ជើងឯកខ្សែក្រវាត់ពិភពលោក 8ប្រភេទទម្ងន់ Manny Pacquiao នឹងត្រូវប្រកាសពីការប្រកួតការពារខ្សែក្រវាត់ក្នុងទម្ងន់ 66.7គីឡូក្រាម ពីស្ថាប័ន WBA របស់គេជាមួយនឹងកីឡាករ Adrien “The Problem” Broner ក្នុងដំណើរផ្សព្វផ្សាយនៅលើទឹកដីអាមេរិក នៅសប្តាហ៍ក្រោយនេះ។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មាននានា។
ការប្រកួតដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី19 ខែមករា ឆ្នាំ2019 នឹងត្រូវប្រកាសជាផ្លូវការក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទ (ត្រូវនឹងថ្ងៃអង្គារ នៅកម្ពុជា) ក្នុងទីក្រុងញូវយ៉កសប្តាហ៍ក្រោយនេះ។ នេះបើយោងទៅតាមគេហទំព័រ Boxing Scene។ ការប្រកាសនេះ នឹងត្រូវធ្វើឡើងនៅមុនពេលសន្និសីទសារព័ត៌មានមួយផ្សេងទៀតសម្រាប់ការប្រកួតរវាង Pacquiao និង Broner នៅថ្ងៃអង្គារ (ត្រូវនឹងថ្ងៃពុធ) ក្នុងទីក្រុង Los Angeles។
ការប្រកួតជាមួយនឹង Broner គឺជាផ្នែកមួយនៃការខិតខំព្យាយាមរបស់ Pacquiao ក្នុងការទទួលបានការប្រកួតសងសឹកជាមួយនឹងកីឡាករ Floyd Mayweather Jr.។ កីឡាករជំនាញដៃឆ្វេងរូបនេះមានកំណត់ត្រាឈ្នះ 60លើក ចាញ់ 7លើក និងស្មើ 2លើក ក្នុងនោះផ្តួលដៃគូឱ្យសន្លប់ 39លើក។
ក្នុងអាជីពប្រដាល់ដែលបានចាប់ផ្តើមក្នុងឆ្នាំ1995 មកនោះ Pacquiaoនឹងឈានចូលវ័យ 40ឆ្នាំនៅខែធ្នូ ស្របពេលកីឡាករអាមេរិក Broner មានវ័យ 33ឆ្នាំ ចាញ់ 3លើក និងស្មើ 1លើក ក្នុងនោះផ្តួលដៃគូឱ្យសន្លប់ 24លើក។
Pacquiao ដែលជាកីឡាករប្រដាល់តែម្នាក់គត់ដែលឈ្នះខ្សែក្រវាត់ពិភពលោក 8ប្រភេទទម្ងន់ផ្សេងគ្នានោះ បាននិយាយកាលពីខែតុលាថា រូបគេមានភាពច្បាស់លាស់ 90ភាគរយថា រូបគេនឹងប្រកួតជាមួយនឹង Broner ដែលជាអតីតម្ចាស់ខ្សែក្រវាត់ 4ប្រភេទទម្ងន់ផ្សេងគ្នា៕
ប្រភពពី៖ Straits Times