ដោយសារបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងពេលថ្មីៗនេះបានផ្តល់ភាពជឿនលឿន និងឈានមុខសម្រាប់ធ្វើឱ្យកិច្ចការងារជាច្រើនទទួលបានជោគជ័យក្នុងវិស័យសេវាកម្មនោះ ខាងផ្នែកសេដ្ឋកិច្ចមួយចំនួនក៏រីកចម្រើនទៅជាមួយបច្ចេកវិទ្យានេះដែរ។ ការទទួលយកសេវាហិរញ្ញវត្ថុកាន់តែច្រើនបានធ្វើឱ្យប្រទេសកម្ពុជាបោះជំហានយ៉ាងល្អឆ្ពោះទៅរកការដាក់បញ្ចូលហិរញ្ញវត្ថុទៅក្នុងបច្ចេកវិទ្យានាទសវត្សរ៍ចុងក្រោយនេះ។
អ្នកសេដ្ឋកិច្ចបាននិយាយថា បើនិយាយអំពីឌីជីថល(Digitalization)វាបានផ្តល់អត្ថប្រយោជន៍ដល់អតិថិជនច្រើន។ ទី1-សេវាដែលបង្កើតដោយឌីជីថលមានតម្លៃទាប គឺទាបជាងសេវាកម្មដែលប្រើដោយដៃ។ ទី2-វាមានភាពរហ័ស លឿន និងងាយស្រួលចំពោះអតិថិជន មានន័យថា អតិថិជនចង់ធ្វើប្រតិបត្តិការនៅពេលណាក៏បាន។ ទី3-អតិថិជនមិនបាច់ចំណាយពេលធ្វើដំណើរទៅទីតាំងណាមួយដើម្បីទទួលយកសេវាកម្មដែលគាត់ចង់បានគាត់នោះទេ គាត់អាចធ្វើនៅកន្លែងណាក៏បាន។ នេះគឺប្រព័ន្ធឌីជីថល ដែលធ្វើឱ្យការប្រើប្រាស់ក្រដាសស្នាមត្រូវបានកាត់បន្ថយ។
ពីមុន ក្រុមហ៊ុនមួយចំនួនបានធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយអត្រាការប្រាក់ខ្ពស់ ដោយសារតែតម្លៃនៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់ខ្ពស់ដែរ ព្រោះគាត់ត្រូវចំណាយច្រើនទៅលើក្រដាសស្នាម letter head និងលិខិតស្នាមផ្សេងៗ ប៉ុន្តែឥឡូវគាត់ងាកមកប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុ ធ្វើឱ្យតម្លៃដើមក្នុងការធ្វើប្រតិបត្តិការត្រូវចំណាយតិចជាងមុន ព្រោះគាត់ប្រតិបត្តិការហិរញ្ញវត្ថុក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដូច្នេះតម្លៃអត្រាការប្រាក់របស់គាត់ក៏ត្រូវបានទម្លាក់ចុះទាបទៅតាមហ្នឹងដែរ។ ឧទាហរណ៍ដូចកាលពីមុន ការផ្ញើ ឬវេរប្រាក់ជាដើម អតិថិជនមានក្តីបារម្ភច្រើនពីការដែលអាចបាត់បង់ និងពុំមានសុវត្ថិភាព ព្រោះការផ្ញើ ឬវេរប្រាក់ទាំងនោះត្រូវធ្វើតាមរយៈឈ្មួញកណ្តាល ឬតាមធនាគារដែលមានការលំបាក(ព្រោះមានតែនៅតាមទីប្រជុំជន)និងមានតម្លៃសេវាខ្ពស់ ប៉ុន្តែបច្ចុប្បន្នតាមរយៈប្រព័ន្ធបច្ចេកវិទ្យា គេអាចលុបបំបាត់ក្តីបារម្ភទាំងនោះបាន។
លោក យក់ ចំរើនឫទ្ធិ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងហ្វ័រតេបានផ្ដល់យោបល់អំពីបញ្ហានេះថា៖ “ការបញ្ចូលហិរញ្ញវត្ថុទៅក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុមានមនុស្សកាន់តែច្រើនបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលវាបានផ្តល់ផលប្រយោជន៍ដល់ទាំងសងខាង ទាំងសម្រាប់ក្រុមហ៊ុន និងអតិថិជន”។
