មនុស្សជាច្រើនបានយល់ច្រឡំថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺទាល់តែបានសិក្សារៀនសូត្រនៅមហាវិទ្យាល័យ ទើបមានចំណេះដឹងទាំងអស់នេះ ប៉ុន្តែវាមិនមែនដូចការគិតរបស់ពួកគេនោះទេ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទីនេះ ខុសប្លែកពីចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលអ្នករៀននៅសាលា។
ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលជួយឱ្យអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងភាពឆ្លាតវៃក្នុងការប្រើប្រាស់លុយឱ្យបានល្អ៖
1) ទិញសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុមកអាន
ការវិនិយោគលុយរបស់អ្នកទៅលើការទិញសៀវភៅដែលទាក់ទងការអប់រំផ្នែកហិរញ្ញវត្ថុមកអាន នឹងជួយឱ្យអ្នកកាន់តែរីកចម្រើន។ អ្នកអាចចំណាយលុយបន្តិចបន្តូចក្នុងការទិញសៀវភៅផ្នែកនេះមកអាន ប៉ុន្តែអ្នកនឹងចំណេញច្រើនក្រោយពេលអានរួច។
2) អានអត្ថបទផ្សេងៗទាក់ទងនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ
ក្រៅពីការអានសៀវភៅ អ្នកអាចអាននូវអត្ថបទផ្សេងៗដែលគេបានចុះផ្សាយទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ ដូចជាកាសែត ទស្សនាវដ្ដី ជាដើម ដែលអត្ថបទទាំងនោះ ភាគច្រើនត្រូវបានគេចុះផ្សាយទាក់ទងនឹងព្រឹត្តិការណ៍ហិរញ្ញវត្ថុថ្មីៗ ដែលអ្នកអាចស្វែងយល់ពីវាបានបន្ថែមទៀត។
3) ចូលរួមសិក្ខាសិលាបណ្ដុះបណ្ដាល
គ្មានអ្វីដែលល្អប្រសើរជាងការចូលរៀនក្នុងវគ្គសិក្សាជាមួយមនុស្សដែលមានផ្នត់គំនិតដូចអ្នកនោះទេ ពីព្រោះមនុស្សដែលមានផ្នត់គំនិតដូចអ្នក នឹងអាចចែករំលេកនូវចំណងចំណូលចិត្ត រួមជាមួយបទពិសោធន៍ល្អ។ ការចូលរួមវគ្គបណ្ដុះបណ្ដាលគឺជាវិធីសាស្ត្រមួយដ៏ល្អ ព្រោះថាអ្នកធ្វើបទបង្ហាញភាគច្រើនជាមនុស្សមានបទពិសោធន៍ និងមានចំណេះដឹង ហើយអ្នកក៏មានឱកាសបានស្គាល់មនុស្សផ្សេង៕