លោក Sven-Goran Eriksson បានចាប់ផ្តើមរជ្ជកាលថ្មីរបស់លោកក្នុងក្រុមជម្រើសជាតិហ្វីលីពីន ជាមួយនឹងជ័យជម្នះ ដោយក្រុមដែលមានរហស្សនាមថា Azkals របស់លោកមួយនេះបានផ្តួលក្រុមជម្រើសជាតិសិង្ហបុរី ក្នុងលទ្ធផល 1-០ ក្នុងការប្រកួតព្រឹត្តិការណ៍ AFF Suzuki Cup វគ្គចែកពូល លើទឹកដីខ្លួនឯង កាលពីថ្ងៃអង្គារ។
ខ្សែបម្រើស្លាប Patrick Reichelt បានរកគ្រាប់បាល់បញ្ចូលទីតែ 1គ្រាប់គត់នោះ នៅនាទីទី78 ដោយរូបគេបានអូសបាល់ផុតខ្សែការពារដល់ទៅ 3នាក់ ក្រោយពីប្រធានក្រុម Phil Younghusband ដែលបង្ហាញខ្លួនជាអន្តរជាតិលើកទី100 បានបញ្ជូនបាល់ពីក្បាលរបស់គេដែលបានមកពីការបញ្ជូនឱ្យពីកីឡាករ James Younghusband ដែលចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងតង់ទី2។
ក្រោយមក ក្រុមជម្រើសជាតិសិង្ហបុរីបានព្យាយាមវាយសម្រុកយ៉ាងខ្លាំងក្លា ដើម្បីផ្តល់ការខកចិត្តដល់ក្រុមម្ចាស់ផ្ទះដែលមានភាគរយគ្រប់គ្រងបាល់ច្រើនជាង ប៉ុន្តែមិនអាចបង្កើតឱ្យមានឱកាសស៊ុតបាល់សំដៅទីសូម្បីតែ 1លើក ឡើយក្នុងតង់ទី1។
ក្រោយពីចប់ការប្រកួតក្នុងពូល B នៅកីឡដ្ឋាន Panaad ក្នុងទីក្រុង Bacolod លោក Eriksson អតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស បាននិយាយថា៖ «មានអារម្មណ៍ថា អស្ចារ្យណាស់ក្នុងការឈ្នះការប្រកួតនៅថ្ងៃបើកឆាកនេះ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងមានបញ្ហាជាច្រើនក្នុងពេលចាប់ផ្តើម ហើយវាពិតជាមិនគួរឱ្យជឿឡើយសម្រាប់ការប្រកួតលើទឹកដីខ្លួនឯងនៅ Panaad ក្នុងការដណ្តើមយកជ័យជម្នះ ហើយជាការយកឈ្នះក្នុងលទ្ធផល 1-០ ដែលផ្តល់នូវអារម្មណ៍ដ៏រំភើបបំផុត។ វាជាការចាប់ផ្តើមដ៏ល្អក្នុង Suzuki Cup»៕
ប្រភពពី៖ Straits Times