លោកអគ្គនាយកបានបញ្ជាក់ថា ពោលគឺទាំងក្រុមហ៊ុន ទាំងអតិថិជនទទួលបានប្រយោជន៍ដូចគ្នា។ ក្រុមហ៊ុនគាត់ធ្វើបច្ចេកវិទ្យាហិរញ្ញវត្ថុ គាត់ទទួលបានឧត្តមភាពក្នុងការប្រកួតប្រជែង និងស្គាល់អតិថិជនគាត់កាន់តែច្បាស់ និងកាត់តម្លៃប្រតិបត្តិការកាន់តែទាប។ ឯអតិថិជនគាត់ទទួលបានសុវត្ថិភាពក្នុងការគ្រប់គ្រងទឹកប្រាក់ មិនខាតពេលវេលា រហ័ស និងព័ត៌មានត្រូវបានបញ្ជូនយ៉ាងលម្អិត លឿន ងាយស្រួល និងមានជម្រើសច្រើន។
លោកបន្តថា លោកយល់ថា ចំពោះអតិថិជនអ្នកប្រើប្រាស់មិនជាលំបាកក្នុងការត្រៀមខ្លួនសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះទេ ដូច្នេះក្រុមហ៊ុនត្រូវតែអភិវឌ្ឍខ្លួនឯងសម្រាប់ការបញ្ចុះបញ្ចូលឱ្យអតិថិជនប្រើប្រាស់ចង្វាក់ផលិតកម្មរបស់ខ្លួន ព្រោះការចំណាយក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុឥឡូវមានតម្លៃទាបបន្តិចហើយ ដោយសារការវិវឌ្ឍនៃបច្ចេកវិទ្យាជាសកលបានឈានទៅមុខឥតឈប់ឈរ។
លោក យុន សុវណ្ណា នាយកប្រតិបត្តិនៃសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)បានឱ្យដឹងថាមកដល់ពាក់កណ្តាលឆ្នាំ2018នេះ មានប្រជាជនកម្ពុជារហូតដល់ជិត 2លាននាក់បានដាក់ប្រាក់សន្សំជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ តួលេខនេះមានកំណើនដោយសារតែអ្នកខ្ចីប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវតែបង្កើតគណនីសន្សំមួយដើម្បីសងប្រាក់មកគ្រឹះស្ថាន ដែលចំនួនទឹកប្រាក់សន្សំនេះនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួនជាង 2ពាន់លានដុល្លារដែរសម្រាប់ប្រតិបត្តិការប្រាក់សន្សំក្នុងស្រុក។
យោងតាមរបាយការណ៍ពាក់កណ្តាលប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា(ឆមាសទី1ឆ្នាំ 2018)វិស័យហិរញ្ញវត្ថុក្នុងស្រុកបានបន្តមានកំណើនដ៏រឹងមាំ ដែលបានកត់សម្គាល់លើឧស្សាហកម្មនាពេលថ្មីៗនេះដោយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានកំណើនឥណទាន និងប្រាក់បញ្ញើ។
ផ្អែកលើរបាយការណ៍នេះប្រាក់បញ្ញើនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានកើនដល់ 5ពាន់លានដុល្លារក្នុងអំឡុងឆមាសដំបូងនៃឆ្នាំ2018 ដែលកើនឡើង 34,2%។ ប្រជាជនកម្ពុជារហូតដល់ 2 លាននាក់បានខ្ចីប្រាក់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោក សុវណ្ណា បាននិយាយថា៖ “តាមពិតការកៀរគរ និងការប្រមូលការដាក់បញ្ចូលហិរញ្ញវត្ថុ ប្រាក់សន្សំក្នុងស្រុកជាអាទិភាពមួយក្នុងវិស័យគ្រឹះស្ថានហិរញ្ញវត្ថុ ពីព្រោះទី1-មានស្ថិរភាពជាង ព្រោះមូលនិធិហិរញ្ញប្បទាននៅក្នុងស្រុកងាយស្រួលជាងការប្រមូលប្រាក់ពីក្រៅប្រទេស។ ទី2-ជំរុញឱ្យមានការកែប្រែទម្លាប់ពីការដាក់ប្រាក់សន្សំដោយខ្លួនឯង មកដាក់ក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុវិញ ព្រោះមានស្ថិរភាព សុវត្ថិភាព និងថែមទាំងទទួលបានការប្រាក់ទៀតផង។ ទី3-ការកេណ្ឌប្រមូលការដាក់បញ្ចូលហិរញ្ញវត្ថុក្នុងស្រុក ក្រៅពីមានស្ថិរភាព សុវត្ថិភាព និងផ្តល់ការប្រាក់ហើយ អតិថិជននឹងបានទទួលនូវការកាត់បន្ថយថ្លៃដំណើរការតម្លៃដើម និងពន្ធថែមទៀត។
លោកមានប្រសាសន៍ថា៖“បានន័យថា បើបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ ប្រជាជនកម្ពុជាកាន់តែច្រើនបានប្រើប្រាស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារផ្លូវការសម្រាប់ការដាក់បញ្ចូលហិរញ្ញវត្ថុដើម្បីសន្សំប្រាក់ ដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការរកវិធីវិនិយោគប្រកបដោយផលិតភាពនៅក្នុងសេដ្ឋកិច្ច តែយើងក៏ត្រូវការបណ្តុះបណ្តាលឱ្យប្រជាពលរដ្ឋយល់ដឹងអំពីសេដ្ឋកិច្ចឌីជីថលនេះផងដែរ”។
លោកបន្តថា ប៉ុន្តែវាក៏មិនមែនមានភាពងាយស្រួលពេកដែរ ព្រោះក្នុងការប្រើប្រព័ន្ធបច្ចេកវិទ្យារួមទាំងសេដ្ឋកិច្ចឌីជីថលនេះវាទាមទារឱ្យយើងមានហេដ្ឋារចនាសម្ព័ន្ធមួយជាមូលដ្ឋាន ដែលភាគច្រើនការបង្កើតឱ្យមានហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដើម្បីទ្រទ្រង់សេដ្ឋកិច្ចឌីជីថលនេះ វាជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ដែលយើងជាវិស័យឯកជនបានចាប់ផ្តើមឈានទៅមុខជាបណ្តើរៗដែរហើយ។
លោកបានថ្លែងបញ្ជាក់ថា ដោយសារតែយើងមានការប្រកួតប្រជែង មានផលិតភាពកាន់តែកើនឡើង និងកាន់តែល្អជាងពី 5ឆ្នាំមុននោះ ការគាំទ្រពីអតិថិជន ការអនុលោមតាមច្បាប់ក៏កាន់តែមានប្រសិទ្ធភាពជាងមុនដែរ ធ្វើឱ្យយើងទទួលបានអត្ថប្រយោន៍បន្ថែមពីការដាក់បញ្ចូលហិរញ្ញវត្ថុ វាមិនមែនផ្តើមតែចំណុចមួយទេ គឺមានកត្តារួមផ្សំច្រើន ការសាងបញ្ញត្តិកម្មដែលល្អប្រសើរ ការអភិវឌ្ឍវិស័យឯកជន ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដើម្បីគាំទ្រនូវកំណើន និងការរីកចម្រើនវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងប្រព័ន្ធបច្ចេកវិទ្យាសេដ្ឋកិច្ចឌីជីថល។ ដូច្នេះក្នុងវិស័យមីក្រូហិរញ្ញវត្ថុ អ្វីដែលអាចសន្និដ្ឋានជាបឋមបានក្នុងការចូលរួមរបស់ធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុ គឺវិស័យនេះមានផលិតភាពខ្លាំងជាងមុន តែក៏ត្រូវតែមានការប្រឹងប្រែងបន្ថែមទៀតដើម្បីយើងអាចទាញយកប្រយោជន៍នៃការចាក់បញ្ចូលហិរញ្ញវត្ថុ ក្នុងប្រព័ន្ធបច្ចេកវិទ្យាសេដ្ឋកិច្ចឌីជីថល៕