ក្លិប Fulham បានតែងតាំងលោកគ្រូបង្វឹកជើងចាស់សញ្ជាតិអ៊ីតាលីលោក Claudio Ranieri ជាអ្នកចាត់ការទូទៅកាលពីថ្ងៃពុធ ក្រោយពីការបណ្តេញលោក SlavisaJokanovic ចេញពីតំណែង ក្នុងកិច្ចខិតខំព្យាយាមដើម្បីគេចផុតពីការធ្លាក់ចេញពីក្របខ័ណ្ឌអង់គ្លេស Premier League។
លោក Jokanovic បានដឹកនាំឱ្យក្រុម Fulham វិលទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសវិញ កាលពីខែឧសភា ឆ្នាំ2018 ប៉ុន្តែ គ្រូបង្វឹកសញ្ជាតិស៊ែប៊ី វ័យ 50ឆ្នាំរូបនេះ បានជួបការលំបាកក្នុងការសម្របខ្លួនក្នុង Premier League។
ក្រោយពីការលេង 12ប្រកួតក្លិប Fulham បានស្ថិតនៅបាតតារាង ដោយមានត្រឹមតែ 5ពិន្ទុគត់ និងឈ្នះ 1ប្រកួតពីការប្រកួតទាំង 12លើកដំបូងរបស់ខ្លួន។ លោក Jokanovic ក្លាយជាអ្នកចាត់ការទូទៅដំបូងគេក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ដែលបានបាត់បង់ការងារ។ លោក Ranieri ដែលបានដឹកនាំឱ្យក្លិប Leicester ឈ្នះពានក្របខ័ណ្ឌ Premier League ដ៏មិននឹកស្មានដល់កាលពីឆ្នាំ2016 នោះ មិនមានការងារធ្វើឡើយ ក្រោយពីត្រូវបានបណ្តេញចេញដោយក្លិប Nantes របស់ក្របខ័ណ្ឌបារាំង Ligue 1 ត្រឹមតែ 1ប្រកួតមុនបញ្ចប់រដូវកាលមុន។
លោក Shahid Khan ប្រធានក្លិប Fulahmបាននិយាយថា លោកបានធ្វើសម្រេចចិត្តនេះទាំងមានការស្ទាក់ស្ទើរ ប៉ុន្តែមានអារម្មណ៍ថា ការផ្លាស់ប្តូរចាំបាច់ត្រូវតែធ្វើ។ លោក Khan បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំមិនបានគិតថា ត្រូវតែធ្វើការប្រកាសនេះទាក់ទងនឹងលោក Slavisa ឡើយ និងមិនចង់ឱ្យមានស្ថានភាពបែបនេះ ដែលខ្ញុំមិនចាំបាច់ត្រូវតែធ្វើ»។
លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែផ្លូវការរបស់យើងនៅរដូវកាលនេះ បានធ្វើឱ្យខ្ញុំត្រូវធ្វើអ្វីដែលខ្ញុំដឹងថា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងពេលវេលាដ៏ស័ក្តិសម សម្រាប់កីឡាករ ក្លិប និងអ្នកគាំទ្ររបស់យើង»៕
ប្រភពពី៖ Straits Times