ខ្សែប្រយុទ្ធ Haris Seferovic បានបង្ហាញថ្វីជើងជាមួយនឹងការស៊ុតបាល់បញ្ចូលទី 3គ្រាប់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស បានបំពេញការវាយបកដ៏រំភើបមួយដើម្បីផ្តួលក្រុមជម្រើសជាតិបែលហ្ស៊ិក យ៉ាងចាស់ដៃក្នុងលទ្ធផល 5-2 ក្នុងទីក្រុង Lucerne កាលពីថ្ងៃអាទិត្យ និងឈ្នះកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Nations League។
គ្រាប់បាល់ស៊ុតបញ្ចូលទី2គ្រាប់របស់ Thorgan Hazard បានបង្ខំឱ្យក្រុមជម្រើសជាតិស្វ៊ីស ត្រូវការឈ្នះតាមរយៈការរកគ្រាប់បាល់នាំមុខ 2គ្រាប់ ដើម្បីឈានទៅវគ្គបន្តនៃពូល A2 ប៉ុន្តែ ក្រុមម្ចាស់ផ្ទះបានធ្វើការវាយបកយ៉ាងឆាប់រហ័ស ខណៈដែលគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Ricardo Rodriguez និងគ្រាប់បាល់ 2គ្រាប់របស់ Seferovic បានជួយឱ្យពួកគេនាំមុខ 3-2 នៅត្រឹមតង់ទី1។
Nico Elvedi បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ក្រោយពីការបញ្ជូនបាល់របស់កីឡាករ Xherdan Shaqiri នៅនាទី ទី62 ហើយក្រុមរបស់លោក Vladimir Petkovic បានបំពេញជ័យជម្នះដ៏មិននឹកស្មានដល់នៅពេលដែល Seferovic រកបានគ្រាប់បាល់ទី3របស់គេ។
លោក Petkovic គ្រូបង្វឹកនៃក្រុមជម្រើសជាតិស្វ៊ីស បានឱ្យដឹងថា៖ «ខ្ញុំចង់អបអរដល់កីឡាករម្នាក់។ មានការបញ្ចេញប្រតិកម្មផ្នែកស្មារតីដ៏អស្ចារ្យ។ កីឡាករមិនបានបោះបង់ឡើយ។ ពួកគេតែងតែមានការជឿជាក់»។ ក្រោយពីការបញ្ចប់ការប្រកួតដ៏រំភើបនៃយុទ្ធនាការថ្មី Nations League ក្រុមជម្រើសជាតិស្វ៊ីស នឹងលេងការប្រកួតក្នុងជុំផ្តាច់ព្រ័ត្រនៅខែមិថុនា ឆ្នាំក្រោយ រួមជាមួយនឹងក្រុមម្ចាស់ជើងឯកព័រទុយហ្គាល់ និងអង់គ្លេស ខណៈដែលកៅអីចុងក្រោយនឹងធ្លាក់ទៅលើក្រុមជម្រើសជាតិបារាំង ឬហូឡង់ បន្ទាប់ពីការប្រកួតកាត់សេចក្តីនៅរាត្រីនេះ៕
ប្រភពពី៖ Channel News Asia