ក្នុងអំឡុងខែទី7នេះ ទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌នឹងមានប្រមាណ1,200ក្រាម សភាវចម្រើនធំធាត់របស់ទារកក្នុងគភ៌ចាប់ផ្ដើមមានខ្លាញ់នៅក្រោមស្រទាប់ស្បែកហើយ។ ទារកនៅក្នុងគភ៌ចាប់ផ្ដើមចេះជញ្ជក់ម្រាមដៃខ្លួនឯង ចេះយំ ដឹងរសជាតិប្រៃ ជូរ ផ្អែម ហើយថែមទាំងទទួលយកការជំរុញផ្សេងៗបានយ៉ាងល្អ ជាពិសេសការឈឺចាប់ និងពន្លឺភ្លឺៗ ដែលបើសិនជាស្ត្រីមានគភ៌ចាំបាច់ត្រូវប្រសូតនៅក្នុងខែនេះ(ប្រសូតមុនកំណត់) ឱកាសដែលទារកនឹងរស់រានមានជីវិតនឹងមានអត្រាខ្ពស់។
ក្នុងខែទី7 នៃការតាំងគភ៌នឹងមានការប្រែប្រួលផ្សេងៗដែលអនាគតអ្នកម្ដាយអាចមានអារម្មណ៍ដឹងបានដូចតទៅ:
* ទារករើបម្រះកាន់តែខ្លាំងឡើង និងជាប់លាប់ជាងមុនច្រើន។
* មានធ្លាក់-សច្រើនឡើង។
* មានអារម្មណ៍ថាឈឺរាងធ្ងន់ធ្លាក់ទៅក្រោមនៅម្ដុំក្រោមផ្ចិត។
* ទល់លាមកកាន់តែខ្លាំងឡើង។
* ចុក ណែន ឆ្អល់ ដោយសារតែអាហារមិនរំលាយ និងហើមពោះ។
* ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងអាចខ្យល់គមិនស្រួលខ្លួនញឹកញាប់។
* តឹងច្រមុះ អាចមានឈាមហូរចេញមកតាមរន្ធច្រមុះ និងហ៊ឹងត្រចៀកខ្លះ។
* មានឈាមចេញនៅតាមជើងធ្មេញយ៉ាងងាយ ពេលដុសសម្អាតធ្មេញ។
* រមួលក្រពើនៅលើជើង។
* ហើមមុខ ជើង ភ្នែកគោល និងដៃ។
* រមាស់នៅលើស្បែកក្បាលពោះ។
* ឈឺខ្នង។
* សរសៃឈាមត្បៀតនៅលើជើង។
* អាចកើតអាការឫសដូងបាតញឹកញាប់ ឬងាយកើតជាងប្រក្រតី។
* ពិបាកដកដង្ហើម ឬដកដង្ហើមមិនបានវែង។
* គេងមិនលក់ ឬគេងលក់ តែលក់មិនស្កប់។
* ស្បូននឹងបង្រួញខ្លួនញឹកញាប់ តែមិនមានការឈឺចាប់អ្វីទេ។
* អុីកអ៊ាក និងប្រថុយប្រថាននឹងការដួល ដូច្នេះត្រូវប្រយ័ត្នប្រយែងឱ្យមែនទែន។
* អាចមានទឹកដោះពណ៌លឿងៗហូរចេញមកពីក្បាលសុដន់។
* ភ្លេចភ្លាំងច្រើន អារម្មណ៍មិននឹងនរ សមាធិខ្លី។
* វិតក្កកង្វល់ច្រើន។
* មានការចាប់អារម្មណ៍លើភាពជាម្ដាយគេ និងមានការនឹកស្រមៃពាក់ព័ន្ធនឹងកូនកាន់តែច្រើនឡើង។
រឿងដែលគ្រូពេទ្យមើលថែទាំគភ៌ ចង់ឱ្យអ្នកធ្វើក្នុងអំឡុងខែនេះ មានដូចជា…
1. ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។
2. ពិនិត្យមើលជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។
3. ស្ដាប់សំឡេងបេះដូងលោតរបស់កូននៅក្នុងគភ៌។
4. ពិនិត្យមើលទំហំ និងរូបរាងរបស់ស្បូនដោយការពិនិត្យក្បាលពោះ។
5. ពិនិត្យមើលកម្ពស់របស់ស្បូន។
6. ពិនិត្យ និងតាមដានអាការហើមនៅលើដៃ ជើង និងសរសៃឈាមត្បៀតនៅលើជើង។
7. ពិនិត្យមើលក្រែងមានអាការខុសប្រក្រតីផ្សេងៗ។
ហើយរឿងដែលស្ត្រីមានគភ៌ត្រូវមើលថែទាំជាពិសេសក្នុងអំឡុងតាំងគភ៌ខែទី7នេះគឺ ការប្រសូតមុនកំណត់៕