជាដើម នេះគឺដោយសារគេសង្កេតឃើញថា វិស័យនេះនៅក្មេងខ្ចីសម្រាប់កម្ពុជា បើធៀបជាមួយប្រទេសជិតខាង ដែលនឹងនៅតែអាចទទួលបានប្រាក់ចំណេញច្រើនត្រឡប់មកវិញនៅពេលអនាគត។
លោកបន្តថា តម្រូវការនៃការប្រើប្រាស់អគារភាគច្រើន គឺជាជនបរទេស ដោយមួយផ្នែកទិញទុកលក់ដើម្បីយកប្រាក់ចំណេញ មួយផ្នែកទិញទុកសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ដោយសារជនបរទេសចូលស្នាក់នៅក្នុងអគារដែលនៅជិតកន្លែងធ្វើការ និងនៅជិតផ្សារងាយស្រួលទិញទំនិញផ្សេង។ អគារខ្ពស់ៗមួយចំនួនទៀត ធ្វើឡើងសម្រាប់ជួលឱ្យជនបរទេសស្នាក់នៅទៅតាមរដូវកាល ឬធ្វើជាសណ្ឋាគារជួលឱ្យទេសចរក្នុង និងក្រៅស្រុកស្នាក់នៅកម្សាន្តក្នុងរយៈពេលខ្លី។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC មានប្រសាសន៍ថា ដោយសារអំណោយផលពីច្បាប់របស់ប្រទេសកម្ពុជាដែលបានលើកទឹកចិត្តដល់ជនបរទេសក្នុងការទិញអគារចាប់ពីជាន់ទី1ឡើងទៅនោះ បានក្លាយជាកត្តាធ្វើឱ្យវិនិយោគិនក្នុង និងក្រៅប្រទេសចាប់ផ្តើមបោះទុនវិនិយោគសំណង់អគារខ្ពស់ៗនេះកាន់តែច្រើនឡើងៗទុកលក់យកចំណេញ និងវិនិយោគធ្វើផ្សារទំនើបៗលំដាប់ថ្នាក់អន្តរជាតិជាដើម។ លោកបន្តទៀតថា ឆ្លងតាមបទពិសោធពីប្រទេសជិតខាង ដំបូងឡើយប្រជាជនគេក៏មិនសូវមានទំនោររស់នៅលើអគារខុនដូខ្ពស់ៗនោះដែរ តែដោយសារកត្តាប្រជាសាស្ត្រ កំណើនប្រជាជនក្នុងរាជធានីចេះតែកើនឡើង បានធ្វើឱ្យមនុស្សចូលទៅរស់នៅក្នុងអគារខ្ពស់មានចំនួនកាន់តែច្រើនឡើងៗ ដែលបទពិសោធនេះហើយបានធ្វើឱ្យពួកគេចាប់ផ្តើមបោះទុនវិនិយោគមកកម្ពុជាដោយរំពឹងថាប្រជាជនកម្ពុជានឹងមានទំនោររស់នៅលើអគារខុនដូខ្ពស់ៗនាពេលអនាគត ដូចនៅប្រទេសផ្សេងទៀតដែរ។
លោកបន្ថែមថា កំណើនអគារខ្ពស់នេះ ក៏តម្រូវឱ្យមានការពង្រីកហេដ្ឋារចនាសម្ព័ន្ធផងដែរ តែបច្ចុប្បន្នរដ្ឋាភិបាលបានពង្រីក និងសាងសង់ផ្លូវស្ទើរអស់លទ្ធភាពទៅហើយ និងបានពង្រីកបណ្តាញសេវាដឹកជញ្ជូនសាធារណៈបន្ថែមទៀតទាំងផ្លូវគោក និងផ្លូវទឹក ដូចជាបន្ថែមសេវារថយន្តក្រុង ផ្លូវរថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ និងសេវាដឹកអ្នកដំណើរតាមផ្លូវទឹកជាដើម ដែលវាជាគោលនយោបាយក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង។
យោងតាមរបាយការណ៍របស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្នុងរយៈពេល 9ខែនៃឆ្នាំ2018នេះ សំណង់អគារខ្ពស់ៗចាប់ពី 5ជាន់ឡើងទៅមានចំនួនដល់ទៅ 92អគារ ដែលចំនួននេះបានជំរុញឱ្យសំណង់អគារបច្ចុប្បន្នមានចំនួនសរុបដល់ទៅ1,088 បើគិតចាប់តាំងពីឆ្នាំ2005មក។ របាយការណ៍ដដែលបានបង្ហាញទៀតថា គិតត្រឹមរយៈពេល 9ខែនៃ ឆ្នាំ2018នេះ ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់សរុប 2,541គម្រោង លើផ្ទៃក្រឡាសំណង់សរុបចំនួន 10.79លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានជាង 4,820លានដុល្លារ ធ្លាក់ចុះជាង14% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2017 ដែលកាលនោះក្រសួងបានផ្ដល់លិខិតអនុញ្ញាតគម្រោងសាងសង់មានចំនួន 2,522គម្រោង លើផ្ទៃក្រឡាសំណង់សរុប 9.14លានម៉ែត្រការ៉េ និងមានទុនវិនិយោគជាង 5,636លានដុល្លារ៕