យោងតាមការប្រកាសគឺលោក ឆាយ បូរ៉ា ប្រធាន និងលោក សែម វិសាល អគ្គលេខាសមាគមភាពយន្តកម្ពុជា បានប្រកាសលាតំណែងគួរឱ្យភ្ញាក់ផ្អើលពីសមាគមមួយនេះ ខណៈដែលអ្នកទាំងពីរកាន់កាប់តំណែងពីការបោះឆ្នោតមិនទាន់ទាំងចង់អណ្ណត្តិផង។
ជាមួយនឹងការលាតំណែង លោកអ៊ិន សុភិន អនុប្រធានសមាគម បានអះអាងថាលោកមិនចង់ឱ្យថ្នាក់ដឹកនាំទាំងពីរដកខ្លួនពីសមាគមដែលត្រូវការកម្លាំងសាមគ្គីមួយនេះទេ។ លោក អ៊ិន សុភិន និយាយថាលោកមិនបានដឹងថាអ្វីជាមូលហេតុដែលធ្វើអោយលោកឆាយ បូរ៉ា ដែលកាន់តំណែងជាប្រធាន និងលោកសែម វិសាល ដែលកាន់តំណែងជាអគ្គលេខាស្រាប់តែណាត់គ្នាសុំចុះចេញពីតំណែងនោះទេ ប៉ុន្តែលោកនៅតែមានអារម្មណ៍យល់ថាមិនចង់បាត់បង់មន្ត្រីសមាគមទាំងពីរដែលសុទ្ធតែធ្លាប់រួមចំណែកជួយដល់សមាគម។
លោកថាអ្នកទាំងពីរបានប្រកាសលាឈប់នៅពាក់កណ្ដាលទី ដោយស្នើឱ្យគណៈកម្មការជ្រើសរើសប្រធានថ្មី និងអគ្គលេខាថ្មី ដែលលោកប្រាប់ថាគឺជារឿងសោកស្ដាយខ្លាំងណាស់ នៅពេលសមាគមទាំងមូលធ្លាប់តែមានអ្នកទាំងពីរជាថ្នាក់ដឹកនាំ ស្រាប់តែសសម្រេចចិត្តបោះបង់។ លោកបដិសេធថា នៅក្នុងសមាគមមានរឿងកាច់កុងគ្នា ឬរឿងប៉ែងជើងគ្នា ដោយក្នុងមួយរយៈចុងក្រោយលោកមិនសូវបានចូលរួមក្នុងសកម្មភាពជួយដល់សមាគម ហើយមិនបានដឹងរឿងស៊ីជម្រៅជុំវិញការប្រកាសលាចេញតំណែងនោះទេ។
គួរបញ្ជាក់ផងដែរថា លោក ឆាយ បូរ៉ា ប្រកាសថាហេតុផលដែលលោកសម្រេចចិត្តលាចេញ គឺដោយសារតែក្នុងតំណែងជាប្រធានកន្លងមក លោកមិនបានធ្វើរឿងឱ្យសម្រេចតាមការចង់បានជាច្រើនដែលធ្វើអោយលោកមិនសូវវស្រឡះក្នុងចិត្ត។ ម្យ៉ាងមកពីលោកមិនចង់ទុកផលិតកម្មដើមត្នោតរបស់លោកឱ្យនៅតែលតោល ទើបលោកសម្រេចចិត្តបោះបង់។ មិនខុសគ្នាដែរលោក សែម វិសាល ម្ចាស់ផលិតកម្មWonderfilm Cambodia ក៏ថ្លែងបញ្ជាក់ដូចគ្នាថាហេតុផលដែលលោកសម្រេចចិត្តដើរចេញ ក៏ដោយសារតែលោកអត់ពេល និងចង់ទុកពេលមើលខុសត្រូវតែលើផលិតកម្មតែមួយមុខ អមដោយការពារជាវេជ្ជបណ្ឌិត្យរបស់លោក ដែលរវល់ដកឃ្លាមិនរួចផង។ យ៉ាងណាមិញ លោកអ៊ិន សុភិន នៅតែចង់ទទូចអោយអ្នកទាំងពីរបន្តតំណែង ដើម្បីឱ្យការងាររបស់សមាគមមួយនេះរលូនទៅមុខ៕