ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់បានយកឈ្នះលើក្រុមជម្រើសជាតិបារាំងក្នុងយុទ្ធនាការ UEFA Nations League ដើម្បីបញ្ចប់ការមិនស្គាល់ចាញ់របស់ក្រុមម្ចាស់ជើងពិភពលោកមួយនេះត្រឹម 15ប្រកួត និងទម្លាក់ក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ។
ខ្សែបម្រើ GeorginioWijnaldum របស់ក្លិប Liverpool បានស៊ុតបាល់បញ្ចូលទីនៅជិតប្រអប់ទី ក្រោយពីអ្នកចាំទី Hugo Lloris បានសង្គ្រោះបាល់យ៉ាងល្អពីការស៊ុតរបស់កីឡាករ Ryan Babel។ Lloris បានសង្គ្រោះបាល់ជាច្រើន ដើម្បីជួយឱ្យក្រុមខ្លួនគេចផុតពីការរងបរាជ័យ ប៉ុន្តែគ្រាប់បាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Memphis Depay នៅជិតបញ្ចប់ការប្រកួតបានផ្តល់ជ័យជម្នះដល់ក្រុមរបស់ខ្លួនតែម្តង។
ការបញ្ចប់ក្នុងលទ្ធផលស្មើក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃចន្ទខាងមុខនឹងធ្វើឱ្យពួកគេបញ្ចប់ដោយការឈរលេខ1 ក្នុងពូល ហើយការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ1 នេះនឹងជួយឱ្យក្រុមរបស់លោក Ronald Koeman ឈានទៅជុំផ្តាច់ព្រ័ត្រនៃ Nations League នៅខែមិថុនា ឆ្នាំក្រោយ តាមរយៈការបញ្ចប់ដោយការឈរពីលើក្រុមបារាំងដែលត្រូវការត្រឹមតែ 1ពិន្ទុគត់ក្នុងទីក្រុង Rotterdam ដើម្បីដណ្តើមបានលេខ1ក្នុងពូល។
ក្រុមជម្រើសជាតិបារាំងនៅតែអាចបញ្ចប់ដោយការឈរលេខ1ក្នុងពូល ប្រសិនបើក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលនឹងធ្លាក់ទៅកាន់ League B នៃយុទ្ធនាការ Nations League ក្នុងឆ្នាំ2020 ផ្តួលក្រុមជម្រើសជាតិហូឡង់។ ក្រោយពីការដណ្តើមបានជ័យជម្នះ 2-០ របស់ហូឡង់ បាននាំឱ្យអាល្លឺម៉ង់ ធ្លាក់ទៅលេងក្នុងលីកលំដាប់ទី2 លោក Joachim Loew ដែលជាគ្រូបង្វឹកបាននិយាយថា៖ «សម្រាប់យើង លទ្ធផលនេះពិតជារឿងដ៏គួរឱ្យឈឺចាប់ ប៉ុន្តែយើងត្រូវតែទទួលយក»៕
ប្រភពពី៖ Channel News Asia