តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបង្ហោះថា ស្ដេចចាប៉ីដងវែង លោកតាប្រាជ្ញឈួន ដែលល្បីល្បាញក្នុងវិស័យនេះអស់ជាច្រើនឆ្នាំបានទទួលមរណភាពហើយ បើទោះជាលោកត្រូវបានកូនចៅ និងសប្បុរសជន ជ្រោមជ្រែងយកទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រយ៉ាងយកចិត្តទុកដាក់។
នេះជាការបាត់បង់សិល្បករបុរាណដ៍កម្ររបស់ខ្មែរថែមម្នាក់ទៀតហើយ បន្ទាប់ពីសាស្ត្រាចារ្យ និងអ្នកជំនាញផ្នែកបុរាណមួយចំនួន ត្រូវគេឃើញទទួលមរណភាពម្ដងមួយៗ ដោយសារជរាពាធ ស្របគ្នាដែលសិល្បៈទម្រង់បុរាណរបស់អ្នកឯកទេសទាំងនោះមិនត្រូវបានចាប់អារម្មណ៍យកមកបន្តវេណដោយក្មេងៗយុវវ័យ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបង្ហោះមុននេះថា« ទើបទទួលបានដំណឹងពីមរណភាពរបស់លោកតា ប្រាជ្ញឈួន នៅមុននេះបន្តិច ។ លោកទទួលមរណភាពនៅវេលាម៉ោង 1 កន្លះ យប់ចូលថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2018 នេះ ក្នុងជន្មាយុ 82 ចូល 83 វស្សា »។
គួរបញ្ជាក់ដែរថា ការបង្ហោះរបស់លោក បានធ្វើឱ្យម្នាក់ៗមានការស្រយ៉ុតចិត្តយ៉ាងខ្លាំង ដោយសារតែលោកតាប្រាជ្ញ ឈួន គឺអ្នកចាប៉ីដងវែងល្បីល្បាញនៅកម្ពុជា ដែលមធ្វើឱ្យពិភពលោកទទួលស្គាល់សិល្បៈបុរាណមួយនេះថាជារបស់ខ្មែរ។ ការបង្ហោះរបស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ក៏ធ្វើឱ្យលោកទទួលបាននូវការកោតសរសើរពីសំណាក់មហាជនភាគច្រើនផងដែរ ដោយសារតែលោករមែងឈឺឆ្អាល និងចូលរួមលើកស្ទួយពាក់ព័ន្ធនឹងវិស័យសិល្បៈជំនួសឱ្យតួនាទីរបស់ក្រសួងវប្បធម៍ជាប្រចាំនាពេលកន្លងមក ដែលកិច្ចការនេះ គួរតែជានាទីរបស់សាមីក្រសួងវប្បធម៌ច្រើនជាង៕