កសិករខ្មែរភាគច្រើនតែងមើលរំលងមុខរបរដាំត្រកួននៅផ្ទះ ហើយចូលចិត្តធ្វើចំណាកស្រុករកការងាររោងចក្រធ្វើវិញ ដោយសារតែគិតថា មុខរបរដាំត្រកួនមិនបានប្រាក់កម្រៃច្រើនដូចធ្វើការងារនៅតាមរោងចក្រដែលទទួលបានប្រាក់ខែប្រចាំ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកប្រកបរបរដាំត្រកួនហាក់មានជីវភាពល្អប្រសើរច្រើនជាងអ្នកចំណាកស្រុកព្រោះថា ត្រកួនមានតម្រូវការនៅលើទីផ្សារជារៀងរាល់ថ្ងៃ ដោយសារគេអាចយកទៅច្នៃធ្វើជាបន្លែ ចម្អិនជាមុខម្ហូបបានច្រើនយ៉ាង មិនថាតែសម្លម្ជូរ ឬឆាជាមួយគ្រឿងក្នុងមាន់ជាដើម ឬគ្រាន់តែយកទៅត្រឡប់ភ្លើងជាមួយខ្លាញ់ ឬជាមួយប្រេងខ្យងក៏វាមានរសជាតិឆ្ងាញ់ទៅហើយ ហើយកាន់តែពិសេសទៀតនោះ បើគេយកទៅដុតមាន់ជ្រលក់ជាមួយទឹកម្រេចក្រូចឆ្មាផង គឺពិតជាមានរសជាតិកាន់តែឆ្ងាញ់ជក់មាត់តែម្តង។
អ៊ំប្រុស ខ្នុរ ខាន់ កសិករដាំត្រកួនម្នាក់ក្នុងចំណោមកសិករជាច្រើនគ្រួសារនៅក្នុងភូមិទួលអំពិល ឃុំក្រាំងយ៉ូវ ខេត្តកណ្តាល បានរៀបរាប់ឱ្យដឹងថា អ្នកភូមិរបស់គាត់ក្រៅពីធ្វើស្រែប្រាំង គឺពួកគាត់មានរបរមួយបន្ថែមទៀត គឺរបរដាំត្រកួនចិន។ លោកអ៊ំបានបន្តថា ក្នុងភូមិរបស់គាត់ មានប្រជាជនជាង 60ភាគរយដែលនាំគ្នាប្រកបរបរដាំត្រកួនចិនបន្ថែម បន្ទាប់ពីធ្វើស្រូវប្រាំង ដោយសាររបរនេះបានជួយឱ្យកសិករមានជីវភាពកាន់តែសមរម្យឡើង ហើយសម្រាប់គ្រួសាររបស់គាត់ផ្ទាល់មានដីប្រមាណ 70អាសម្រាប់ដាំ ដែលពេលប្រមូលផលម្តងៗ អាចលក់បានប្រាក់ពី 2 ទៅ 3លានរៀលដែរ ហើយមានម៉ូយគេមកទិញដល់ផ្ទះទៀតផង។
កសិករខាងលើដដែលក៏បានបន្ថែមដែរថា ត្រកួនចិនងាយស្រួលដាំណាស់ ហើយក៏មិនពិបាកថែទាំដែរ ដោយគ្រាន់តែភ្ជួររាស់ដីទុកចោល 2ថ្ងៃ ហើយបើមានភ្លៀងមិនបាច់ស្រោចទឹក និងទុកចោលក៏បានដែរ ហើយពេលដាំក៏ពុំចាំបាច់លើកជារងដែរ គ្រាន់តែភ្ជួរាស់ដីឱ្យស្អាត រួចសាបគ្រាប់ចោល ហើយស្រោចតែទឹកឱ្យបានដិតដល់ក្នុងមួយថ្ងៃ 3ដងនៅរដូវប្រាំង ហើយបើរដូវរស្សាដែលសម្បូរភ្លៀងវិញ មិនបាច់ស្រោចទឹកក៏មិនអីដែរ និងប្រើរយៈពេលត្រឹម 18ថ្ងៃប៉ុណ្ណោះ នឹងអាចដក ឬច្រូតលក់បានហើយ ដោយមានម៉ូយគេមកម៉ៅដល់ចម្ការតែម្តង។
ឈ្មួញកណ្តាលម្នាក់ឈ្មោះលោក ឆាន ឆុំ បានប្រាប់ថា លោកបានចាប់យករបរម៉ៅចម្ការត្រកួនចិនរបស់កសិករប្រមាណជាង 5ឆ្នាំមកហើយ គឺឱ្យតម្លៃទៅតាមទំហំដី និងទិន្នផលត្រកួនល្អ ឬមិនសូវល្អហើយត្រកួនមានហាងឆេងឡើងចុះ ដូចតែបន្លែដ៏ទៃផ្សេងទៀតដែរ ប៉ុន្តែគ្រាន់បើជាងបន្លែផ្សេងៗបន្តិចព្រោះធ្លាក់ថ្លៃមិនយូរនោះទេ ហើយបានថ្លៃនៅរដូវទឹកសម្រក ខណៈដែលត្រកួនបឹងក៏ចាប់ផ្តើមថមថយផលចុះដែរ។ ឈ្មួញកណ្តាលរូបនេះក៏បានបញ្ជាក់ដែរថា នៅរដូវទឹកដំឡើងនេះ ក្នុង1ថ្ងៃលោកដកតែប្រមាណជាង1តោនប៉ុណ្ណោះ ប៉ុន្តែបើខែប្រាំងវិញលោកអាចដកលក់បានចន្លោះពី 3ទៅ 