កន្លងមកការទូទាត់ពាណិជ្ជកម្ម រវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករអន្តរជាតិ តែងត្រូវបានដោះដូរជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិនកម្ពុជា និងចិន ភាគីរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាលើកទឹកចិត្តឱ្យមានការទូទាត់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជារូបិយវត្ថុជាតិនៃប្រទេសទាំងពីរ គឺប្រាក់រៀលខ្មែរ និងប្រាក់យន់ចិនក្នុងគោលនយោបាយលើកកម្ពស់ប្រាក់រៀលឱ្យមានការចាយវាយទូលំទូលាយ។
លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទកាលពីសប្តាហ៍មុនថា ការឯកភាពក្នុងការទូទាត់ទំនិញឆ្លងកាត់ព្រំដែន ជារូបិយវត្ថុជាតិរបស់ប្រទេសទាំងពីរ គឺដើម្បីលើកទឹកចិត្តដល់វិនិយោគិន និងផ្តល់ភាពងាយស្រួលក្នុងការទូទាត់សាច់ប្រាក់ទៅវិញទៅមក និងជាគោលនយោបាយលើកកម្ពស់ប្រាក់រៀលឱ្យមានការចាយវាយកាន់តែទូលំទូលាយឡើង។ទោះយ៉ាងណាការទូទាត់នេះ គឺជាការទូទាត់ជាតួលេខដែលធ្វើឡើងទៅតាមប្រព័ន្ធធនាគារ មិនមែនធ្វើការទូទាត់ផ្ទាល់ដៃនោះទេ។ មានន័យថាបើសិនវិនិយោគិនចិន នាំចូលទំនិញ ដូចជាគ្រឿងសំណង់មកទីផ្សារកម្ពុជា ឈ្មួញដែលទទួលទិញប្រចាំនៅកម្ពុជាត្រូវធ្វើការទូទាត់តាមប្រព័ន្ធធនាគារទៅឱ្យវិនិយោគិនចិនជាប្រាក់យន់ ហើយប្រសិនបើវិនិយោគិនកម្ពុជានាំអង្ករទៅកាន់ទីផ្សារចិន អ្នកទទួលទំនិញក្នុងប្រទេសចិនក៏ត្រូវទូទាត់តាមប្រព័ន្ធធនាគារមកឱ្យពាណិជ្ជករខ្មែរយើងជាប្រាក់រៀលវិញដូចគ្នា ខណៈដែលកាលពីឆ្នាំកន្លងទៅ នៅពេលមានការដោះដូរទំនិញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន គឺគេត្រូវទូទាត់គ្នាជាប្រាក់ដុល្លាររួចទើបដូរមកជារូបិយវត្ថុជាតិរៀងៗខ្លួន។
លោកជំទាវមានប្រសាសន៍ថា ការធ្វើដូច្នេះមិនមែនកម្ពុជាលើកទឹកចិត្តឱ្យចិនយកប្រាក់យន់មកចាក់ចូលទីផ្សារកម្ពុជានោះទេ ព្រោះថា ការទូទាត់ជាប្រាក់ដុល្លារបច្ចុប្បន្ន វាមាននិន្នាការមួយលំបាកដោះស្រាយរួចទៅហើយ។ ប៉ុន្តែកម្ពុជាក៏មិនហាមឃាត់ទេសចរចិនមិនឱ្យចាយលុយយន់សម្រាប់ដំណើរកម្សាន្តរបស់គេនៅកម្ពុជានោះដែរ ដូចជាហាងលក់វត្ថុអនុស្សាវរីយ៍ធំៗមួយចំនួននៅក្នុងខេត្តសៀមរាបក៏ទទួលលុយយន់ចិនដែរដើម្បីសម្រួលដល់ការលក់ដូររបស់គេ ហើយចំនួននោះវាមានតិចតួចបំផុត ដោយសារអាជីវករលក់ដូរតូចតាចមិនទទួលយកលុយយន់នោះទេ ព្រោះគាត់មិនសូវស្គាល់ ឬមិនមានការទុកចិត្ត និងពិបាកក្នុងការយកទៅដូរចាយបន្ត ព្រោះគាត់មិនសូវដឹងពីអត្រាប្តូរប្រាក់ពិតប្រាកដដូចប្រាក់ដុល្លារ ដែលមានចាយទូលំទូលាយនៅក្នុងប្រទេសកម្ពុជា រហូតដល់ 90%ទៅហើយបើធៀបជាមួយប្រាក់រៀល។
ករណីនេះមិនមែនធ្វើឡើងតែទ្វេភាគី រវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែប្រទេសក្នុងអាស៊ាន ដូចជាសិង្ហបុរី ម៉ាឡេស៊ី ថៃ ជាដើម ក៏ចង់ទូទាត់ថ្លៃដោះដូរទំនិញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជារូបិយវត្ថុទ្វេភាគីដែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ ដែលកំពុងត្រូវបានចរាចរនៅទូទាំងពិភពលោក ដែលគិតមកដល់បច្ចុប្បន្នប្រាក់ដុល្លារកំពុងចរាចរមានចំនួន 40ភាគរយ ធៀបទៅនឹងរូបិយប័ណ្ណទាំងអស់នៅលើពិភពលោក នេះបើតាមរបាយការណ៍របស់ស្ថាប័នរូបិយប័ណ្ណប្រចាំប្រទេសស្វ៊ីស។ កាលណាយើងរំពឹងតែលើដុល្លារទាំងស្រុង ក៏អាចទទួលរងការប៉ះទង្គិចសេដ្ឋកិច្ច ពីអាមរិកដែរ។ ឧទាហរណ៍បើសិនជាមានសង្គ្រាមពាណិជ្ជកម្មលើពិភពលោកកើតឡើង ហើយប្រាក់ដុល្លារត្រូវមានការបដិសេធឈប់ចាយក្នុងករណីណាមួយក៏នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ ដូច្នេះយើងត្រូវចូលរួមលើកកម្ពស់រូបិយវត្ថុជាតិរបស់យើងទាំងអស់គ្នា។
គួរបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលពិតជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងសង្គមជាតិ។ ប្រាក់រៀលបានជួយលើកស្ទួយសង្គមជាតិ កសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួមជាតិ និងស្មារតីជាតិនិយមនៅក្នុងប្រទេស។ នៅពេលមានការចាយប្រាក់រៀលកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាក៏មានលទ្ធភាពកាន់តែច្រើនដែរក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផលិតកម្ម និងអនិកម្មភាព។ លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខ ត្រូវបានប្រើប្រាស់ក្នុងទីផ្សារ ការចំណាយលើប្រតិបត្តិការក្នុងការប្តូរប្រាក់នឹងត្រូវបានកាត់បន្ថយ។
របាយការណ៍របស់ធនាគារជាតិបានឱ្យដឹងថាកម្ពុជាបាននាំចូលទំនិញពីចិន មានតម្លៃជាទឹកប្រាក់ 5.2ពាន់លានដុល្លារកាលពីឆ្នាំ2017 ក្នុងនោះការទូទាត់ជាប្រាក់យន់ចិន នៅមានទំហំតិចតួចនៅឡើយ ប្រមាណជា 130លានដុល្លារប៉ុណ្ណោះ ខណៈដែលកម្ពុជានាំទំនិញទៅចិនវិញមានតម្លៃជាទឹកប្រាក់ ប្រមាណជា 578លានដុល្លារ ហើយការទូទាត់ជាប្រាក់យន់មានត្រឹមតែ 9ភាគរយប៉ុណ្ណោះ៕