របាយការណ៍ថ្មីបំផុតពីក្រសួងទេសចរណ៍បានបង្ហាញឱ្យឃើញថា ចំនួនអ្នកទេសចរចិននៅតែបន្តស្ថិតក្នុងលំដាប់កំពូលនៃចំនួនអ្នកទេសចរតាមសញ្ជាតិក្នុងរយៈពេល 9ខែនៃឆ្នាំ2018នេះ ដោយមានចំនួន1,4លាននាក់ដែលបានមកទស្សនាព្រះរាជាណាចក្រកម្ពុជា គិតជាភាគរយគឺ កើនឡើង71%។
ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចំនួន 4,3លាននាក់ ចាប់ពីខែមករា ដល់ខែកញ្ញាកើនឡើង 11,8% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ក្រសួងបានឱ្យដឹងទៀតថា ចំណែកឯភ្ញៀវទេសចរមកពីប្រទេសជិតខាងវិញ បានថយចុះ ក្នុងនោះមានភ្ញៀវទេសចរវៀតណាម 984,000នាក់ ឡាវ 274,592នាក់ និងថៃ 239 ,000 នាក់។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃមុនបានរកឃើញថា អ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូងដែលជាក្រុមភ្ញៀវទេសចរធំជាងគេលំដាប់ទី5 បានធ្លាក់ចុះ13% ពីជិត 296,500នាក់ នៅឆ្នាំ2017 និងមកនៅត្រឹម 223ពាន់នាក់ក្នុងរយៈពេល 9ខែនៃឆ្នាំនេះ។
ចំនួនភ្ញៀវទេសចរមកពី 10ប្រទេសដែលរួមបញ្ចូលទាំងប្រទេសចិន វៀតណាម ឡាវ ថៃ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី បារាំង និងចក្រភពអង់គ្លេសមានចំនួនស្មើនឹង 3.8លាននាក់ ដែលតួលេខនេះបង្ហាញថា បណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសនៅអាស៊ីបូព៌ានៅតែជាប្រភពភ្ញៀវទេសចរភាគច្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
រដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានចំនួន 6,2 លាននាក់ក្នុងឆ្នាំនេះ ដោយក្រសួងទេសចរណ៍បាននិយាយថា ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចបាននូវតួលេខទាំងនោះហើយនៅក្នុងរដូវទេសចរកើនឡើងខ្ពស់បានចាប់ផ្តើមនៅពេលនេះដូច្នេះគេមានជំនឿយ៉ាងមុតមាំថា គោលដៅក្នុងការទទួលបានភ្ញៀវទេសចរដូចការរំពឹងទុកនឹងអាចឈានដល់ ឬអាចកើនលើសហ្នឹងទៀតផង។
របាយការណ៍បានបញ្ជាក់ទៀតថា ការថយចុះនៃអ្នកទេសចរមកពីប្រទេសមួយចំនួនដែលយើងបានសង្កេតឃើញ គឺជាលទ្ធផលនៃការប្រែប្រួលតាមរដូវក្នុងវិស័យនេះ»។ របាយការណ៍បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរចំនួន 4,3នាក់ដែលបានចូលមកកម្ពុជានៅឆ្នាំនេះ មួយចំនួនបានធ្វើឡើងតាមផ្លូវអាកាស ខណៈដែលមួយចំនួនទៀតបានចូលតាមច្រកអន្តរជាតិព្រំដែនគោក និងទឹក។
ជាមួយគ្នានោះដែរ របាយការណ៍ក៏បានរកឃើញថា ចំនួនប្រជាជនកម្ពុជាដែលធ្វើដំណើរទៅបរទេសបានកើនឡើង10% ដែលមានដល់1.4 លាននាក់។
កាលពីឆ្នាំមុន មានភ្ញៀវទេសចរអន្តរជាតិចំនួន 5,6 លាននាក់បានមកទស្សនាកម្ពុជាដែលមានចំនួន 1,2 លាននាក់មកពីប្រទេសចិន៕