5តោនឯណោះក្នុង1ថ្ងៃៗ ហើយមិនមែនតែលោកម្នាក់នោះទេដែលចូលមកម៉ៅទិញចម្ការត្រកួននៅក្នុងភូមិនេះ គឺនៅមានអ្នកផ្សេងទៀតក៏មកម៉ៅទិញបន្លែពីកសិករដូចលោកដើម្បីដឹកយកទៅលក់បោះដុំឱ្យម៉ូយនៅឯផ្សារដើមគ និងផ្សារនាគមាស រាជធានីភ្នំពេញដែរ ខណៈដែលអាជ្ញាធរបានស្ថាបនាផ្លូវបេតុងយ៉ាងស្អាតល្អ ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលពីចម្ការទៅកាន់ទីផ្សារ។
លោក សួន សំរិទ្ធី ស្មៀនឃុំក្រាំងយ៉ូវ បានឱ្យដឹងដែរថា នៅទូទាំង 19ភូមិ គឺមានតែភូមិទួលអំពិលនេះហើយដែលមានប្រជាកសិករដាំត្រកួនចិនច្រើនជាងគេ គឺប្រមាណជាង60ភាគរយនៃប្រជាជនសរុប ពោលគឺដាំទាំងរដូវប្រាំង និងដាំទាំងរដូវវស្សា ដោយមិនទុកដីឱ្យទំនេរចោលនោះទេ ហើយក៏បានជួយឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើងដែរ ព្រោះថា ត្រកួនឆាប់ទទួលបានផល ដោយចាប់ពីពេលដាំគិតត្រឹមតែកន្លះខែឬកន្លះខែជាងប៉ុណ្ណោះ កសិករអាចច្រូតកាត់ ឬដកលក់បានហើយ និងថែមទាំងមិនចាំបាច់ចំណាយកម្លាំងពលកម្មច្រើន មិនចំណាយដើមទុនច្រើនដូចបន្លែផ្សេងៗទៀតផង។
លោកថា នៅក្នុងស្រុកស្អាង គឺជាទីតាំងផ្គត់ផ្គង់បន្លែធំជាងគេនៅប្រទេសកម្ពុជា ពិសេសនាំចូលទៅលក់នៅក្នុងទីផ្សារក្រុងភ្នំពេញ នៅម្តុំផ្សារនាគមាស ឬផ្សារដើមគ ដែលជាចំណែកដ៏ធំសម្រាប់ផ្តល់ចំណូលដល់ទាំងកសិករទាំងឈ្មួញ។ លោកថា បន្លែកសិផលក្នុងស្រុកជាបន្លែសុវត្ថិភាព ទោះជាពួកគាត់ប្រើជីគីមីខ្លះៗបាចលើដីដើម្បីឱ្យបន្លែលូតលាស់បានល្អក៏ពិតមែន តែក៏មិនប៉ះពាល់ដល់សុខភាពខ្លាំងដូចបន្លែនាំចូលដែរ ព្រោះថា កសិករគាត់ប្រើជីគីមីមែនពិត ប៉ុន្តែមុនពេលកាត់លក់ គឺគាត់ឈប់បាច់ជីយូរថ្ងៃហើយ ចំណែកបន្លែនាំចូល ជួនកាលគេជ្រលក់ទឹកថ្នាំរក្សាគុណភាពឱ្យទុកបានយូរ មិនងាយខូច ដែលទឹកថ្នាំរក្សាគុណភាពនេះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំង និងផ្ទាល់តែម្តង។
ទោះយ៉ាងណា លោកស្នើដល់កសិករក្នុងមូលដ្ឋានទាំងអស់ត្រូវកាត់បន្ថយការប្រើជីគីមី និងងាកមកដាំបន្លែសរីរាង្គឱ្យបានកាន់តែច្រើនឡើង តាមរយៈការប្រើជីកំប៉ុស ឬជីលាមកសត្វដើម្បីលើកកម្ពស់សុខភាពរបស់គ្រួសារកសិករជាអ្នកដាំផ្ទាល់ ក៏ដូចជាលើកកម្ពស់សុខភាពអ្នកលក់ និងប្រជាជនខ្មែរទាំងមូលដែលជាអ្នកទទួលទានដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រជាជនខ្មែរមានទំនោរងាកមកទទួលទានបន្លែសរីរាង្គខ្លាំងជាងបន្លែមានសារធាតុគីមី ទោះជាត្រូវចំណាយលុយទិញអស់ច្រើនជាងបន្តិចមែន ប៉ុន្តែវាជួយលើកកម្ពស់សុខភាពហើយបើសិនជាមិនគិតពីបញ្ហានេះទេ និងនាំគ្នាចាយវាយបែបរិះថាំទៅលើការទិញបន្លែហូបចុក ហើយទិញតែបន្លែគីមីថោកៗ តែទទួលទានយូរៗទៅនឹងអាចបង្កជាជំងឺផ្សេងដែលធ្វើឱ្យយើងនឹងចំណាយលុយច្រើនទៅឱ្យគ្រូពេទ្យ ឬចាយវាយលើការព្យាបាល៕