លោក Santiago Solari បច្ចុប្បន្នក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប Real Madrid ជាផ្លូវការ និងបញ្ចប់ពេលវេលារបស់លោកក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ទើបតែត្រូវបានអនុញ្ញាតឱ្យដឹកនាំក្រុមជាបណ្តោះអាសន្នសម្រាប់រយៈពេល 2សប្តាហ៍ មុននឹងក្លិបនេះត្រូវតែសម្រេចចិត្តលើអនាគតរបស់លោក ហើយបច្ចុប្បន្ន ពួកគេបានធ្វើការសម្រេចចិត្តជាផ្លូវការ ក្រោយពីលោក Solari ដឹកនាំក្រុមឱ្យឈ្នះ 4លើកពីការប្រកួតទាំង 4លើក។
បណ្តាញសារព័ត៌មាន ESPN បានចេញផ្សាយថា ក្រោយពីដណ្តើមបានជ័យជម្នះលើក្រុម Celta Vigo កាលពីរាត្រីថ្ងៃអាទិត្យ ក្លិប Real Madrid បានបញ្ជូនកុងត្រាថ្មីរបស់លោក Solari ទៅឱ្យសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ហើយកាសែត MARCA បានប្រកាសពីព័ត៌មាននេះ។
គ្រូបង្វឹករូបនេះបានទទួលសិទ្ធិក្នុងការបន្តដឹកនាំនៅកីឡដ្ឋាន Santiago Bernabeu ក្រោយពីបានផ្តួលក្រុម Melilla, Real Valladolid, Viktoria Plzen និង Celta Vigo បើទោះបីក្លិបយក្សមួយនេះបានសម្រេចចិត្តរួចជាស្រេចនៅមុនពេលការប្រកួតនាកីឡដ្ឋាន EstadioBalaidos កាលពីថ្ងៃអាទិត្យក៏ដោយ។
លោក Solari បានចូលកាន់តំណែងកាលពីថ្ងៃទី29 ខែតុលា ក្នុងកិច្ចសន្យាបណ្តោះអាសន្ន ក្រោយពីការបណ្តេញលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ JulenLopetgui ចេញពីតំណែង។ ចាប់តាំងពីពេលនោះមក គ្រូបង្វឹកវ័យ 42ឆ្នាំរូបនេះ បានដឹកនាំឱ្យក្រុម Real ឈ្នះ 4ប្រកួតពីការប្រកួតទាំង 4លើក ដែលជាការចាប់ផ្តើមដ៏ល្អបំផុតរបស់អ្នកចាត់ការទូទៅម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
ការផ្លាស់ប្តូរនេះ បានធ្វើឱ្យក្រុម Real ដេញតាមពីក្រោយក្រុមកំពុងនាំមុខលើតារាងលីក Barcelona ត្រឹមតែ 4ពិន្ទុគត់ និងកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានទៅកាន់វគ្គ 16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League៕
ប្រភពពី៖ Marca