កីឡាករវាយកូនបាល់ Novak Djokovic ទទួលបានកៅអីរបស់គេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ ATP Finals ហើយនៅពេលដែលកីឡាករមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោករូបនេះ បានយកឈ្នះលើកីឡាករ Alexander Zverev ក្នុងលទ្ធផល 6-4 និង6-1 កាលពីថ្ងៃពុធ។
Djokovic កំពុងតែប្រមាញ់ការឈ្នះពាន ATP Finals ជាលើកទី6 និងជាលើកទី1 ក្នុងព្រឹត្តិការណ៍បិទរដូវកាលដ៏មានកិត្យានុភាពមួយនេះ នៅលើទីលាន O2 Arena ក្នុងទីក្រុងឡុងដ៍ បើគិតចាប់តាំងពីឆ្នាំ2015។ ក្នុងការបង្ហាញខ្លួនជាលើកទី11 របស់គេក្នុងព្រឹត្តិការណ៍ ATP Finals កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ មានសុវត្ថិភាពក្នុងការឈានទៅវគ្គ 4នាក់ចុងក្រោយជាលើកទី8 ក្រោយពីកីឡាករ Marin Cilic បានផ្តួល John Isner ក្នុងលទ្ធផល 6-7 (2/7) 6-3 និង6-4 ក្នុងការប្រកួតគូទី2 កាលពីថ្ងៃពុធ។
Djokovic ដែលបានផ្តួល Isner ក្នុងការប្រកួតបើកឆាកក្នុងពូលរបស់គេនោះ បានជួបលទ្ធផលដ៏រីករាយនៅរយៈពេល 6ខែចុងក្រោយនៃឆ្នាំ2018 ហើយការលើកពាននេះនៅលើច្រាំងនៃទន្លេ Thames នឹងក្លាយជាសមិទ្ធផលដ៏ល្អឥតខ្ចោះក្នុងការបញ្ចប់ឆ្នាំរបស់គេ។ Djokovic នឹងត្រូវជួបជាមួយកីឡាករ Cilic ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលរបស់គេនៅថ្ងៃសុក្រ ស្របពេលដែលកីឡាករ Zverev ដែលបានផ្តួល Cilic ក្នុងថ្ងៃបើកឆាកនៃយុទ្ធនាការ ATP Finals របស់គេ នឹងត្រូវប៉ះជាមួយនឹងកីឡាករ Isner។ កីឡាករវ័យ 31ឆ្នាំរូបនេះ បានរងនូវការវាយប្រហារដោយការលើកឡើងថា រូបគេបានបាត់បង់ការស្រេកឃ្លានជ័យជម្នះ និងបានឆ្លងផុតភាពខ្លាំងបំផុតរបស់ខ្លួនហើយក្រោយពីការរងរបួស និងបញ្ហាផ្ទាល់ខ្លួន បានគំរាមដល់អាជីពរបស់គេកាលពីឆ្នាំ2017៕
ប្រភពពី៖ Channel News Asia