សំរាមជាផ្នែកមួយដ៏ចាំបាច់ដែលត្រូវយកចិត្តទុកដាក់សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហេតុនេះសណ្តាប់ធ្នាប់ និងបរិស្ថានល្អ អាចក្លាយជាចំណុចទាក់ទាញយ៉ាងសំខាន់ដើម្បីធ្វើឱ្យប្រទេសដែលមានសក្តានុពលមួយនេះកាន់តែមានភាពទាក់ទាញសម្រាប់ការធ្វើដំណើរកម្សាន្ត និងការធ្វើអាជីវកម្ម។
ដោយមើលឃើញពីសារៈសំខាន់នៃការគ្រប់គ្រងសំរាមនៅកម្ពុជា ក្រុមអ្នកជំនាញវិស្វកម្ម និងពាណិជ្ជកម្មមួយក្រុមបានចាប់ផ្តើមប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីបង្កើតជាផលិតផលបច្ចេកវិទ្យាទំនើបសម្រាប់គ្រប់គ្រងសំរាម ដែលមានឈ្មោះថា ធុងសំរាមឆ្លាតវៃ ឬ SmartBin Cambodia។ កញ្ញា គឹម ច័ន្ទអម្រឹតវត្តី សហស្ថាបនិក SmartBin Cambodia បានលើកឡើងថា ទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ មានសំរាមរហូតដល់ទៅ 1,200តោនក្នុងមួយថ្ងៃ ហើយបើតាមការប៉ាន់ស្មាន នៅឆ្នាំ2030 សំរាមនៅកម្ពុជាអាចនឹងកើនឡើងដល់ 3,000តោនក្នុងមួយថ្ងៃ ហេតុនេះការគ្រប់គ្រងសំរាម គឺជាផ្នែកដ៏សំខាន់មួយដែលត្រូវតែគិតគូរ ព្រោះបើយើងគ្រប់គ្រងមិនល្អ វានឹងធ្វើឱ្យទីក្រុងដ៏ស្រស់ស្អាតទាំងមូលបាត់បង់សោភណភាព។ ជាក់ស្តែង កត្តាប្រឈមនាពេលបច្ចុប្បន្នក្នុងទីក្រុងភ្នំពេញ គឺកើតមានឡើងដោយសារតែការគ្រប់គ្រងសំរាមនៅមានកម្រិត ព្រោះតំបន់ខ្លះមានសំរាមច្រើនរហូតដល់ហៀរក្រៅធុង ហើយកន្លែងខ្លះទៀត មានសំរាមច្រើនតែគ្មានធុងសំរាមទៅវិញ។ កត្តាទាំងអស់នេះកើតឡើងដោយសារតែបញ្ហាប្រជាជនដែលមិនទាន់យល់ដឹងពីការទុកដាក់សំរាម និងខ្វះការចិត្តទុកដាក់ក្នុងការបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងមិនទាន់មានគោលនយោបាយលើកទឹកចិត្តប្រជាជនឱ្យចេះបែងចែកសំរាម។ កញ្ញា គឹម ច័ន្ទអម្រឹតវត្តី បាននិយាយថា៖ “ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ក្រុមរបស់ខ្ញុំបានបង្កើតធុងសំរាមឆ្លាតវៃ ដើម្បីជួយឱ្យប្រជាជនកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងសំរាម និងលើកទឹកចិត្តឱ្យមានការចូលរួមគិតគូរពីបញ្ហានេះឱ្យបានកាន់តែច្រើនឡើងនៅក្នុងសង្គម”។
កញ្ញា គឹម ច័ន្ទអម្រឹតវត្តី បានលើកឡើងផងដែរថាតាមរយៈធុងសំរាមឆ្លាតវៃនេះ គ្រប់ទីកន្លែងនៅក្នុងទីក្រុងអាចនឹងមានស្ថានភាពល្អប្រសើរឡើង ព្រោះវាជាឧបករណ៍ដែលរួមបញ្ចូលគ្នារវាងគំនិតបច្ចេកវិទ្យា និងគំនិតបរិស្ថាន។ ធុងសំរាមនេះត្រូវបានកែច្នៃ និងគិតគូរយ៉ាងល្អិតល្អន់ពីគំនិតនានាដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកាន់តែងាយស្រួលក្នុងការទុកដាក់សំរាម កាត់បន្ថយភាពខ្ជះខ្ជាយលើការគ្រប់គ្រងសំរាម និងងាយស្រួលកែច្នៃឡើងវិញនូវរបស់របរដែលយើងប្រើប្រាស់រួច។ វាអាចធ្វើឱ្យមនុស្សកាន់តែយល់ដឹងពីតម្លៃនៃការថែរក្សាបរិស្ថាន ហើយលើកស្ទួយដល់មុខមាត់សង្គមឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមនុស្សម្នាក់ៗចាប់ផ្តើមចេះគ្រប់គ្រងសំរាមទៅតាមប្រភេទយ៉ាងច្បាស់លាស់ជារៀងរាល់ថ្ងៃ។
