ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ដែលប្រជុំដោយកីឡាករយុវជនថ្មីៗបានផ្តួលក្រុមជម្រើសជាតិរុស្ស៊ី យ៉ាងងាយក្នុងលទ្ធផល 3-០ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោក Joachim Loew បានចាប់ផ្តើមដំណើរការនៃការកែសម្រួលផ្សេងៗ ក្រោយពីការជួបភាពត្រដាបត្រដួសក្នុងព្រឹត្តិការណ៍ World Cup កាលពីរដូវក្តៅ ឆ្នាំនេះ។
ខ្សែបម្រើស្លាប Leroy Sane របស់ក្លិប Manchester City និងកីឡាករ Niklas Suele និង Serge Gnabry របស់ក្លិប Bayern Munich បានបំពេញគ្រាប់បាល់ទាំង 3គ្រាប់ក្នុងតង់ទី1 ក្នុងទីក្រុង Leipzig សម្រាប់ក្រុមដែលមានការកែសម្រួលជាថ្មីរបស់លោក Loew។
ខ្សែបម្រើ Gnabry បាននិយាយថា៖ «យើងអាចរីករាយជាមួយនឹងលទ្ធផលនោះ យើងបានស្ថិតក្នុងទម្រង់លេងដ៏កំពូលក្នុងតង់ទី1។ យើងហាក់ស្ថិតក្នុងភាពអវិជ្ជមានបន្តិច ក្រោយពីការសម្រាកតង់ទី1 រួច ប៉ុន្តែយើងដឹងថា យើងនឹងទទួលជ័យជម្នះនេះ។ វាមិនមានបញ្ហាអ្វីឡើយដែលកីឡាករនៅក្នុងក្រុមនេះមានវ័យប៉ុនណានោះ ដូចជា Kai Havertz អ៊ីចឹង រូបគេមានវ័យត្រឹមតែ 19ឆ្នាំ ប៉ុន្តែរូបគេលេងបានយ៉ាងល្អ»។
នេះគឺជាជ័យជម្នះដ៏ធំបំផុតរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ និងជាការបង្ហាញពីទម្រង់លេងដ៏ល្អបំផុតក្នុងឆ្នាំ2018 ជាឆ្នាំដែលពួកគេបានរងបរាជ័យដល់ទៅ 6លើក។ ក្រោយពីការបង្ហាញពីទម្រង់លេងបែបត្រដាបត្រដួសក្នុងរយៈពេល 12ខែចុងក្រោយនេះរួចមក ក្រុមរបស់លោក Joachim Loew បានឆ្លងផុតការលំបាកផ្សេងៗ ដើម្បីមានទម្រង់លេងល្អវិញ៕
ប្រភពពី៖ Channel News Asia