កីឡាករវាយកូនបាល់ Novak Djokovic បានចាប់ផ្តើមការប្រជែងរបស់គេសម្រាប់ការឈ្នះពាន ATP Finals ជាលើកទី6 តាមរយៈការផ្តួលកីឡាករ John Isner ទាំង 2សិតជាប់ៗគ្នាកាលពីថ្ងៃចន្ទ ក្រោយពីកីឡាករ Alexander Zverev បានកត់ត្រាជ័យជម្នះជាលើកទី6 ជាប់ៗគ្នាពេលប្រកួតជាមួយនឹងកីឡាករ Marin Cilic។
កីឡាករវាយកូនបាល់សញ្ជាតិស៊ែប៊ី ដែលមានចំណាត់ថ្នាក់លេខ1ក្នុងពិភពលោករូបនេះ បានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំនៅលើទីលាន O2 Arena ខណៈដែលរូបគេសម្លឹងរកការបញ្ចប់រដូវកាលនេះប្រកបដោយភាពផ្លែផ្កា ក្រោយពីបានយកឈ្នះក្នុងលទ្ធផល 6-4 និង6-3 ដោយការបង្ហាញពីទម្រង់លេងប្រកបដោយភាពទាក់ទាញ។
ជាមួយនឹងការជួបលទ្ធផលផ្ទុយមួយផ្សេងទៀតរបស់កីឡាករ Roger Federer ដែលបានចាញ់ក្រោមស្នាដៃកីឡាករ Kei Nishikori ក្នុងការប្រកួតបើកឆាកកាលពីថ្ងៃអាទិត្យ Djokovic បានធ្វើឱ្យមានកំហុសត្រឹមតែ 6លើកគត់ និងបានវាយកូនបាល់បានល្អចំនួន 86ភាគរយនៃការវាយសេវារបស់គេ។
រូបគេបានបំបែកស្នៀតប្រកួតរបស់ Isner ក្នុងហ្គេមទី5 នៃសិតទី1 ដើម្បីបង្កើតឱ្យមានការគ្រប់គ្រងយ៉ាងរឹងមាំ និងមិនបានបណ្តោយឱ្យមានការភ្លាត់ស្នៀតកើតមានឡើយ មុននឹងដណ្តើមបានជ័យជម្នះក្នុងរយៈពេលត្រឹមតែ 73នាទីប៉ុណ្ណោះ។
Djokovic បានឱ្យដឹងថា៖ «ការប្រកួតនេះពិតជាអស្ចារ្យណាស់។ ខ្ញុំបានទទួលសេវារបស់ John យ៉ាងល្អក្នុងដំណាក់កាលដែលមិនអាចទៅរួច ប៉ុន្តែខ្ញុំបានស្ថិតក្នុងទីតាំង និងពេលវេលាដ៏ត្រឹមត្រូវ»៕