លោក ជិម មិនា ជាវិស្វករអេឡិចត្រូនិក និងជាសហស្ថាបនិក SmartBin Cambodia បានលើកឡើងថា ធុងសំរាមឆ្លាតវៃនេះបំពាក់ដោយបច្ចេកវិទ្យាទំនើបជាច្រើនដែលមានមុខងារសំខាន់ៗ ដូចជាមុខងារគ្រប់គ្រងបរិមាណសំរាមនៅប្រទេសកម្ពុជាកាន់តែមានប្រសិទ្ធភាពជាងមុន ព្រោះវាអាចផ្តល់ទិន្នន័យដល់អ្នកគ្រប់គ្រងសំរាមច្បាស់លាស់ ដែលធ្វើឱ្យអ្នកធ្វើការងារប្រមូលសំរាមអាចដឹងច្បាស់ថា ធុងណាពេញ ហើយធុងណាជិតពេញ។ លើសពីនេះទៅទៀត ធុងសំរាមឆ្លាតវៃក៏មានប្រព័ន្ធសម្រាប់សន្សំពិន្ទុ ដើម្បីប្តូរមកវិញជាវត្ថុអនុស្សាវរីយ៍ និងការបញ្ចុះតម្លៃពីហាងជាដៃគូជាច្រើនរបស់ Smart Bin។ ប្រព័ន្ធនេះត្រូវបានគ្រប់គ្រងតាមរយៈ SmartPhone មានន័យថា ប្រជាជនកម្ពុជាគ្រាន់តែទាញយកកម្មវិធី Smart Bin នៅក្នុងទូរស័ព្ទដៃ បន្ទាប់មកបង្កើតគណនីផ្ទាល់ខ្លួនដើម្បីសន្សំពិន្ទុពីការបោះចោលសំរាម។
លោក ជិម មិនា បាននិយាយថា៖ “វិធីទទួលបានពិន្ទុងាយបំផុត គឺអ្នកទាំងអស់គ្នាគ្រាន់តែបោះចោលសំរាមឱ្យបានត្រឹមត្រូវទៅតាមប្រភេទដូចជា សំបកកំប៉ុងភេសជ្ជៈដែក កំប៉ុងជ័រ ឬដបកែវ និងប្រភេទសំរាមផ្សេងៗទៀត បន្ទាប់មកយើងគ្រាន់តែស្គែន QR Code នៅលើធុងសំរាមដើម្បីទទួលយកពិន្ទុជាការស្រេច”។
អ្នកជំនាញខាងលើបានលើកឡើងផងដែរថា វិធីម្យ៉ាងទៀតប្រសិនបើយើងភ្លេចយកទូរស័ព្ទដៃតាមខ្លួន ក៏យើងអាចមានលេខកូដផ្ទាល់ខ្លួនដើម្បីបញ្ចូលទៅលើធុងសំរាមនោះសម្រាប់ទាញយក
រង្វាន់នៅពេលយើងបោះចោលសំរាមបានផងដែរ។ នៅពេលមនុស្សគ្រប់គ្នាអាចទទួលបានពិន្ទុ ហេតុនេះគាត់អាចនឹងរីករាយក្នុងការរើសសំរាមផ្សេងៗដែលរាយប៉ាយនៅទីសាធារណៈដើម្បីទទួលបានពិន្ទុហើយទម្លាប់នេះអាចនឹងធ្វើឱ្យសង្គមកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត វាក៏ជាឧបករណ៍ម្យ៉ាងដែលអាចជួយឱ្យសង្គមទាំងមូលកាត់បន្ថយចំណាយនិងរយៈពេលក្នុងការគ្រប់គ្រងសំរាម។ ក្រៅពីនេះវាក៏ជាផ្នែកមួយក្នុងការលើកទឹកចិត្តឱ្យមានការកែច្នៃសំរាមសម្រាប់ប្រើឡើងវិញ ដើម្បីចូលរួមចំណែកកាត់បន្ថយសំរាមក្នុងទីលានចាក់សំរាមដែលកំពុងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ននេះ និងឈានទៅដល់ការកាត់បន្ថយហានិភ័យលើសុខភាពរបស់មនុស្សបានយ៉ាងល្អប្រសើរ។
គម្រោង SmartBin Cambodia នេះ ជាគម្រោងបង្កើតឡើងដោយកូនខ្មែរ ដែលទទួលបានជយលាភីលេខ1 ក្នុងកម្មវិធី Techno Innovation Challenge ជាប់ជយលាភីលេខ2 ក្នុងកម្មវិធី French Cambodia Research day និងទទួលបានជយលាភីលេខ3 ក្នុងកម្មវិធី Youth Eco Labs។ SmartBin បច្ចុប្បន្ននេះជាក្រុមនាំមុខគេមួយក្នុងចំណោមក្រុម 3 ចុងក្រោយបំផុតនៃកម្មវិធី Toyota Impact Challenge ដែលនឹងធ្វើបទបង្ហាញចុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី19 ខែមករា ឆ្នាំ2019 ខាងមុខនេះ៕